ដោយ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ ពលករខ្មែរដែលធ្វើការស៊ីឈ្នួលនៅកន្លែងនានាប្រទេសថៃ ហើយបានធ្វើមាតុភូមិនិវត្តន៍តាមច្រកព្រំដែនអូរបីជាន់ ស្រុកកអូរជ្រៅខេត្តបន្ទាយមានជ័យត្រូវវកំណត់ប្រភពតំបន់ធ្វើការ ដើម្បីបែងចែកទៅធ្វើចត្តាឡីស័ក។
លោក លី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី៩ខែធ្នូឆ្នាំ២០២០ ថា៖ តាមច្រកនេះ ក្នុង១ថ្ងៃៗនៅមានពលករខ្មែរបន្តធ្វើមាតុភូមិនិវត្តន៍ចំនួនពីជិតទៅជាង២០០នាក់/១ថ្ងៃៗ។ ឬថ្ងៃខ្លះច្រើនជាងនេះ៣ទៅ៥ ដង។ នៅពេលវិលត្រឡប់ ពលករត្រូវឆ្លងកាត់ត្រួតពិនិត្យតឹងរឹងនៅន្លែងត្រូតពិនិត្យសុខភាពច្រកអូរបីជាន់ ដោយក្រុមការងារចម្រុះ។
ក្នុងនោះមន្ត្រីក្រុមការងារត្រូវសម្ភាសន៍ផ្តោតខ្លាំងលើប្រភពទីកន្លែងធ្វើការងារ និងលើសុវត្ថិភាពសុខភាព ដើម្បីងាយស្រួលនឹងបែងចែក បញ្ជូនទៅធ្វើចត្តាឡីស័ក។ ពោលគឺ បើមុខសញ្ញាពលករខ្មែរណា ដែលទៅធ្វើការស៊ីឈ្នួលនៅតំបន់ការដ្ឋាន ឬទីកន្លែងការងារដែលមានមនុស្សប្រមូលផ្តុំច្រើនដូចជានៅនៅតាមរោងចក្រ ការដ្ឋានសាងសង់ផ្សារតាមហាងលក់ដូរ… ហើយនៅរាជធានីបាងកក ខេត្តឈុនបូរី ខេត្តនៅតំបន់ភាគខាងត្បូងថៃ… នឹងត្រូវបញ្ជូនទៅយកវត្ថុសំណាងនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ ឬបើច្រើនលើសកំណត់នឹងបញ្ជូនទៅយកវត្ថុសំណាកមន្ទីរពេទ្យ ក្រុងសិរីសោភ័ណ និងមន្ទីរខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។
លោកបានបន្ត៖ ក្រោយការបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ហើយបើលទនធផលមិនមានរោគសញ្ញាហានិភ័យ និងរោគសញ្ញាសង្ស័យអ្វីទេ ហើយក្រោយស្នាក់នៅ៣ថ្ងៃក្នុងមន្ទីរពេទ្យ ទើបអនុញ្ញាតិអោយពលករទាំងនោះ ទៅស្រុកកំណើត។
យោងបញ្ជីប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ពីប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ និងរបាយការណ៍ ស្តីពីការតាមដានប្រជាពលរដ្ឋដែលអាជ្ញាធរថៃបញ្ជូនលើកទី២ តាមច្រកអូរបីជាន់ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ (ពីម៉ោង៤ល្ងាចថ្ងៃទី៧ដល់ម៉ោង៤ល្ងាចថ្ងៃទី៨ខែធ្នូឆ្នាំ២០២០) បានបង្ហាញថា៖ នាដើមគ្រា ហើយបានពិនិត្យសុខភាព មានពលករចំនួន៨០២នាក់/ស្រី៣១៥នាក់។
បើគិតពីពលករស្ថិតិពលរខ្មែរ( ពលករ) ដើមគ្រាខែនៃឆ្នាំនេះ សរុប ៥៦.០៣៥នាក់/ស្រី២៥.៣៥៤នាក់។
សូមបញ្ជាក់ថា ពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវបានអាជ្ញាធរកងកម្លាំងថៃ និងកម្ពុជារៀបចំអោយធ្វើមាតុភូមិនិវត្តន៍/បញ្ជូនត្រឡប់តែតាមច្រកអូរបីជាន់ស្រុកអូរជ្រៅមួយគត់ (សម្រាប់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ )។
លោក លី សុវណ្ណារឹទ្ធិ បានបន្តថា៖ ក្នុងកិច្ចប្រជុំថ្មីនេះរបស់ក្រុមការងារទទួលពលករខ្មែរនៃច្រកអូរបីជាន់ ជំនួសមុខរដ្ឋបាលខេត្តនិងលោកអភិបាលខេត្តបន្ទាយមានជ័យ ដែលលោកជាតំណាង និងចូលរួមដោយមន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ចជំនាញ និងកងកម្លាំងពាក់ព័ន្ធបានសង្កត់ធ្ងន់លើការរឹតបន្តឹងការត្រួតពិនិត្យលំហូរពលករខ្មែរឆ្លងកាត់ព្រំដែន។
គឺកុំអោយឆ្លងកាត់ច្រករបៀងណាផ្សេងក្រៅពីច្រកអូរបីជាន់ដែលមានការត្រូតពិនិត្យ ទប់ស្កាត់ជម្ងឺកូវីត ១៩ ព្រោះដើម្បីងាយស្រួល និងបញ្ជៀសហានីភ័យនៃការចម្លងមេរោគនេះ៕