ដោយ: មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កម្ពុជានឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសសិង្ហបុរី និងប្រជាជនទាំងពីរ និយាយជារួម និងនិយាយដោយទ្បែករវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត។
ការបញ្ជាក់នេះ នៅក្នុងជំនួបជាមួយលោក Michael Tan ឯកអគ្គរដ្ឋទូតបញ្ចប់អាណតិ្តនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងជំនួប លោក Michael Tan បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កលក្ខណៈដល់បេសកម្មការទូតរបស់ ឯកឧត្តម ទទួលបានជោគជ័យគួរជាទីមោទៈ និងបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ-១៩។
ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋសិង្ហបុរី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ផ្តើមចេញពីទំនាក់ទំនងនៃរយ:កាលដ៏យូរអង្វែងតាំងពីឆ្នាំ១៩៦៥ ហើយដែលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងអាណត្តិរបស់លោក Michael Tan ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ជាពិសេសតាមរយ:សមិទ្ធផលការងារជាច្រើន ដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្រេចបាន៕