ដោយ: រិទ្ធិសែន / ខេត្តពោធិ៍សាត់: គ្រឿងសំភារៈបរិក្ខាអាកុល និងជែល២០០០ដប និងម៉ាស់២ម៉ឺន និងរថយន្តISUSUមួយគ្រឿង ដែលជាអំណោយរបស់សភាពានិជ្ជកម្មខេត្តពោធិសាត់ ប្រគល់ជូនស្នងការនគបាលខេត្ត និងរដ្ឋបាលខេត្ត សម្រាប់ការងារឆ្លើយតបបន្ទាន់ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការងារប្រចាំថ្ងៃ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ពិធីប្រគល់ទទួលអំណោយ និងសម្ភារបរិក្ខាទាំងអស់ខាងលើនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក ម៉ៅ ធនិន និង ប្រធានសភាពាណិជ្ជកម្មខេត្តលោកឧកញ៉ា ទុយ គា, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោកស្នងការរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបានចូលរួមជាច្រើនផ្សេងដែរ។
អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានមានប្រសាសន៍នៅក្នុងពិធីប្រគល់ទទួលរថយន្ត១គ្រឿង និងសម្ភារបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដនៅថ្ងៃនេះថា ទាំងអស់នេះបានសបញ្ជាក់បានថាជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ និងចែករំលែកនូវធនធានផ្ទាល់ខ្លួនរបស់សភាពាណិជ្ជកម្មខេត្តគឺសំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាព និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះអភិបាលនៃគណះអភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ទាំងអស់ ត្រូវចេះបង្ការទប់ស្កាត់ និងធ្វើអនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការការពារជំងឺកូវីដ១៩ កុំឱ្យឆ្លងដល់ជួរកងកម្លាំង ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាលកុលឱ្យបានញឹកញាប់៕