ប្រែសម្រួលៈវាសនា/បាងកក៖នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា មិនបានអោយសារសំខាន់ពេកចំពោះវោហាស័ព្ទកាន់តែឮសុសសាយអំពី«សាធារណរដ្ឋ»មួយ ដោយលោកបាននិយាយថា រដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាង ក្នុងអំណាចរបស់ខ្លួនដើម្បីបំផ្លាញចោលប្រព័ន្ធរដ្ឋាភិបាលដូច្នេះនៅថៃ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមដែលហៅខ្លួនឯងថា «យុវជនសេរី» ដែលជាផ្នែកមួយនៃចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បានសរសេរបង្ហោះសារមួយអំពីកម្មវត្ថុ«សាធារណរដ្ឋ» នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
ក្រុមនេះបានពន្យល់ថា សាធារណរដ្ឋមួយ គឺជារដ្ឋមួយដែលមហាជនជាម្ចាស់ ជាចៅហ្វាយ ហើយជាទំរង់រដ្ឋាភិបាលដ៏ច្រើនលើសលប់នៅលើពិភពលោក។ក្រុមនេះបានសង្កត់ធ្ងន់នៅការមិនប្រមូលផ្តុំអំណាចដោយអ្នកដឹកនាំកើតចេញពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ មិនមែនកើតចេញពីការបង្ហូរឈាមទេ។
បន្ទាប់មកវាបាននិយាយយោងដល់សម្តីល្បីល្បាញរបស់ទស្សនវិទូនិងសកម្មជននយោបាយអង់គ្លេស ថូម៉ាស ផេន អំពីសមភាព ដូចជាថា« មនុស្សលោកកើតមកស្មើភាពគ្នាទាំងអស់ គ្មាននរណាកើតមកមានសិទ្ធិបង្កើតគ្រួសារផ្ទាល់របស់ខ្លួនប្រសើរជាងអ្នកដទៃជារៀងរហូតទេ»។
ក្រុម«យុវជនសេរី»នេះបាននិយាយទៀតថា «ដើម្បីជាផលប្រយោជន៍និងសុភមង្គលរបស់មហាជននៃសាធារណរដ្ឋមួយសម្លេងរបស់ប្រជាជនអាចទម្លុះមេឃតែសាធារណរដ្ឋមួយនឹងមិនអាចកើតមានដោយគ្មានការងើបឈរឡើងរបស់ប្រជាជនដើម្បីរំលាយកាត់ផ្តាច់ចោលច្រវាក់ខ្នោះខ្នៀង»ឡើយ។
ដោយបានប្រកាសយុទ្ធនាការ«ចាប់ផ្តើមឡើងវិញថៃឡង់ដ៍»(Restart Thailand -RT)ដែលស្តាប់ទៅមានសម្លេងនិងលំនាំដូចសង្គមនិយម ព្រមទាំងបង្ហោះឡូហ្គោ នៅលើទំព័រហ្វេសប៊ុកមួយដែលពួកអ្នកសង្កេតការណ៍មើលទៅថាវាដូច «ញញួរ និងកណ្តៀវ»របស់ពួកកុម្មុយនីស្ត ក្រុម«យុវជនសេរី»នេះបាននិយាយថា នេះជាចលនាថ្មីមួយនេះត្រូវបានបង្កើតឡើងដើម្បីដាស់វណ្ណៈកម្មករដែលត្រូវជិះជាន់អោយភ្ញាក់ស្មារតីឡើង «មិនថាអ្នកជាសិស្សនិស្សិត បុគ្គលិកការិយាល័យ បុគ្គលិកនយោជិតមិនឯកសណ្ឋាន កសិករឬអ្នកបំរើការរាជការ។យើងទាំងអស់គ្នា ជាកម្មករដែលត្រូវគេជិះជាន់»។
ពួកអ្នកសង្កេតការណ៍ បានបកស្រាយសាររបស់ក្រុមយុវជនសេរីនេះថាជា សញ្ញាមួយនៃការគាំទ្រអោយមានសាធារណរដ្ឋមួយឡើងនៅថៃឡង់ដ៍។
ជុំវិញបញ្ហានេះ ឧត្តមសេនីយ៍ ប្រាយុទ្ធ កាលពីថ្ងៃអង្គារទី៨ធ្នូបាននិយាយថា ក្រុមអ្នកច្បាប់របស់រដ្ឋាភិបាលនឹងពិចារណាថាតើសាររបស់វារំលោភច្បាប់ដែរឬអត់ ហើយរដ្ឋាភិបាលប្តេជ្ញា«ទប់ស្កាត់ទង្វើណាមួយដែលនឹងនាំដល់ចំណុចនេះ ។យើងនឹងពិនិត្យមើលចេតនារបស់គេ ។នរណាដែលត្រូវបានរកឃើញថាប្រព្រឹត្តការបះបោរ នឹងប្រឈមចំណាត់ការច្បាប់។ថៃមិនហើយនឹងមិនជាសាធារណរដ្ឋទេ។វាមិនអាចទៅរួចទេ»៕
ប្រាយុទ្ធ ចាន់អូចា សុំអោយក្រុមអ្នកច្បាប់រដ្ឋាភិបាលពិនិត្យមើលសម្តីនិងចេតនារបស់ចលនាថ្មីRestart Thailand -RT
ចលនាRestart Thailand (RT)មានឡូហ្គោដូចញញួរនិងកណ្តៀវរបស់ពួកកុំម្មុយនីស្ត នៅពេលក្រុមនេះនិយាយអំពីវណ្ណៈកម្មករ និងក្រុមដែលត្រូវគេជិះជាន់
ពួកអ្នកវិភាគ គិតថាការតវ៉ាប្រឆាំងរាប់ខែនិងចំណាត់ការផ្លូវច្បាប់នាពេលថ្មីៗដើម្បីបង្រ្កាបចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ បាននាំដល់ការបង្កើតចលនាថ្មីនេះ