ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានព្រមានកាលពីថ្ងៃអង្គារទី៨ធ្នូថា កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកនឹង”យឺតយ៉ាវហើយជាប់គាំង” ប្រសិនបើសភាមិនប្រញាប់អនុម័តថវិកាបន្ទាន់ទេនោះ។
លោកបៃដិន ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា បានសន្យាដឹកនាំ “ផែនការចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាពបំផុតក្នុងប្រវត្ដិសាស្ដ្ររបស់សហរដ្ឋអាម៉េរិក”ដោយអនុវត្តការចាក់វ៉ាក់សាំងយ៉ាងតិច ១០០ លាននាក់ក្នុងរយៈពេល ១០០ ថ្ងៃដំបូងក្នុងពេលកាន់តំណែង។
លោកបានប្រាប់អ្នកយកព័ត៌មានថា “មានឱកាសពិតប្រាកដដែលថា បន្ទាប់ពីការចាក់វ៉ាក់សាំងជុំដំបូង កិច្ចខិតខំប្រឹងប្រែងនឹងថយចុះហើយជាប់គាំង”។
លោកបន្តថា “យើងត្រូវការសភាសំរេចការងារទ្វេបក្សដែលកំពុងដំណើរការឥឡូវនេះឬមិនអ៊ីចឹងទេប្រជាជនអាម៉េរិករាប់លាននាក់នឹងត្រូវរង់ចាំរាប់ខែទៀតទម្រាំបានចាក់វ៉ាក់សាំង”។
គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាជាន់ទាបនិងជាន់ខ្ពស់បានជំទាស់នឹងកញ្ចប់ថវិកាជំនួយសង្គ្រោះកូវីដ១៩ហើយខណៈពេលដែលមិនមានកិច្ចព្រមព្រៀងច្បាស់លាស់នៅឡើយនោះ ក្រុមមេដឹកនាំបក្សទាំងពីរចង់ឱ្យមានកិច្ចព្រមព្រៀងមួយនៅចុងសប្តាហ៍នេះ។
មេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភារបស់គណបក្សសាធារណរដ្ឋលោក មីត ម៉ាកខូននែល បាននិយាយកាលពីថ្ងៃអង្គារថា “តាមទស្សនៈរបស់ខ្ញុំខ្ញុំគិតថាវាជាទស្សនៈមានជាទូទៅដូចមនុស្សគ្រប់គ្នានៅបក្សទាំងសងខាងដែរ គឺថា យើងមិនអាចចាកចេញដោយមិនបានធ្វើច្បាប់កូវីដនោះឡើយ។ ប្រទេសនេះត្រូវការវា”។
ចំណុចទាស់គ្នាមួយរវាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យគឺទំនួលខុសត្រូវក្នុងការការពារមេរោគកូរ៉ូណាចំពោះអាជីវកម្ម ហើយលោកម៉ាកខូននែលស្នើឱ្យទុករឿងហ្នឹងនៅមួយឡែកសិនទៅ។
លោកនិយាយថា “តាមទស្សនៈរបស់ខ្ញុំ យើងគួរតែអនុម័តអ្វីដែលយើងអាចឯកភាពគ្នាបាន”។
យោងតាមទូរទស្សន៍ CNN មេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភារបស់ប្រជាធិបតេយ្យលោក ឆាក់ ស៊ូមឺ បានច្រានចោលសំណើរបស់លោកម៉ាកខូននែលភ្លាមៗ ដោយនិយាយថា លោកកំពុងតែបំផ្លាញ “ការចរចាទ្វេភាគីដោយស្មោះត្រង់”៕
លោកបៃដិនជំរុញសភាឱ្យប្រញាប់ឯកភាពគ្នាអនុម័តច្បាប់ថវិកាកូវីដ