អគ្គនាយក​ស៊ីម៉ាក់​ប្រាប់​សិក្ខាកាម​ដែល​ទើប​បញ្ចប់​វគ្គ​ឲ្យ​ខិតខំ​ធ្វើការ​និង​សិក្សា​បន្ថែម​

1141
ចែករម្លែក
លោក​ហេង​រតនា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​លោក​ហេង​រតនា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក បាន​ប្រាប់​​ទៅ​សិក្ខាកាម​ដែល​ទើបនឹង​បញ្ចប់​វគ្គ​សិក្សា​បច្ចេកទេស​បោសសំអាត​មីន​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​និង​ត្រូវ​សិក្សា​បន្ថែមទៀត​លើ​ជំនាញ​នេះ​ឲ្យ​បាន​កាន់តែច្បាស់​។​

​លោក​មានប្រសាសន៍​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​បច្ចេក​បោសសំអាត​មីន​ជំនា​ន់ទី​១៣៤​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​មីន​កម្ពុជា ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២១ ខែមេសា ម្សិលមិញ​។​

​លោក​អគ្គនាយក​ស៊ីម៉ាក មានប្រសាសន៍​ទៀតថា ការរៀនសូត្រ​នេះ​ត្រូវ​បន្ត​វែងឆ្ងាយ​ទៅមុខទៀត ជាក់ស្តែង​មាន​អ្នកខ្លះ​ធ្វើការ​ជាង​២០​ឆ្នាំ មកហើយ​ទើប​រៀន​បានបញ្ចប់​កម្រិត​ជំនាញ EOD (​កម្រិត​ទី​បួន​)​ដែលជា​កម្រិត​ខ្ពស់បំផុត​នៃ​ជំនាញ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​តាម​ស្តង់ដារ​បស់​អង្គការសហប្រជាជាតិ​។​

​លោក​អ៊ំ​សុជាតិ​ប្រធាន​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន​បាន​ឲ្យ​ដឹងថា​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​បច្ចេកទេស​បោសសំអាត​មីន​ជំនា​ន់ទី​១៣៤​នេះ មាន​រយៈពេល​២​ខែ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១៩ ខែមេសា​ដែលមាន​សិក្ខាកាម​ជា​កូន​អ្នកដោះមីន សរុប ចំនួន​៧១​នាក់​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម