Home ព័ត៌មានជាតិ នយោបាយ សិទ្ធិមនុស្ស​...

សិទ្ធិមនុស្ស​និង​អនុសញ្ញា​បង្ការ​និង​ផ្តន្ទាទោស​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​

ដោយៈ ឆាំង យុ​/ភ្នំពេញៈថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០។​កាលពី​៧២​ឆ្នាំមុន នា​ថ្ងៃទី​៩ ខែធ្នូ អង្គ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​លើ​អនុសញ្ញា​បង្ការ​និង​ផ្តន្ទាទោស​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ (​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា អនុសញ្ញា​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍​)​។ អនុសញ្ញា​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍ គឺជា​សន្ធិសញ្ញា​ដំបូងបង្អស់​ដែល​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ជា​និមិត្តរូប​នៃ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​ដំបូង​បំផុត​ដែល​ត្រូវ​បានអនុម័ត​ដោយ​អង្គការសហប្រជាជាតិ​។ ខណៈដែល​យើង​ចងចាំ​ថ្ងៃកំណើត​នៃ​អនុសញ្ញា​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍ ដោយ​ផ្តោតទៅលើ​អត្ថន័យ​នៃ​ការបង្ការ​និង​ការផ្តន្ទាទោស​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ យើង​គួរតែ​ពិចារណា​ថា​តើ​អនុសញ្ញា​នេះ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​ចំពោះ​សិទ្ធិមនុស្ស និង​ថា​តើ​យើង​គួរ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ក្នុង​កម្រិត​ប៉ុណ្ណា​ទៀត​ដើម្បី​ទទួលបាន​ពិភពលោក​មួយ​ដែល​គ្មាន​អំពើ​ប្រល័យពូជសាសន៍​។​

​អនុសញ្ញា​បង្ការ​និង​ផ្តន្ទាទោស​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ បកស្រាយ​អំពី​វិធី​ដែល​ភាគី​រដ្ឋ​អាច​ផ្ដន្ទាទោស​លើ​អំពើ​ប្រល័យពូជសាសន៍ ដោយ​ការបង្កើត​ច្បាប់​ដែល​ធានា​ឲ្យ​មានការ​កាត់ទោស​ឧក្រិដ្ឋ​ជន​នៃ​អំពើ​នេះ​។ ទោះជា​យ៉ាងណាក៏ដោយ អនុសញ្ញា​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍ មិន​មានចែង​ច្បាស់​អំពី​វិធីសាស្ត្រ​ជាក់លាក់​ដែល​ភាគី​រដ្ឋ​អាចធ្វើ​ឡើង ដើម្បី​បង្ការ​ប្រល័យពូជសាសន៍​នោះទេ​។ ក្នុង​ហេតុផល​ច្រើន កាតព្វកិច្ច​ក្នុងការ​បង្ការ អាច​ប្រឈម​នឹង​ឧបសគ្គ​នានា លើ​ការកំណត់​និង​អនុវត្ត ក៏ប៉ុន្តែ​នេះ​មិនមែន​មានន័យថា​កាតព្វកិច្ច​ខាងលើ​មិនអាច​ប្រព្រឹត្តទៅបាន​នោះឡើយ ហើយ​ផល​ពិបាក​ទាំងនេះ​មិនគួរ​រារាំង​យើង​ចេញពី​ការអនុវត្ត​ជំហាន​នានា​ដែល​អាច​ប្រព្រឹត្តទៅបាន​ក្នុងការ​បង្ការ​អំពើ​ប្រល័យពូជសាសន៍​នោះដែរ​។​

​សេក សាត ហៅ ប្រាក់ អតីត​គណៈ តំបន់​២៥ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​ឃាត់ខ្លួន​និង ឃុំខ្លួន​នៅ​មន្ទីរ​ស​-២១​។ រឿងរ៉ាវ​របស់ សេក សាត បង្ហាញ​អំពី​សាវតារ​ដ៏​ស្មុគស្មាញ​របស់​ជនរងគ្រោះ​ជាច្រើន​ដទៃទៀត​របស់​ខ្មែរក្រហម​។ ក្នុងករណី​ជាច្រើន ជនរងគ្រោះ​គឺជា​កម្មាភិបាល​ខ្មែរក្រហម​។ ការសិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ទាក់ទង​នឹង សេក សាត បង្ហាញថា​គាត់​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​នាក់ ដែល​ចូលរួម​ក្នុង​ចលនា​ខ្មែរក្រហម ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដល់​១៩៧០ ដើម្បី​តស៊ូ​ប្រឆាំងនឹង​ភាពអយុត្តិធម៌​ក្នុងសង្គម​។ នៅ​ចុងបញ្ចប់​គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៧៨​។ ប្រភព​៖ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ទួលស្លែង​/​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ប្ដេជ្ញា​ចំពោះ​គំនិត​មួយ​ដែលថា ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​គឺជា​ការបង្ការ​អំពើ​ប្រល័យពូជសាសន៍​។ ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ គឺ​មិនមែន​មានន័យ​ត្រឹមតែ​ជាការ​សិក្សា​អំពី​ហេតុផល​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យពូជសាសន៍​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​រួមបញ្ចូល​នូវ​ការស្វែងយល់​អំពី​បទពិសោធន៍​របស់​មនុស្ស​ជុំវិញ​វត្តមាន​នៃ​អំពើ​ប្រល័យពូជសាសន៍​។ តើ​បទពិសោធន៍ ជំនឿ ឬ​គំនិត​បែបណា​ដែល​អនុញ្ញាត​ឲ្យ​មនុ​ស្សមាន​ហេតុផល​ក្នុងការ​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​អ្នកដទៃ​ជា​ទង្វើ​ត្រឹមត្រូវ និង​ថា​តើ​បទពិសោធន៍​របស់​បុគ្គ​ល​ស្របគ្នា​ទៅនឹង​កាលៈទេសៈ​និង​ការយល់ឃើញ​របស់​សហ​គម​ន៍ ប្រជាជាតិ និង​អន្តរជាតិ​ជុំវិញ​ព្រឹត្តិការណ៍​ដែល​បង្ក ជំរុញ ឬ​បន្ត​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​ដោយ​របៀប​ណា​?

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មើលឃើញថា​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​និង​ការអប់រំ​ស្ដីពី​សិទ្ធិមនុស្ស​គឺជា​សកម្មភាព​តែមួយ​និង​ដូចគ្នា​។ ចេតនា​ក្នុងការ​សម្លាប់​ឬ​បង្ក​គ្រោះ​ថ្នាក់លើ​ក្រុមមនុស្ស​ណាមួយ គឺ​តែងតែ​ផ្ដើមឡើង​ដោយ​ការផ្តល់​ហេតុផល​ថា​អំពើហិង្សា​ទៅលើ​អ្នកដទៃ​គឺជា​ទង្វើ​ត្រឹមត្រូវ ហើយ​ការផ្តល់​ហេតុផល​បែបនេះ​គឺ​រមែង​ផ្ដើមចេញ​ដោយ​សកម្មភាព​នានា​ក្នុង​បំណង​លុបបំបាត់​ភាពជា​មនុស្ស​លើ​ក្រុមមនុស្ស​ណាមួយ​។ តាមរយៈ​ការសិក្សា​ដោយ​មិន​លម្អៀង​អំពី​ដំណើរការ​នៃ​ការលុបបំបាត់​ភាពជា​មនុ​សុ្ស​នេះ ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​គឺជា​ការសិក្សា​ផ្ទា​ល់ពី​អំពើ​មនុស្សធម៌​និង​អំពើ​អមនុស្សធម៌ ព្រមទាំង​ជាការ​សិក្សា​ដោយ​ប្រយោល​ថា​តើ​សិទ្ធិមនុស្ស​មាន​សារសំខាន់​យ៉ាងដូចម្តេច ក្នុងការ​បង្ការ​វត្តមាន​នៃ​ឧក្រិដ្ឋកម្ម​ដ៏​ឃោ​ឃៅ​បំផុត​។​

​រឿងរ៉ាវ​របស់​បុគ្គល ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្ការ​អំពើ​ប្រល័យពូជសាសន៍ និង​គាំទ្រ​សិទ្ធិមនុស្ស ពីព្រោះថា​រឿងរ៉ាវ​ទាំងនោះ​ផ្ដល់ឱកាស​ឲ្យ​មនុស្ស​អាច​យល់​ដោយផ្ទាល់​អំពី​ស្ថានភាព​របស់​ជនរងគ្រោះ​។ នេះ​ប្រហែលជា​គ្មាន​បរិក្ខារ​អប់រំ​ណាមួយ​ប្រសើរ​ជាង​នេះ ក្នុង​ការផ្ដល់​ចំណេះដឹង ឬ​បង្ហាញ​ពី​លទ្ធផល​នៃ​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ ឬ​ការអប់រំ​ស្ដីពី​សិទ្ធិមនុស្ស ដើម្បី​បណ្តុះ​សេចក្ដី​មេត្តា​នោះឡើយ​។ សេចក្ដី​មេត្តា​បង្អាក់​សកម្មភាព​លុបបំបាត់​ភាពជា​មនុស្ស តាមរយៈ​ការឆ្លុះបញ្ចាំង​ផ្ទាល់ខ្លួន​ចំពោះ​មនុស្សជាតិ​ជារួម​។ នៅពេលដែល​សិស្សានុសិស្ស​វ័យក្មេង ដាក់ខ្លួន​ទៅក្នុង​គំនិត​និង​បទពិសោធន៍​របស់​អ្នក​ដទៃទៀត អ្នក​ទាំងនោះ​មានឱកាស​ទទួលយក​ការយល់ដឹង​ថ្មី (​ឬ​យ៉ាងហោចណាស់​ទស្សនៈ​ថ្មី​) ថា​តើ​អំពើ​ប្រល័យពូជសាសន៍ ឬ​ការបំពាន​សិទ្ធិមនុស្ស អាច​កើតឡើង​យ៉ាងដូចម្តេច​, ដោយ​មូល​ហេតុអ្វី និង​ផលវិបាក​ដ៏​សោកសង្រេង​នៃ​ទង្វើ​ទាំងនេះ​។​

​ផលវិបាក​ដ៏​សោកសង្រេង​នៃ​អំពើ​ប្រល័យពូជសាសន៍​ឆ្លង​គ្រប់ពេលវេលា ហើយ​ឥទ្ធិពល​នៃ​ផលវិបាក​នេះ​អាច​ប៉ះពាល់​លើ​ច្រើន​ជំនាន់​និង​រាប់​ទសវត្សរ៍​។ ក្នុងពេលដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថបទ​នេះ ខ្ញុំ​បាន​នឹកឃើញ​ទៅដល់​រឿង​របស់ សេក សាយ​។ អស់​រយៈពេល ៤០​ឆ្នាំ​ជាង សេក សាយ បាន​ព្យាយាម​ស្វែងរក​ការពិត​ជុំវិញ​ការស្លាប់​របស់​ឪពុកម្ដាយ​និង​ប្អូនប្រុស​របស់គាត់ បង្កឡើង​ដោយ​របប​ខ្មែរក្រហម ដែល​នាំ​ឲ្យ​ប្រជាជន​ជាង​២​លាន​នាក់​បាត់បង់​ជីវិត នៅ​រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ ម្ដាយ​របស់គាត់​គឺ ចាន់ គីម​ស្រ៊ុន​។ ឪពុក​របស់គាត់​គឺ សេក សាត ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៨ ប៉ុន្តែ សេក សាយ មិនបាន​ដឹង​ពី​ស្ថានភាព​ជាក់ស្ដែង​ជុំវិញ​ការចាប់ខ្លួន​និង​ការស្លាប់​របស់​ឪពុកម្តាយ​ខ្លួន​ឡើយ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ស្រាវជ្រាវ​ឃើញ​និង​ប្រគល់ជូន​គាត់​នូវ​កំណត់ត្រា​ពាក់ព័ន្ធ​ទៅនឹង​គ្រួសារ​របស់គាត់​។ នៅក្នុង​រូបថត​នេះ​គឺ ចាន់ គីម​ស្រ៊ុន ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​មន្ទីរ​ស​-២១​ដ៏​អសោច​។ ចាន់ គីម​ស្រ៊ុន ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៨​។ សេក សាត ត្រូវបាន​ចាប់ខ្លួន​មួយខែ​បន្ទាប់មក​។ សេក សាយ មាន​អាយុ​១១​ឆ្នាំ នៅពេលដែល​ឪពុកម្ដាយ​របស់គាត់​ត្រូវបាន​ចាប់ខ្លួន​។ នៅក្នុង​រូបថត​ដដែល​បង្ហាញថា ចាន់ គីម​ស្រ៊ុន កំពុង​ពរ​ប្អូនប្រុស​របស់ សេក សាយ ដែលមាន​អាយុ​៥​ខែ​នៅពេលដែល​ទារក​រូបនេះ​ត្រូវបាន​សម្លាប់​រួមជាមួយ​ម្ដាយ​របស់ខ្លួន​។ រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹមតែ​បាន​លងបន្លាច សេក សាយ តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានបង្ហាញ​អំពី​អារម្មណ៍​ឈឺចាប់ វិបត្តិ​ផ្លូវចិត្ត ភាព​សោកសង្រេង និង​ទារុណកម្ម​ផ្លូវកាយ ដែល​បង្ក​លើ​ជនរងគ្រោះ​នៅមុន​ពេល​ត្រូវបាន​សម្លាប់​។​

​ ​ចាន់ គីម​ស្រ៊ុន​:ដំណើរ​ស្វែងរក​ការពិត​អស់​ជាង​៤០​ឆ្នាំ​របស់​កូនស្រី​ម្នាក់​តាមរយៈ​រូបថត​ដែល​បន្សល់​ពីរ​បប​ខ្មែរក្រហម​។ នេះ​ជា​រូបថត ចាន់ គីម​ស្រ៊ុន ហៅ សាង ដែល​ត្រូវបាន​ចាប់ខ្លួន​និង​ឃុំខ្លួន​ក្នុង​មន្ទីរ ស​-២១ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៨​។ ប្តី​របស់ គីម​ស្រ៊ុន ឈ្មោះ សេក សាត ក៏​ត្រូវបាន​ចាប់ខ្លួន​និង​ជាប់​ឃុំឃាំង​នៅ​មន្ទីរ ស​-២១ ដែរ គឺ​នៅ​ថ្ងៃ ទី​២៨ ខែមិថុនា ឆ្នាំ​១៩៧៨​។ សេក សាយ ដែល​កាលនោះ​មាន​អាយុ​១១​ឆ្នាំ គឺជា​កូនស្រី​ច្បង ដែល​បានឃើញ​ហេតុ ការណ៍​កងសន្តិសុខ​ខ្មែរក្រហម​មក​នាំ​ឪពុក ម្តាយ​និង​ប្អូនប្រុស​អាយុ​ប្រាំ​ខែ​របស់ខ្លួន​ចាកចេញ​ទៅ​។ គីម​ស្រ៊ុន ត្រូវបាន​សម្លាប់ ហើយ​កូនតូច​របស់គាត់​ក៏ត្រូវ​បានសម្លាប់​ជាមួយនឹង​ម្តាយ​ដែរ​។ រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹមតែ បាន​លងបន្លាច សេក សាយ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានបង្ហាញ​អំពី​អារម្មណ៍​ឈឺចាប់ វិបត្តិ​ផ្លូវចិត្ត ភាព​សោកសង្រេង និង​ទារុណកម្ម​ផ្លូវកាយ ដែល​បង្ក​លើ​ជនរងគ្រោះ​នៅមុន​ពេល​ត្រូវ​សម្លាប់​។ រូបថត ចាន់ គីម​ស្រ៊ុន ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។ ប្រភព​៖ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ទួលស្លែង​/​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

​ទិវា​គម្រប់​ខួប​នៃ​ការអនុម័ត​អនុសញ្ញា​បង្ការ​និង​ផ្តន្ទាទោស​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​មិនគួរ​ត្រូវបាន​សាទរ​នោះទេ ពីព្រោះថា​បរាជ័យ​របស់​ពិភពលោក​ក្នុង​ការគោរព​កាតព្វកិច្ច​របស់​អនុសញ្ញា​នេះ​គឺមាន​ច្រើនជាង​ជោគជ័យ ឬ​មានដំណើរ​ទៅមុខ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ផ្ទុយទៅវិញ យើង​គួរតែ​ប្រើប្រាស់​ឱកាស​ដ៏​សំខាន់​នេះ​ដើម្បី​ឆ្លុះបញ្ចាំង​អ្វីដែល​យើង​អាច​ធ្វើបាន ឈានទៅ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ឲ្យ​សម្រេចការ​ប្ដេជ្ញា​ដែល​យើង​មាន​ចំពោះ​មនុស្សជាតិ​។ ការប្ដេជ្ញា​របស់​យើង​ចំពោះ​មនុស្សជាតិ​នៅក្នុង​អនុសញ្ញា​បង្ការ​និង​ផ្តន្ទា​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​មិនគួរ​ចាប់ផ្ដើម​ដោយ​ការវិភាគ​ទៅលើ​ជោគជ័យ​និង​បរាជ័យ​នៅក្នុង​ការផ្ដន្ទា​ទោស​ឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍​នោះទេ ប៉ុន្តែ​យើង​គួរតែ​ចាប់ផ្ដើម​វិភាគ​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ក្នុងការ​បង្ការ​មិន​ឲ្យ​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​ជា​រៀងរហូត​។ ការបង្ការ​អំពើ​ប្រល័យពូជសាសន៍ គឺ​មិន​ត្រឹមតែ​ជាការ​ប្រកាន់​ជំហរ​នយោបាយ​នោះទេ វា​គឺជា​កាតព្វកិច្ច​ផ្លូវច្បាប់​។ ស្មារតី​សិទ្ធិមនុស្ស​គឺ​បន្តជីវិត​ក្នុង​កាតព្វកិច្ច​នេះ ហើយ​ស្មារតី​នេះ​អាច​បំពេញបាន​ដោយ​ការអប់រំ​។ យោងទៅលើ​ប្រវត្តិសាស្ត្រ​ពិភពលោក​និង​ព្រឹត្តិការណ៍​ថ្មីៗ យើង​គួរ​យក​ថ្ងៃនេះ​ដើម្បី​រំឭកថា​តើ​យើង​គួរ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ក្នុង​កម្រិត​ប៉ុណ្ណា​ទៀត​។​

លោក ឆាំង យុ គឺជា​នាយក​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានទទួល​ការ កោតសរសើរ​និង​ពានរង្វាន់​ជាច្រើន​សម្រាប់​កិច្ចការ​គាំពារ​ដល់​ការចងចាំ​និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​អំពើ​ប្រល័យពូជសាសន៍​ក្នុងប្រទេស​កម្ពុជា​៕srn


 ​សេក សាយ​​សេក សាយ ជា​កូនស្រី​របស់​អ្នកទោស​មន្ទីរ​ស​-២១ ឈ្មោះ សេក សាត ហៅ ប្រាក់ អតីត​គណៈ​តំបន់​២៥ និង ចាន់ គីម​ស្រ៊ុន ហៅ សាង​។ សេក សាយ រស់នៅក្នុង​ខេត្តកំពង់ស្ពឺ និង​កំពុងកាន់​រូបថត​ម្តាយ និង​ឪពុក​របស់ខ្លួន​នៅ​ឆ្នាំ​២០១៩​។ សេក សាយ គឺជា​កូនស្រី​តែ​ម្នាក់​គត់ ដែល​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ ឪពុក ម្តាយ និង​ប្អូនប្រុស ត្រូវ​ខ្មែរក្រហម​សម្លាប់​ក្នុង​ឆ្នាំ​១៩៧៨​។ ប្អូនស្រី​របស់ សេក សាយ ឈ្មោះ ច្រឹប បាន​ស្លាប់​ដោយសារ​ជំងឺ នៅក្រោយ ពី​របប​ខ្មែរក្រហម​ដួលរលំ​បន្តិច​។ ប្រភព​៖ សុភ័ក្ត្រ ភា​ណា​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​


ប្រជាជន​នៅ​សហករណ៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-៧៩)
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular