ដោយ: គង់ហេង/ត្បូងឃ្មុំ: អគ្គិភ័យមួយ បានបង្កឡើង ដោយការផ្ទុះធុងហ្គាស ក្នុងពេល កំពុងចម្អិនអាហារ បានបណ្តាលឱ្យរបួស រលាកពេញមុខ បុរសម្នាក់ ហើយអណ្តាតភ្លើងនោះ បានឆាបឆេះអស់ផ្ទះ ខ្លួនឯង និងឆេះរាលដល់ផ្ទះអ្នកដទៃ អស់មួយចំហៀងទៀត នៅឃុំដារ ស្រុកមេមត់ នាថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ។
ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដែលបានចុះជួយអន្តរាគមន៍ ពន្លត់ករណី ភ្លើងឆេះនេះ បានប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី ៩ ធ្នូថាៈ នៅម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី៨ ធ្នូ មានករណីអគ្គិភ័យមួយ បានឆាប់ឆេះផ្ទះជនរងគ្រោះ ទំហំ ៥ ម៉ែត្រ គុណនឹង ៧ ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសី របស់ឈ្មោះ អេន សំណាង អាយុ ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ឡន សីមុំ អាយុ ២០ ឆ្នាំ នៅភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ។
ប្រភពនោះ បានឱ្យដឹងទៀតថាៈ ប៉ុន្តែអណ្តាតភ្លើង មិនបានបញ្ឈប់ការឆេះ ត្រឹមផ្ទះមួយខ្នង ខាងលើនោះទេ គឺបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាង ជាបុរសឈ្មោះ ធី ខ្លី អាយុ ៥៧ ឆ្នាំ អស់មួយចំហៀង នៃផ្ទះឈើប្រក់ក្បឿង ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តនេះ អន្តរាគមន៍ បាញ់ស្រោច ពន្លត់ទាន់ពេល។
ប្រភពដដែល បានបន្តថាៈ សរុបការគ្រោះថ្នាក់ និងខូចខាតពីភ្លើងឆេះ គឺរបួសរលាកពេញ ផ្ទៃមុខ លើបុរសជាម្ចាស់ផ្ទះផ្ទុះធុងហ្គាស។ ឆេះអស់ផ្ទះមួយខ្នង និងមួយចំហៀង ឆេះកង់ អស់មួយគ្រឿង ថវិកាចំនួន ៨០ ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួនធំ៕PC