Home ព័ត៌មានជាតិ សន្តិសុខ នគរបាល​ខេត្ត​...

នគរបាល​ខេត្ត​កពង់​ស្ពឺ កោះហៅ​បុរស​ម្នាក់ ករណី​ប្រើប្រាស់​ឯកសណ្ឋាន មន្ត្រីនគរបាលជាតិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ បង្ហោះ​លើ​បណ្ដាញ​សង្គម​

ដោយៈ ស​រិ​ទ្ធ​/​កំពង់ស្ពឺៈ នគរបាល​ខេត្តកំពង់ស្ពឺ កោះហៅ​បុរស​ម្នាក់ កាលពី​រសៀល ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​យកមក​សាកសួរ ករណី​ប្រើប្រាស់ ឯកសណ្ឋាន​មន្ត្រី​នគរបាលជាតិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ បង្ហោះ​លើ​បណ្ដាញ​សង្គម​។​

​យោងតាម​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា ក្រោយពី​ពិនិត្យឃើញ មានការ​ផ្សព្វផ្សាយ និង​ការចែករំលែក បន្តបន្ទាប់ លើ​បណ្ដាញ ទំនាក់ទំនង​សង្គម ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់ ប្រើប្រាស់​ឯកសណ្ឋាន មន្ត្រី​នគរបាលជាតិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដោយ​ពុំមាន​លក្ខណៈ​គ្រប់គ្រាន់ និង​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ នោះ នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ​បានធ្វើការ ស្រាវជ្រាវ ដើម្បី​ស្វែងរក អត្តសញ្ញាណ បុរស​ខាងលើ និង​ស្វែងរក​ប្រភព អ្នកផ្គត់ផ្គង់ ឯកសណ្ឋាន នគរបាល​នោះ​។ រហូតមកដល់​រសៀល ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម សេនីយ៍​ទោ សម សាមួន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ដឹកនាំ​កម្លាំង ស្រាវជ្រាវ កំណត់​អត្តសញ្ញាណ បុរស​ខាងលើ និង​ឈានដល់​ការកោះអញ្ជើញ​បុរស​ម្នាក់ នោះ មក​ធ្វើការ​សួរនាំ នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ផាន សុភ​ក្ដី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មានមុខ​របរ ជាងកាត់សក់ នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ​បាន​ឆ្លើយ សារភាព និង​ទទួលស្គាល់ថាៈ ” ឯកសណ្ឋាន​នគរបាល​ជាតិ (​អាវ​នោះ​) គឺជា​កម្មសិទ្ធិ លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី ជា​ស្នងការរង ទទួល​ការងារ ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន នគរបាល ខេត្ដ​កំពង់ស្ពឺ ដែល​កាលពី​ថៃ្ង​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៨:៣០ នាទី​ព្រឹក កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី បាន​បើករថយន្ដ ពាក់​ផ្លាកលេខ​នគរបាល មក​តូប ដើម្បី​កាត់សក់ គាត់​បាន​ដោះអាវ​ព្យួរ ខ្ញុំ (​ផាន សុភ​ក្តី​) ក៏បាន​សុំ​ពាក់អាវ​ថតរូប ដោយ​លោក ង៉ា​ម រី បាន​ឆ្លើយថា ពាក់ៗ​ទៅ ខ្ញុំ​សួរ​បន្តថា បើ​ថត​ផុស ក្នុង​ហ្វេ​ស​ប៊ុ​កបាន​អត់ គាត់​ឆ្លើយថា ផុសៗ​ទៅ រួច​ខ្ញុំ​បាន​សុំ​ខ្ចី សោរ​រថយន្ត ដើម្បី​បើកទ្វារ​អង្គុយ​ថត ។ គាប់​ជួន​ពេលនោះ មាន​ព្រះសង្ឃ និមន្ត​បិណ្ឌបាត ឆ្លងកាត់​ទីនោះ ខ្ញុំ​បាន​យក​បច្ច័យ ដាក់​បាត​លោក ដោយ​គ្រង​ឯកសណ្ឋាន​នគរបាលជាតិ​ផងដែរ “​។​

​ឈ្មោះ ផាន សុភ​ក្តី បានបញ្ជាក់​បន្ថែមថាៈ ” ចំពោះ​សកម្មភាព​ខាងលើ គឺ​ខ្ញុំ​មិនបាន​ដឹងថា ជា​អំពើ​ខុសច្បាប់​នោះទេ ព្រោះ​លោក​ឧត្ដមសេនីយ៍ ង៉ា​ម រី គាត់​ជា​នគរបាលជាតិ មាន​ឋានៈ​ខ្ពស់ បាន​យល់​ព្រមឱ្យ​ខ្ញុំ ថតរូប​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក ” ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថាៈ ដោយ​បុគ្គល​ឈ្មោះ ផាន សុភ​ក្តី បាន​សារភាព​ទទួលស្គាល់​កំហុស​និង​បានស្នើ​សុំ​ការ យោគយល់ អធ្យាស្រ័យ​ពី​សមត្ថកិច្ច គណៈ​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ និង​ដោយមាន​ការយល់ព្រម​ពី​ថ្នាក់ដឹកនាំ នៃ​នាយកដ្ឋាន​បុគ្គលិក​សម្របសម្រួល​អនុ​វត្ត ត្រឹម​កម្រិត ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​។ ដោយឡែក ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ គណៈ​ស្នងការ នឹង​គោរព​ស្នើសុំ​មតិ ចង្អុល​ដឹកនាំ​ពី​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បី​អនុវត្ត​បន្ត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular