ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ លោក អម សុភា ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានផ្ដល់អំណោយជាថវិកា ស្បៀង និងសម្ភារប្រើប្រាស់ ជូនដល់គ្រួសារដែលមានជំងឺរ៉ាំរ៉ៃ ចំនួន ១០ នាក់ មកពីស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅស្នាក់ការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។
លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថាៈ ដើម្បីចូលរួមក្នុងឱកាស ទិវាពិភពលោក ប្រយុទ្ធនិងជំងឺ អេដស៍ ១ធ្នូនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំជួបសំណេះ សំណាល ជាមួយគ្រួសារដែលមានជំងឺរ៉ាំរ៉ៃ និងជួបការលំបាក ចំនួន ១០ គ្រួសារ មកពី ស្រុករលាប្អៀរ ដែលសកម្មភាពនេះ សាខាតែងតែបានធ្វើជាប្រចាំ រៀងរាល់ពេល នៅក្នុងទិវា ១ធ្នូ គឺដើម្បីរំលឹកឡើងវិញ ទប់ស្កាត់ និងការីករាលដាល នៃជំងឹអេដស៍ និង កុំឲ្យមានការរើសអើង ដល់អ្នកជំងឺអេដស៍ ។
លោក អមសុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានគូសបញ្ជាក់ថា ក្នុងនាមជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការយល់ដឹង ជាពិសេសស្ត្រីមាន ផ្ទៃពោះ គឺត្រូវទប់ស្កាត់ ការចម្លងមេរោគអេដស៍ ពីម្តាយទៅកូនឱ្យបានដាច់ខាត។
លោកបានបញ្ជាក់ថា អំណោយដែលត្រូវចែកជូន នាពេលនេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី១កេស ត្រី១០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ សាប៊ូ១ដុំ ជែលលាងដៃ ២ដប ថវិការបស់សាខា ៣ ម៉ឺនរៀល និងលោកស្រី ឡុញ ពិភា បានឧបត្ថម្ភថវិកា ១ ម៉ឺនរៀល ក្នុងមួយគ្រួសារ៕PC