Home ព័ត៌មានជាតិ នយោបាយ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្តេជ្ញាចិត្ត​ពាក់ព័ន្ធ នឹង​អាកាសធាតុ​នៅ​ថ្ងៃទី​១២ ខែធ្នូ

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា តប​តាម​ការអញ្ជើញ​រួម​របស់លោក អាន់​តូ​នី​ញ្ញូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បូរី​ស ច​ន​សុន នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង លោក សេ​បា​ស្ទៀ​ន ភី​ណេ​រ៉ា អ៊ី​ឆែ​និក ប្រធានាធិបតី​ស៊ី​លី និង​លោក ​ហ្សូ​ហ្សេ​ប៉េ កុង​តេ នាយករដ្ឋមន្ត្រី​អ៊ីតាលី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម «​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្តេជ្ញាចិត្ត​ពាក់ព័ន្ធ នឹង​អាកាសធាតុ​» នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​វីដេអូ​ថត​ទុកជាមុន ដែល​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៥ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។​

​កិច្ចប្រជុំ​កំពូល​នេះ នឹង​ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​ភាគី​នានា​នៃ​អនុសញ្ញា​ក្របខណ្ឌ​អង្គការ សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ថ្មី​ប្រកបដោយ​មហិច្ឆតា ដែល​ទាក់ទង​នឹង ៖
១.​ការប្តេជ្ញាចិត្ត​ថ្មី​និង​បន្ថែមទៀត​នៃ​ការចូលរួម​របស់​ប្រទេស​នីមួយៗ
២. យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុងការ​ដាក់ចេញ​ទិសដៅ​ទៅរក​ការ​បំ​ភាយ​ឧស្ម័ន​រហូតដល់​កម្រិត សូន្យ
៣. ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​អាកាសធាតុ
៤. ផែនការ​បញ្ចូល​ការប្តេជ្ញាចិត្ត​ទៅក្នុង​ការដាក់ចេញ​គោលនយោបាយ​នានា​។​

​ថ្លែង​នៅក្នុង​សុន្ទរកថា​ប្រកបដោយ​អត្ថន័យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​គូសបញ្ជាក់​អំពី ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ពិភពលោក ដែល​ទាមទារ​ការដោះស្រាយ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​។ សម្តេច​តេ​ជោ នឹង​លើកឡើង​ផងដែរ​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ដោយមាន​វិធានការ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ប្រកបដោយ​ប្រសិទ្ធភាព បើទោះបីជា​កម្ពុ​ជាមាន​ចំណែក​តិចតួច​ក្នុងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​ក្តី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular