ដោយៈ សុខុម / សឹ្ទងត្រែងៈ ប្រជាពលរដ្ឋរស់នៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានការព្រួយបារម្ភ ដោយមើលឃើញថា មានរថយន្តខ្នាតធំ ដឹកជញ្ជូនដំឡូងមីស្រស់ ឆ្លងកាត់ស្ពានឈើ មួយកន្លែង ជារៀងរាល់ថ្ងៃ។ ដោយរថយន្តទាំងនោះ ផ្ទុកលើសទម្ងន់ ហួសពីទម្រស្ពានឈើ ដែលសាងសង់នៅក្នុងឃុំ។
ក្រៅពីស្ពានឈើមួយនោះ ក៏នៅមានស្ពានឈើមួយទៀត បាក់ស្រុត ហើយជួសជុល ស្ទើររាល់ឆ្នាំ។ បើនៅតែបណ្ដែតបណ្ដោយ ឲ្យរថយន្តដឹកជញ្ជូន ដំឡូងមី ផ្ទុកលើសទម្ងន់ ឆ្លងកាត់ មិនមានដាក់របារ ឬហាមឆ្លងកាត់ទេនោះ វានឹងអាចធ្វើឱ្យស្ពាន បាក់ស្រុត ក្នុងពេលឆាប់ៗ ខាងមុខនេះ ជាពុំខាន។
ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថាៈ ស្ពានឈើតូចធំ មួយចំនួន នៅក្នុងឃុំចំការលើ នៃស្រុកថាឡាបរិវ៉ាត់ ពេលមានរថយន្តដឹកធ្ងន់ បើកឆ្លងកាត់ ធ្វើឲ្យញ័ររញ្ជួយ ដែលអាចឈានដល់ ការខូចខាត ឬអាចនឹងបាក់ស្រុត ថែមទាំងធ្វើអោយផ្លូវ ប្រព័ន្ធលូ រងការខូចខាត ជាច្រើនកន្លែង។
គេសង្កេតឃើញ មានការជួសជុលរាល់ឆ្នាំ ដោយសារតែការខូចខាតស្ពាន ដែលបណ្ដាលមកពីរថយន្តធំៗ ដឹកឆ្លងកាត់ផ្លូវ ក្នុងឃុំចំការលើ។
ប្រជាពលរដ្ឋ ស្នើសុំដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសលោកអភិបាល ស្រុកថាឡាបរិវ៉ាត់ ចាត់វិធានការទប់ស្កាត់ រថយន្តប្រភេទធ្ងន់ បើកឆ្លងកាត់ភូមិសាស្ត្រផ្លូវលូ ស្ពាន ឃុំចំការលើផង។ បើពុំនោះទេ វានឹងអាចធ្វើឲ្យខូចផ្លូវខូចប្រព័ន្ធលូ បាក់ស្រុតស្ពាន នាំឲ្យខាតបង់ប្រាក់ ជាពុំខានឡើយ។
ប្រជាពលរដ្ឋដែលរស់ក្បែរស្ពាន បានបញ្ជាក់ថាៈ ស្ពានឈើមួយចំនួន ជាថវិកាឃុំ និងសប្បុរសជន ព្រមទាំងអ្នកភូមិ អ្នកស្រុក បានចូលរួមបដិភាគគ្នា រួមចំណែកក្នុងការអភិវឌ្ឍ កសាងស្ពានឈើនេះ សម្រាប់ការធ្វើដំណើរ និងជញ្ជូនផលដំណាំផ្សេងៗ តាមគោយន្តតូចៗប៉ុណ្ណោះ។ តែឈ្មួញដែលទៅប្រមូលទិញ ដំឡូងមីដឹកជញ្ជូន រថយន្តធុនធំ ទៅធ្វើឲ្យប៉ះពាល់ ដល់ផ្លូវលូ និងស្ពាន។ បើមិនមានវិធានការ ទប់ស្កាត់ នៅតែបណ្តែតបណ្តោយបន្តទៀត មិនយូរទេ ស្ពានឈើទាំងនោះ និងបាក់ស្រុត រងការខូចខាតអស់ ជាក់ជាពុំខាន។
លោក ព្រះ ហែម មេឃុំចំការលើ បានប្រាប់ឲ្យដឹងថាៈ បញ្ហារថយន្តដឹកជញ្ជូនដំឡូងមីធុនធំ បើកបរឆ្លងកាត់ លើស្ពានឈើរបស់ឃុំ លោកនឹងកោះហៅមេភូមិ និងរដ្ឋបាលប៉ុស្តិ៍ ប្រជុំដើម្បីទប់ស្កាត់រឿងនេះ។
លោកមេឃុំចំការលើ បានបញ្ជាក់ថាៈ អាជ្ញាធរមានគម្រោងរៀបចំ ធ្វើខ្លោងទ្វារ នៅតាមក្បាលស្ពាននីមួយៗ ដើម្បីកុំឲ្យរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស ដឹកជញ្ជូនដំឡូងមី ឆ្លងកាត់លើស្ពានបាន ៕/V
ពលរដ្ឋព្រួយបារម្ភ ពីរថយន្តធុនធំ ដឹកដំឡូងមីលើសទម្ងន់ បើកឆ្លងកាត់ស្ពានឈើ មួយកន្លែង
ពលរដ្ឋព្រួយបារម្ភ ពីរថយន្តធុនធំ ដឹកដំឡូងមីលើសទម្ងន់ បើកឆ្លងកាត់ស្ពានឈើ មួយកន្លែង