ប្រចាំថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំកណ្តុរនាសប្តាហ៍នេះតាមក្បួនហោរាសាស្ត្រចិនហើយបញ្ជាក់ថាទាំង ស្ត្រី បុរស ដំណើរជីវិតបានល្អប្រសើរជាងមុនបន្តិចវិញ ហើយធ្វើអ្វីៗក៏តែងផ្តល់ជាលទ្ធផលគ្រាន់ជាទីគាប់ចិត្តមួយចំនួនត្រឡប់មកវិញ។ការរស់នៅបើទោះបីមានភាពទំនេរច្រើន បន្តិចក្តីតែបញ្ហានៅតែចោមរោមត្រូវរែកពន់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើកធ្វើជំនួញនៅថ្ងៃនេះក៏ប្រសើរដែរពីព្រោះថាលាភប្រាក់កាសក៏តែងផ្តល់មកវិញគ្រាន់ជាទីទុកចិត្ត។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។សម្រាប់លោកអ្នកកើតឆ្នាំគោនៅពេលឈានដល់ខែធ្នូនេះឃើញថាដួងរាសីឡើងខ្ពស់ហេតុនេះទោះធ្វើអ្វីក៏តែងមានលក្ខណៈប្រសើរនិងឈានមុខជាងមនុស្សនៅក្បែរខ្លួនឬសូម្បីតែនៅពីចម្ងាយ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យបញ្ហាមិនល្អឈានចូលចោមរោមច្រើន គប្បីមានការអត់ធ្មត់និងប្រយ័ត្នប្រយែង។អ្នកដែលប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ ប៉ុន្តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកធ្វើដំណើរចេញក្រៅផ្ទះគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយត្រូវគេបោកប្រាស់ឬភូតភរកុហក។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំខ្លាដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារនានាពាក់ព័ន្ធប្រាក់កាស ការទំនាក់ទំនងចរចា ចុះហត្ថលេខាឯកសារ ការតវ៉ាទាមទារអ្វីមួយ ការចេញដំណើរតាមរថយន្ត ឬការទិញដូរអ្វីមួយ។ដោយឡែកនៅថ្ងៃនេះវិញប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយប្រពៃ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំទន្សាយឈានចូលខែធ្នូនេះឃើញថាដួងរាសីខែស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីៗតែងមិនឆ្លើយតបដូចក្តីប្រាថ្នាទេ ហើយស្រួលមិនស្រួលកើតបញ្ហាច្រើន ពិបាកដោះស្រាយថែមទៀត។ដោយឡែកនៅថ្ងៃនេះវិញឃើញថាដំណើរជីវិតល្អប្រសើរ ហេតុនេះបើចង់ទៅណាមកណាឬធ្វើអ្វីមួយតែងមានសញ្ញាភ្លើងខៀវបើករង់ចាំជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញ បើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញកន្លែងលក់ដូរក៏តែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើចង់សម្រេចចិត្តឬធ្វើអ្វីមួយត្រូវចេះថ្លឹងថ្លែងនិងប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃហូរចូលខ្លះៗគ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។ការធ្វើដំណើរផ្លូវឆ្ងាយចូរកុំគប្បីសេពគប់គ្រឿងស្រវឹងព្រោះងាយជួបឧប្បត្តិហេតុយាយីបន្តិច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានទាំងងាយផ្អែមល្ហែម ហើយក៏ងាយរកាំចិត្តចំពោះគ្នាវិញ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំម្សាញ់នាសប្តាហ៍នេះឃើញថាដំណើរជីវិមានការប្រែប្រួលប្តូរផ្លាស់ ម្តងក៏ល្អ ឯម្តងក៏មិនសូវល្អទេ គប្បីមានកាប្រយ័ត្នប្រយែងបន្តិចទើបគ្មានពាក្យថាសោកស្តាយនាពេលក្រោយ។ដោយឡែកនៅថ្ងៃនេះវិញ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់អាចរកផលចំណូលចិញ្ចឹមគ្រួសារដែរ ប៉ុន្តែយ៉ាងណាមិនអាចលោភលន់បានទេបើពុំនោះនឹងបាត់បង់ចំណូលពុំខាន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺស្វាង ប្រាជា្ញឈ្លាសវែ ហើយបើចង់ធ្វើអ្វីមួយក៏តែងមានការរីកលូតលាស់ឈានទៅមុខគួរសមដែរ។ការរស់នៅមានភាពសុខដុមនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំប្រពៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះទោះជួញទីកន្លែងណាលោកអ្នកតោងតែប្រយ័ត្នប្រយែងពីចំណូលបន្តិចព្រោះមានតិចតួច ឯការចំណាយវិញមានគ្រប់សារពើដែលអាចនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។
បញ្ហាគូស្នេហ៍ប្រុសស្រីមានការរីកលូតលាស់ទៅមុខប្រពៃ ហើយបើចង់រៀបចំផ្សំផ្គុំគ្រូសារដោយការចូលស្តីដណ្តឹងក៏ជាពេលវេលាល្អប្រពៃណាស់ផង៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយក៏ដោយត្រូវចេះត្រៀមឯកសារនិងពិនិត្យពិច័យបន្តិចទើបគ្មានបញ្ហាចោទនាពេលក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អមួយដែរ។
រីឯបញ្ហាកំលោះក្រមុំក្នុងពេលនេះបើពុំទាន់មានគូគាប់ទីបំផុតលោកអ្នកអាចស្វែងរកជួបមនុស្សដែលខ្លួនពេញចិត្តហើយថែមទាំងអាចឈានដល់គូអាពាហ៍ពាហ៍ថែមទៀត៕
ឆ្នាំវក
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំស្វាឈានចូលដល់សប្តាហ៍ទី២នៃខែធ្នូនេះឃើញថាដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរគួសម ហើយធ្វើអ្វីៗក៏តែងហុចជាលទ្ធផលគ្រាន់គាប់ប្រសើរជាងមុនដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺការរកផលចំណូលលោកអ្នកអាចរកបានគ្រាន់បំពេញក្រពះផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីភ្លើតភ្លើនហួសព្រំដែនប្រយ័ត្នរែកពន់ទុក្ខសោកមកវិញហើយនាំមានវិបត្តិទៅគ្រាក្រោយ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះឃើញថាលោកអ្នកកើតឆ្នាំមាន់ដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យទទួលរងការប៉ះពាល់បញ្ហាមួយចំនួននាំពិបាកទាំងផ្លូវអារម្មណ៍និងការដោះស្រាយ។លោកអ្នកខ្លះកិច្ចការងារមានការប្រទាំងប្រទើសជាមួយអ្នកដទៃឬអាចកើតមានទំនាស់គ្នាជាមួយអ្នកដទៃថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើការពិបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានឡើយហើយពិសេសមានការប្រចែប្រច័ណ្ឌច្រើនទៀតផង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីសត្រូវតូចធំនៅចំពីមុខឬពីក្រោយតែងមិនអាចធ្វើអ្វីលោកអ្នកបានទេ ផ្ទុយមកវិញគេមានតែចាញ់ប្រៀបលោកអ្នកថែមទៀត។បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃចូលផ្ទះវិញគ្រាន់កាក់កបនិងមានភាពសុខដុមល្អ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញលោកអ្នកមិនត្រូវធ្វើអ្វីដោយធ្វេសប្រហែសនោះទ្បើយបើពុំនោះទេពិតជាជះឥទ្ធិពលអាក្រក់ណាមួយកើតឡើងពុំខាន។
សម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំជាគ្រួសារល្អប្រពៃបំផុតណាស់ដែរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំជ្រូកនៅខែធ្នូនេះដួងរាសីល្អជាមធ្យម ហេតុនេះបើចង់ធ្វើអ្វីឬប្រកបការងារអ្វីតែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅមួយចំនួនត្រឡប់មកវិញ។សម្រាប់នៅថ្ងៃនេះវិញបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយដែលជាកិច្ចការសំខាន់មិនអាចធ្វេសប្រហែសបានទ្បើយពីព្រោះងាយមានកំហុសឆ្គងនិងបរាជ័យបានណាស់។បើជាអ្នកប្រកបរបររកស៊ីជូញដូរចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយ ដូចនេះចូរប្រយ័ត្នកើតបញ្ហាអ្វីមួយឈានដល់ការប្រេះឆាពិបាកល្អនឹងគ្នាឡើងវិញ៕