ដោយៈសរិទ្ធ/ភ្នំពេញៈរថយន្តមួយគ្រឿងបានជ្រុលទៅបុកបុរសម្នាក់បណ្តាលឲ្យរងរបួសបាក់ជើងខាងស្ដាំកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខធនាគារABA ក្បែរទីស្ដីការគណៈរដ្ឋមន្ត្រីស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-2488 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-0043 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច បម្រុងបត់ឆ្វេង ត្រូវរថយន្តបង្កបើកបុកយ៉ាងពេញទំហឹងតែម្ដងបណ្ដាលឱ្យបាក់ជើងខាងស្តាំ ហើយរថយន្តព្យាយាមបើករត់គេច តែត្រូវបានប្រជាពលរដ្ឋតាមឃាត់បាននៅមូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា។
លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានឱ្យដឹងថា ម្ចាស់រថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹង មានសារធាតុអាល់កុល ០.៥៧ មួយមិលី្លក្រាមក្នុង១លីត្រខ្យល់។
ក្រោយពេលកើតហេតុនគរបាលជំនាញបានឃាត់ខ្លួនម្ចាស់រថយន្តនិងរថយន្តបង្កបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕