ដោយៈសុផានីតា/កោះកុង:នៅឆ្នាំ២០២០នេះសាខាពន្ធដារប្រចាំនៅខេត្តកោះកុងទទួលបានចំណូល៣.០០០លានរៀលពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ចូននិងយានជំនិះគ្រប់ប្រភេទបើទោះបីជាកម្ពុជារងវិបត្តិជំងឺកូវីដ១៩ក៏ដោយ។តួលេខនេះលើសផែនការដែលកំនត់ដោយអគ្គនាយកដ្ឋានពន្ធដារកន្លងទៅ។
លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុងបានបញ្ជាក់កាលពីរសៀលថ្ងៃទី៧ ខែធ្នូថា រយៈពេលខែនៃឆ្នាំំនេះ សាខាពន្ធដារខេត្តកោះកុង និងធនាគារជាដៃគូសហការ ទទួលបានចំណូលសរុបជាង៣.៥២៧លានរៀល ស្មើនឹងចំនួនយានយន្តចំនួន៦.២១១គ្រឿងពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទ។
បើនិយាយតួលេខចំណូលដែលទទួលបាននៅពេលនេះស្មើនឹង៧៨ភាគរយគឺលើសផែនការដែលបានដាក់ចេញដោយអគ្គនាយកដ្ឋានពន្ធដារ១២ភាគរយបើទោះបីជាកម្ពុជារងប៉ះពាល់ដោយសារជំងឺកូវីដ១៩យ៉ាងណាដោយ។
លោក ចំរើន ទូច បញ្ជាក់ទៀតថា កត្តានាំឱ្យមានចំណូលពន្ធលើមធ្យោបាយដឹកជញ្ចូនកើនយ៉ាងដូច្នេះ ព្រោះតែលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានកែទម្រង់រាល់នីតិវិធីដែលស្មុគស្មាញចោលអស់ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវាតាមបែបប្រព័ន្ធបច្ចេកវិទ្យាឆាប់រហ័សទាន់ តម្លាភាព អត្រាកំណើនយានយន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បូកផ្សំនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋពីកាតព្វកិច្ចនឹងបង់ពន្ធផង។
ត្បិតទទួលចំណូលពន្ធលើមធ្យោបាយដឹកជញ្ចូន និងយាន្តជំនិះគ្រប់ប្រភេទលើសផែនការក៏ដោយ ក៏មន្ត្រីសាខាពន្ធដារខេត្តកោះកុង ផាកពិន័យម្ចាស់យានយន្តដែលពុំបានបំពេញកាតព្វកិច្ចជូនរដ្ឋកាលពីឆ្នាំ២០១៩បានចំនួន១៤២លានរៀលផងដែរ។ ចំណែកឯយានយន្តលើកលែងការបង់ពន្ធ រួមមាន៖ ម៉ូតូ រថយន្តសង្គ្រោះបន្ទាន់ រថយន្តយោធា នគរបាល គ្រឿងយន្តកសិកម្ម រថយន្តស្ថានទូត និងរថយន្តដែលប្រើប្រាស់ដោយអង្គការអន្តរជាតិនានា។
បន្ទាប់ពីបូកសរុបចំណូលពន្ធដារនេះហើយ តាមផែនការរបស់អគ្គនាយកដ្ឋានពន្ធដារ គឺសាខាពន្ធដារខេត្តកោះកុង នឹងផ្តើមចុះយុទ្ធនាការពិនិត្យ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលពុំបានបង់ពន្ធចាប់ពីខែមករា ឆ្នាំ២០២១តទៅ។
គួរជម្រាបថា ជាយន្តការពង្រីកវិសាលភាពក្នុងការត្រួតពិនិត្យចំពោះយានយន្តដែលបានបង់ពន្ធពិតប្រាកដ និងមិនបានបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាពិនិត្យQR-Codeលើក្រដាសពន្ធតាមទូរស័ព្ទ ដោយធ្វើឱ្យអ្នកជាប់ពន្ធពុំអាចបិទបាំងព័ត៌មាន ឬគេចវេសបានឡើយ។
បែបនេះក្តី ពុំមែនមានន័យថា សាខាពន្ធដារឈប់ទទួលសេវាបង់ពន្ធប្រភេទនេះទេ ពោលគឺនៅតែទទួលដដែល គ្រាន់តែអ្នកមកបង់ពន្ធរងការផាកពិន័យប៉ុណ្ណោះ ប្រសិនបើកុំឱ្យខាតពេលវលាជាមួយក្រុមមន្ត្រីពន្ធដារពិនិត្យតាមដងផ្លូវជាតិ៕សរន