Home ព័ត៌មានជាតិ នយោបាយ ​ព្រឹកស្អែក​ស...

​ព្រឹកស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន នឹងអញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​​អញ្ជើញធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ព្រឹក​ថ្ងៃទី​០៩​ខែធ្នូ ឆ្នាំ​២០២០​ស្អែក​នេះ​នៅ ភូមិគ្រឹះ​សម្តេច​នាទី​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​យើង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី ៩ ខែ ធ្នូ ២០២០ សម្តេច​អគ្គមហាសេនាបតី​តេ ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី -​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ​ក្នុង​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV)​លើក​ទី​១០ និង កិច្ច ប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ (CLV DTV) លើក​ទី​១១​ដែល​នឹង​រៀបចំឡើង​ស្របពេល​ជា មួយ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី ៩ ។ កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ​នឹងត្រូវ​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ក្រោម​មូលបទ «​ភាពជា​ដៃគូ​ដើម្បី​ការតភ្ជាប់​និង​ភាពរឹងមាំ​» កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩​នឹង​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​និង​នាពេល អនាគត​ជាពិសេស​លើ​វិធី​និង​មធ្យោបាយ​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ACMECS​លើ​គ្រប់​វិស័យ​ដែល​នឹង​ដើរតួនាទី​ជា​ក្របខណ្ឌ​សាមគ្គីភាព​ដ៏ សំខាន់​សម្រាប់​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​និង​ជំរុញ​ការអភិវឌ្ឍ​រួមគ្នា​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ នឹងមាន​ពិធី​ផ្ទេរតំណែង​ប្រធាន​កិច្ចប្រជុំ​កំពូល ACMECS ពី​ប្រទេស​កម្ពុជា​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​១០ ធ្វើឡើង​ក្រោម​មូលបទ «​ការលើកកម្ពស់​ការតភ្ជាប់​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​សមាហរណកម្ម​តំបន់​» នឹង​ពិនិត្យមើល ឡើងវិញ​នូវ​សមិទ្ធផល​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​និង​កំណត់​ទិសដៅ​នាពេល​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ CLMV​ដោយ​ពិចារណា​ទៅលើ​វិបត្តិ សុខភាព​ពិភពលោក​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ និង​ផែនការ​ស្តារ​ប្រទេស​ខ្លួន​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ ។ សហភាព​មី​យ៉ាន់​ម៉ា​នឹង ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​នេះ​នៅពេល​បន្ទាប់​។​

​កិច្ចប្រជុំ​កំពូល CLV លើក​ទី​១១ នឹង​ពិនិត្យឡើងវិញ​ពី​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​ព្រមទាំង​ពិភាក្សា​អំពី​ទិសដៅ​អនាគត​នៃ​កិច្ច សហប្រតិបត្តិការ​នយោបាយ សេដ្ឋកិច្ច​និង​សង្គម រវាង​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ជាពិសេស​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍ​ធនធានមនុស្ស សុខាភិបាល​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​

​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅក្នុង​កិច្ចប្រជុំ​ខាងលើនេះ​រួមមាន​៖​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរ ជាតិ​,​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​,​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular