ដោយៈសរិទ្ធ/កណ្តាលៈអាជ្ញាធរខេត្តកណ្តាលបានសម្រេចផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី៨ ខែធ្នូ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ-១៩ ។
ចំពោះការផ្អាកដំណើរការនេះអាជ្ញាធរបានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ព្រោះដើម្បីធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា មានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានទៅលេងម្ដាយនៅស្រុកកណ្ដាលស្ទឹងនោះ។
យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យខេត្តកណ្តាលបានអះអាងថា អ្នកពាក់ព័ន្ធដោយផ្ទាល់ក្នុងខេត្តកណ្តាលមានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ដែលបានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបានរៀបចំ យ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ៕