ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: រយៈពេល៣ថ្ងៃ សមត្ថកិច្ចកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បំបែកសុំណុំរឿងឃាតកម្មធ្វើការឃាតខ្លួនជនដៃដល់៣នាក់។
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចនគបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បាននាំយកជនដៃក្នុងអំពើឃាតកម្មចំនួន ៣នាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ដែលបានបណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកឧុត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានឲ្យដឹងថា ក្រោយពេលកើតហេតុ នៃអំពើឃាតកម្មធ្វើឱ្យជនរងគ្រោះម្នាក់បានស្លាប់កាលពីយប់ថ្ងៃទី៧ ខែធ្នូ២០២០កន្លងទៅនេះ ភ្លាមៗនគរបាលខេត្តដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសមត្ថកិច្ចនគបាលខេត្ត បានចុះបើកការស្រាវជ្រាវបន្ទាន់ និងបានឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន ៣នាក់ ក្នុងនោះ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តធ្វើការឃាត់ខ្លួនដែលមាន ១-ឈ្មោះ ណន ណឹម ភេទប្រុស អាយុ ៣៧ឆ្នាំ ទី២ .ឈ្មោះ នៅ ច្រេស អាយុ ៣០ឆ្នាំ ដោយឡែកម្នាក់ផ្សេងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវឃាត់ខ្លួនផងដែរ គឺឈ្មោះ តុន រឿន អាយុ ២៦ឆ្នាំ ទាំង ៣នាក់ខាងលើនេះ មានទីលំនៅជាមួយគ្នាក្នុងភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយឡែកជនរងគ្រោះមានឈ្មោះ ញៀនណូយ ហៅ ស្នា អាយុប្រមាណជាង ៣០ឆ្នាំមានទីលំនៅភូមិឃុំស្រុកជាមួយគ្នា ។
នៅចំពោះមុខសមត្ថកិច្ចឯកន្លែងធ្វើត្រាប់ នៅព្រឹកថ្ងៃទី៩ធ្នូ ជនសង្ស័យទាំង ៣នាក់បានសារភាពថា ខ្លួនមានគំនុំនឹងជនរងគ្រោះដែលតែងតែបង្ករឿងហេតុ នៅក្នុងភូមិជាញឹកញាប់ជាមួយពួកខ្លួនទាំង៣នាក់ ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបចំពួនស្ទាក់ វាយនិងកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ហើយជនរងគ្រោះបានរត់ទៅស្លាប់នៅឯផ្ទះ ហើយក្រោយមកនៅថ្ងៃទី៨ ពួកខ្លួនក៏ត្រូវបានកងរាជអាវុធហត្ថ និងនគរបាលខេត្តធ្វើការចាប់ខ្លួនតែម្ដង។
ក្រោយពេលធ្វើត្រាប់អំពីសកម្មភាពពួនស្ទាក់ និងកាប់លើជនរងគ្រោះហើយជនសង្ស័យទាំង ៣នាក់ ត្រូវសមត្ថកិច្ចទាំង២អង្គភាព កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕