ប្រែសម្រួលៈវាសនា/ប៉េកាំង៖ ចិនកាលពីថ្ងៃអង្គារបានវាយប្រហាររិះគន់ទណ្ឌកម្មអាម៉េរិកថ្មីទៀតប្រឆាំងនឹងមន្ត្រីរបស់ខ្លួនដែលអាម៉េរិកចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការបង្ក្រាបនៅហុងកុង ដោយបានហៅចំណាត់ការនេះថា«ឆ្កួតនិងថោកទាប»ដែលវានឹងកាន់តែធ្វើអោយទំនាក់ទំនងរវាងមហាអំណាចទាំង២កាន់តែអាក្រក់ថែមទៀត។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិងកំពុងប្រើប្រាស់ពេលវេលានៅសល់តិចតួចទៅរបស់ខ្លួនដើម្បីបង្កើនសម្ពាធលើចិននិងកាលពីថ្ងៃចន្ទបានប្រកាសបង្កកទ្រព្យនិងហាមការធ្វើដំណើរចូលអាម៉េរិកសំរាប់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនចំនួន១៤រូប ដោយសារពួកគេដឹកនាំបង្កើតច្បាប់សន្តិសុខថ្មីដ៏តឹងរឹងមួយសំរាប់អនុវត្តនៅក្រុងហុងកុង។
ចិននិយាយថា ចាំបាច់ត្រូវមានច្បាប់នេះដើម្បីស្តារស្ថិរភាពក្រោយការតវ៉ាប្រឆាំងធំៗរាប់ខែកាលពីឆ្នាំ២០១៩ តែពួកអ្នករិះគន់និយាយថា វាបំផ្លាញសេរីភាពដែលធ្លាប់មាននៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកម៉ៃ ផមផេវ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតំរូវអោយរដ្ឋាភិបាលក្រុងប៉េកាំងទទួលខុសត្រូវចំពោះ«ការវាយប្រហារមិនបន្ទន់ដៃ លើដំណើរការប្រជាធិបតេយ្យរបស់ហុងកុង»តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ជុនយីងបានរិះគន់«ចេតនាថោកទាប»នៃចំណាត់ការនេះដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងច្បាស់ក្រឡែត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ជុនយីង
លោកស្រីបាននិយាយក្នុងសន្និសីទកាសែតមួយថា «រដ្ឋាភិបាលនិងប្រជាជនចិនសម្តែងការតូចចិត្តជាខ្លាំងនិងសូមថ្កោលទោសចរិតថោកទាប ឆ្កួតៗ គ្មានសមហេតុផលនិងច្រឡោះបោះរបស់អាម៉េរិក»។
ក្រសួងការបរទេសក្រោយមកបានកោះហៅភារធារីអាម៉េរិកមកស្តាប់ការពន្យល់បកស្រាយនិងបានព្រមានសងសឹកវិញ។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំហុងកុង លោកស្រីការី ឡាំ និងបានប្រកាសថា ខ្លួននឹងលែងចាត់ទុកមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះនៅដាច់ពីចិនទៀតហើយ។
កាលពីថ្ងៃចន្ទ សភាអាម៉េរិកក៏បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនហុងកុងសំរាប់ទៅរស់នៅអាម៉េរិក ក្រោយមានចំណាត់ការស្រដៀងគ្នាពីកាណាដានិងអង់គ្លេស៕
អ្នកប្រឆាំងតវ៉ាហុងកុងកាន់បដាដើរកាត់ស្ថានកុងស៊ុលអាម៉េរិកប្រចាំហុងកុងក្នុងអំឡុងការតវ៉ាប្រឆាំងកាលពីឆ្នាំ២០១៩