Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឧបការី​ទេសាភិ...

ឧបការី​ទេសាភិបាល​ធនាគារជាតិ​ទទួល​ពានរង្វាន់​ពី​ស្ថាប័ន​អន្តរជាតិ​មួយ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​រសៀល​នេះ​បានប្រកាសថា ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​មួយរូប​ទទួលបាន​ពានរង្វាន់ “​ប្រព័ន្ធ​ទូទាត់​នាពេល​អនាគត​” ពី​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​សហគ្រិន និង​វិទ្យាស្ថាន​ធនាគារ​ប៊ុ​យ​ដា​ប៉ែស​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មន្ត្រី​ឆ្នើម​ដែល​ទទួល​ពានរង្វាន់​នេះ គឺ​លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ។

​លោកស្រី ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយ​សាធារណជន​តាម​ប្រព័ន្ធ​អន​ឡាញ ជា​បុគ្គល ដែល​បាន​ជំរុញឱ្យមាន​ន​វា​នុ​វត្ត​ភាព​និង​ជា game-changer ក្នុង​ផ្នែក​ទូទាត់​។

​ជាក់ស្ដែង ដោយ​មើលឃើញ​ពី​ការទូទាត់​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ពុំទាន់​មានលទ្ធភាព​អាចធ្វើ​ការទូទាត់​ឆ្លង​គ្រឹះស្ថាន​បាន ហើយ​គ្រឹះស្ថាន​ភាគច្រើន​បាន រៀបចំ​ប្រព័ន្ធ​ទូទាត់​សម្រាប់​បម្រើសេវា​ជូន​តែ​អតិថិជន​របស់​គ្រឹះស្ថាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ខណៈដែល​គ្រឹះស្ថាន​មួយចំនួនទៀត​បាន​សហ​ការផ្តល់សេវា​ទូទាត់​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ដៃគូ​របស់ខ្លួន​។

​កត្តា​ទាំងនេះ​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​សម្រាប់​អតិថិជន ក្នុងការ​ទូទាត់​នឹង​ផ្ទេរប្រាក់ ថែមទាំង​ធ្វើ ឱ្យមាន​កម្រៃ​ខ្ពស់​។ ឆ្លើយតប​នឹង​បញ្ហា​នេះ លោកស្រី ជា សិរី បាន​ដឹកនាំ​ផ្ទាល់ ដោយបាន អភិវឌ្ឍ​ប្រព័ន្ធ​បាគង ដែល​ប្រព័ន្ធ​នេះ​ដើរតួនាទី​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង (Backbone payment system) សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំង​អស់ត​ភ្ជាប់​ទៅនឹង​បំ​ណ្តុំ​រួម​តែមួយ​។

ប្រព័ន្ធ​បាគង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ស្នូល​សម្រាប់​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​សមាជិក អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​ឆ្លង​ប្រព័ន្ធ​គ្នា​ទៅវិញទៅមក (Interoperability) ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព មិន​គិត​កម្រៃ​សេវា​ផ្ទេរប្រាក់​កាត់បន្ថយ ចំណាយ​ប្រតិបត្តិការ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។

​ទន្ទឹមនេះ ប្រព័ន្ធ​ទូទាត់​បាគង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆែ​ន (Blockchain) ត្រូវបាន អភិវឌ្ឍ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ ថ្មីៗ​នេះ​។ ប្រព័ន្ធ​បាគង បាននិងកំពុង​ចូលរួម​ក្នុងការ​ជំរុញ​ការទូទាត់ (​មិន​ប្រើ​សាច់ប្រាក់​) ដែល​យើង​សង្កេតឃើញថា​តម្រូវការ​ទូទាត់​អេឡិចត្រូនិក​មានការ​កើនឡើង​ក្នុង​បរិការណ៍ ប្រទេស​កំពុង​ទទួលរ​ង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩​។

​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​បាគង គឺជា​ជោគជ័យ​ថ្មី​មួយទៀត​ដែល​ធនាគារជាតិ​នៃ​កម្ពុជា សម្រេចបាន​ក្នុងការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ ដែល​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​ផ្នែក សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន ព្រមទាំង​រួមចំណែក​ក្នុងការ​ជំរុញ សេដ្ឋកិច្ច​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​ស្របតាម​បដិវត្តន៍​ឧស្សាហកម្ម ៤.០​និង​បរិបទ​សេដ្ឋកិច្ច ឌីជីថល​ក្នុង​តំបន់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular