ដោយៈ សរិទ្ធ/កំពង់ធំៈ ខណៈពេលឪពុកម្តាយ មិននៅផ្ទះ ក្មេងប្រុសស្រី ជាបងប្អូនបង្កើត ចំនួនបីនាក់ បានចុះលេងទឹកស្រះ បណ្ដាលឱ្យលង់ស្លាប់ កាលពីម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍។
សមត្ថកិច្ច បានឲ្យដឹងថាៈ ក្មេងរងគ្រោះ ដែលលង់ទឹកស្រះស្លាប់ទាំង បីនាក់ រួមមានៈ ឈ្មោះ យ៉ិត សុខគីន ភេទប្រុស អាយុ ៦ឆ្នាំ, ឈ្មោះ យ៉ិត កញ្ញា ភេទស្រី អាយុ៦ឆ្នាំ (កូនភ្លោះ) និងឈ្មោះ យ៉ិត ហ៊ាន់ ភេទប្រុស អាយុ ៤ ឆ្នាំ។ ទាំងបីនាក់ ត្រូវជាបងប្អូនបង្កើត។
តាមរបាយការណ៍របស់ នគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ស្នា បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកម្តាយ ក្មេងរងគ្រោះទាំង បីនាក់ បានចេញទៅប្រកបរបររកស៊ី នៅខាងក្រៅផ្ទះ ដោយទុកឲ្យកូនៗ ទាំងនេះនៅចាំផ្ទះ។ លុះពេលឪពុកម្តាយ ចេញផុត ស្រាប់តែកូនៗ នាំគ្នាចុះទៅមុជទឹកស្រះលេង នៅចម្ងាយជាង ៣០ ម៉ែត្រ ពីផ្ទះ។ ក្រោយមក ឪពុកម្តាយ មកដល់ផ្ទះ បាត់កូនៗ មិនឃើញនៅផ្ទះ ក៏នាំគ្នាដើររក ទើបដឹងថា កូនលង់ទឹកស្លាប់ ទាំងបីនាក់ ហើយពួកគេ បានត្រឹមស្រែកទ្រហោរ យំប៉ុណ្ណោះ។
ក្រោយមក សមត្ថកិច្ចជំនាញ បានមកធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ក្មេងៗរងគ្រោះ ទាំងបីនាក់ ពិតជាស្លាប់ ដោយសារលង់ទឹកស្រះ ប្រាកដមែន រួចបានប្រគល់សពឲ្យក្រុម គ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕PC