​ពលរដ្ឋ​ខ្មែរ ចេញចូល​ប្រទេស​ថៃ ជិត​បី​ម៉ឺន​នាក់ តាម​ច្រកទ្វារព្រំដែន​ចាំ​យាម​

2234
ចែករម្លែក

ដោយៈ សុ​ផានី​តា​/​កោះកុងៈ ប្រជាពលរដ្ឋ​ខ្មែរ បាន​ចេញចូល​ទៅកាន់​ប្រទេស​ថៃ ជិត ៣ ម៉ឺន​នាក់តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨​នេះ​។

​ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​បានបញ្ជាក់​ថា​ពល​រដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញចូល​ទៅកាន់​ប្រទេស​ថៃ ភាគច្រើន ពួកគេ​ទៅ​ព្យាបាល​ជំងឺ ដើរលេង​កម្សាន្ត និង​ទំនាក់ទំនង​ជំនួញ​ពាណិជ្ជកម្ម​។​ស្ថានភាព​នៅ​តំបន់​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​ពុំមាន​បញ្ហា​កើតមានឡើង​ទេ​ពោលគឺ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អប្រសើរ​មិនថាតែ​សមត្ថកិច្ច​ឬ​ក្រុម​ប្រជាពលរដ្ឋ​ឡើយ​។ ជាក់ស្តែង ៣​ខែ ឆ្នាំ​២០១៨ នេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ២៨.០០០នាក់ បានចេញ​ចូលទៅ​ប្រទេស​ថៃ បើ​ធៀប​នឹង​ពេល​ដូចគ្នា​កើន​ជាង ២ ម៉ឺន​នាក់​។

​លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម បានឱ្យដឹងនាពេល​ថ្មីៗ​នេះ​ថា មូល​ហេតុដែល​ពួកគាត់​ចេញ​ចូលទៅ​ប្រទេស​ថៃ គឺ​ភាគច្រើន ទៅ​ព្យាបាល​ជំងឺទំនាក់ទំនង​ពាណិជ្ជកម្ម និង​ដើរលេង​កម្សាន្ត តាម​រដូវ​កាល​ទេសចរណ៍​។​

​លោក​បាន​បន្តថា​រាល់​ការចេញចូល​កម្ពុជា​ឬ​ទៅ​ប្រទេស​ថៃ​សមត្ថកិច្ច​ជំនាញ​សុទ្ធតែ​បាន​ត្រួតពិនិត្យ​ឯកសារ យ៉ាង​ត្រឹមត្រូវ​ដូចជា លិខិតឆ្លងដែន និង ប័ណ្ណ​ព្រំដែន (Border pass)​ទើប​អនុញ្ញាត​ឱ្យចេញចូល​បាន​តាម​ច្រកព្រំដែន​។​

​ចំពោះ​ករណី​មាន​ប្រជាពលរដ្ឋ លើកឡើងថា នគរបាល​អន្តោប្រវេសន៍ បាន​ទារលុយ​ពី​ពួកគេ ក្នុង​ម្នាក់​ថ្លៃ​១០០​បាត​ស្មើនឹង​មួយ​ម៉ឺន​រៀល​លើ​ប្រថាប់ត្រា​លិខិតឆ្លងដែន​ត្រូវបាន​ប្រធាន​ច្រកទ្វារ​រូបនេះបដិសេធថា គ្មាន​បញ្ហា​នេះ​កើតមានឡើង​ទេ​។​

​លោក សុវណ្ណ ប៊ុនធឿន បាន​និយាយ «​បើជា​គោលការណ៍ គឺ​គ្មាន​ឱ្យ​សមត្ថកិច្ច​អន្តោប្រវេសន៍ យក​កម្រៃ​សេវា ដែល​យើង​វាយ​ទៅលើ​លិខិតឆ្លងដែន​ហ្នឹង​ទេ ដោយ​មិន​អនុញ្ញាត​ជា​ដាច់​ខាន​ត​។ក៏ប៉ុន្តែ​អាចពាក់ព័ន្ធ​ជាមួយនឹង​ភ្ញៀវ​ទាក់ទង​នឹង​អ្នករត់​ការ​ជា​រឿង​មួយ​ផ្សេង​។​ចំណែកឯ​ប័ណ្ណ​លិខិត​ព្រំដែន ចេញចូល​ផ្សារ​ក្បែរ​ព្រំដែន គឺ​យើង​សម្រួល​ឱ្យ​គាត់ ដូចជា​បងប្អូន​គាត់ មក​ខាង​ថៃ គាត់​អនុញ្ញាត​ឱ្យចូល គាត់​មាន​យក​កម​ម្រៃ នៅលើ​ហ្នឹង​បន្តិចបន្តួច ដើម្បី​បំពេញបែបបទ​ឱ្យ​ពួកគាត់ដោយ​ពួកគាត់​ចូល​តែមួយ​ថ្ងៃ ត្រឹម​ផ្សារ​នេះ​ទេ ជៀសវាង​លំបាក​ធ្វើ Border Pass»​។​

​ទោះបីជា​មានការ​អះអាង​យ៉ាង​ដូច្នេះ​ក្តី កន្លងទៅ ប្រជាពលរដ្ឋ រស់នៅ​ខេត្តកោះកុង​មួយចំនួន បាន​លួចខ្សឹប​ប្រាប់​រស្មី​កម្ពុជា​ថា តំបន់​ច្រកព្រំដែន​ចាំ​យាម តែងមាន​ភាពខុសប្រក្រតី​ជាច្រើន រួមមាន​បញ្ហា​ចរាចរ​ទំនិញគេចពន្ធ ផលិតផល​ហូបចុក ហួស​សុពលភាព​ប្រើប្រាស់ និង​បង្កើត​បក្ខពួក ផ្តល់​សេវា​ធ្វើលិខិត​ផ្សេងៗ​ក្រៅផ្លូវការ​។

​បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ ស្នើ​ដល់​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​នគរ​បាល​អន្តោប្រវេសន៍ ក្រសួង​ពាក់ព័ន្ធ​ពិសេស​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​ចាំបាច់​មាន​វិធានការ​លើ​ក្រុមមន្ត្រីខិលខូច​ទាំងនោះ​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​ការបាត់បង់​ចូល​ថវិកាជាតិ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ជាដើម​។​

​គួរ​ជម្រាប​ដែរ​ថា នៅក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ គិត​ចាប់ពី​ថ្ងៃទី​៥ មេសារហូតដល់​ថ្ងៃទី​១២ មេសា មាន​ពលករ​ខ្មែរ ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ជិត ៧០០ នាក់បានធ្វើ​ដំណើរ​ត្រឡប់​ចូលមក​ទឹកដី​កំណើត តាម​ច្រកទ្វារព្រំដែន​ចាំ​យាម ដើម្បី​អបអរសាទ និង​ធ្វើ​បុណ្យទាន​ជាមួយនឹង​ក្រុមគ្រួសារ​សាច់ញាតិ​។
​បើតាម​មន្ត្រី​ច្រកទ្វារ​ចាំ​យាម តួលេខ​នេះ បាន​ថយចុះ​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ ដោយសារ​ខេត្តកោះកុង មានឱកាស​ការងារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខេត្ត ឬក៏​ពួកគេ​ផ្តើម​ប្រកបការងារ​ផ្សេង នៅក្នុង​ស្រុក​វិញ​៕​មន

ទីតាំងផ្សាយពាណិជ្ជកម្ម