Home ព័ត៌មានជាតិ វប្បធម៌ ខ្លែងឯក "​បារ...

ខ្លែងឯក “​បារមី​លោកយាយ​យ៉ា​ត​” ឈរ​លេខ​រៀងលេខ​១ ក្នុងការ​ប្រកួត​បង្ហោះ​ពង្រឹង​វប្បធម៌​តំបន់​ព្រំដែន​

ដោយ​: ភ្នំ​ខៀវ​/​ប៉ៃលិន​: ខ្លែងឯក​ខ្មែរ​ឈ្មោះ “​បារមី​លោកយាយ​យ៉ា​ត​” ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០ ក្នុង​មហោស្រប​បង្ហោះ​ប្រកួតប្រជែង​ពង្រឹង​ប្រពៃណី​វប្បធម៌​ចំណាស់​លើក​ទី​១ ក្នុង​ខេត្ត​ប៉ៃលិន​។​

សកម្មភាព​មហោស្រព​បង្ហោះ​ខ្លែងឯក​ខ្មែរ ក្នុង​ខេត្ត​ប៉ៃលិន ឆ្នាំ​២០២០(​រូប​:​ភ្នំ​ខៀវ​)​

​លើកឡើង​នៅក្នុង​មហា​ស្រព​បង្ហើរ​ខ្លែងឯក​ខ្មែរ​ថ្នាក់​ខេត្ត​លើក​ទី​១ ឆ្នាំ​២០២០ លោក ព្រហ្ម រដ្ឋា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ឱ្យដឹងថា មហោស្រព​បង្ហើរ​ខ្លែងឯក​ខ្មែរ​ខាងលើនេះ មានការ​ចូលរួម​ពី​សំណាក់​បេក្ខជន​-​បេ​ក្ខ​នារី​ជាច្រើន មកពី​តាម​បណ្តា​ឃុំ សង្កាត់ ទាំង​៨ របស់​ខេត្ត​ប៉ៃលិន ក្នុងនោះ​មាន​ខ្លែង​សរុប​ចំនួន ១៦ អមដោយ​ការ​លំអ​ពណ៌​ចម្រុះ​ល្អឆើត​ឆាយ ព្រមទាំង​បាន​រំលេច​រចនា​ក្បូរក្បាច់​តាម​លំនាំ​បូរាណ​របស់​ដូនតា​ខ្មែរ​ផងដែរ​ដែល​បញ្ជាក់​ពី​ភាពរឹងមាំ និង​សម្បូរបែប​តាម​សម័យកាល​នីមួយៗ​។​

​ពិធី​ដដែល​នេះ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បានលើកឡើង​ដែរ​ថា ការរៀបចំ​ការប្រកួត​ប្រជែង​ក្នុង​មហោស្រព​បង្ហើរ​ខ្លែងឯក​ខ្មែរ ថ្នាក់​ខេត្ត​ឆ្នាំ​២០២០​នេះ​ក្នុង​គោលបំណង​ពង្រឹង និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​យុវវ័យ​ជំនាន់​ក្រោយ​ទាំងអស់​អោយបាន​ស្គាល់ និង​យល់​កាន់តែច្បាស់​អំពី​ភាព​រីកចម្រើន នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ជាមួយ​ការបង្គាប់​នូវ​អត្តសញ្ញាណ​ជាតិ​ដ៏​រឹងប៉ឹង ដែលជា​ប្រភព​មិនចេះ​រីងស្ងួត​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​និង​មួយផ្នែក​ទៀត ដើម្បី​រំលឹក​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ​យើង​ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​វិសេសវិសាល មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​កូនចៅ​អ្នក​បន្ត​ជំនាន់​ក្រោយ​ផងដែរ​។​

​លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ទាំងអស់ ត្រូវផ្តោត​យកចិត្តទុកដាក់​សហការគ្នា​សំដៅ​ពង្រឹងពង្រីក និង​បំផុស​អោយមាន​ការចូលរួម​គ្រ​ប់​សកម្មភាព​ពី​សំណាក់​ប្រជាពលរដ្ឋ ស្រទាប់​យុវជន​នានា​រក្សាបាន​ការអភិវឌ្ឍ​វប្បធម៌​ជាតិ វប្បធម៌​ចម្រុះ​ផ្សេងៗ​នៅតាម​សហគមន៍​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​។​

​ឆ្លងកាត់​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ និង​បរិយាកាស​សប្បាយរីករាយ​មហោស្រព​បង្ហើរ​ខ្លែងឯក​ខ្មែរ​ថ្នាក់​ខេត្ត​ឆ្នាំ​២០២០ រយៈពេល​ពេញ​១ ថ្ងៃជា​លទ្ធផល​ខ្លែង​មកពី​សង្កាត់​ប៉ៃលិន​មានឈ្មោះ “​បារមី​លោកយាយ​យ៉ា​ត​” ទទួលបាន​ជ័យលាភី​លេខ​១, ខ្លែង​មកពី​ឃុំ​សាលា​ក្រៅ​មានឈ្មោះ​”​ខ្លែងឯក​ឃុំ​សាលា​ក្រៅ​” ទទួលបាន​ជ័យលាភី​លេខ​២ និង​ខ្លែង​មកពី​សង្កាត់​អូ​តា​វ៉ៅ​មានឈ្មោះ “​ខ្លែងឯក​សម្រស់​ភ្នំ​ខៀវ​មាន​រឹទ្ធ​” ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular