ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃពុធទី៩ ខែធ្នូនេះ វេលាម៉ោង ១២: ៤០ ថ្ងៃលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាជាន់ខ្ពស់មួយ ។ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា នេះគឺជាការចូលរួមក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីលើកទី៥ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី។
ក្នុងឱកាសនោះ លោកស្រីនឹងចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ “មូលដ្ឋានគ្រឹះនៃទំនុកចិត្ត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិឌីជីថល” តាមរយៈប្រព័ន្ធអនឡាញជាមួយបណ្ដាវាគ្មិនផ្សេងៗទៀតមកពីធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) និងតំណាងមកពីក្រុមហ៊ុន SETU។
ចំណុចសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សារួមមាន៖ ១- ទស្សនៈវិស័យក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ២- សកម្មភាពសំខាន់ៗដែលត្រូវអនុវត្តក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ៣- ការរក្សាតុល្យភាពរវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងសេដ្ឋកិច្ចឌីជីថល និង ៤- វិធានការរដ្ឋាភិបាលលើចំណុចពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនេះ៕សរន
លោកស្រី ជា សិរី(រូបខាងឆ្វេង)