ដោយៈ ដេប៉ូ / ភ្នំពេញៈ ការរៀបចំពិព័រណ៍សៀវភៅកម្ពុជា នាឆ្នាំនេះ ត្រូវបានគេប្រារព្ធធ្វើឡើង តាមប្រព័ន្ធអនឡាញវិញ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ កំពុងកើតមានបន្តបន្ទាប់ នៅកម្ពុជា ក្នុងរយៈចុងក្រោយនេះ ពិសេសក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា តែម្តង។
យោងតាមលិខិតជូនដំណឹង ពីគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ បានឱ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថាៈ ដើម្បីបន្តលើកស្ទួយ ការបោះពុម្ពផ្សាយ និងឧស្សាហកម្មសៀវភៅកម្ពុជា គណៈកម្មការ សម្រេចយកសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២០ជា “ សប្តាហ៍សៀវភៅ” ជាមួយព្រឹត្តិការណ៍ និងសកម្មភាពមួយចំនួន ដែលនឹងត្រូវរៀបចំឡើង ជាលក្ខណៈអនឡាញ គឺជារយៈសន្មតមួយ ដើម្បីឧទ្ទិសដល់សៀវភៅ ក្នុងបរិបទមួយ ដែលយើងមិនអាចរៀបចំ ពិព័រណ៍សៀវភៅ ថ្នាក់ជាតិ បានដោយសារ មានការរីករាលដាល នៃជំងឺកូវីដ-១៩។ ក្រោមប្រធានបទ “សម័យកូវីដ កាន់តែស្និទ្ធនឹងសៀវភៅ” ដែលនឹងប្រារព្ធឡើង ពេញមួយសប្តាហ៍ទី២ នៃខែធ្នូ គិតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្រោម កិច្ចសហប្រតិបត្តិការ ពីស្ថាប័នក្រសួង ចំនួន ៣ ដូចជាក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា ការរៀបចំពិព័រណ៍ “ សប្តាហ៍សៀវភៅ” នេះ បានរួមបញ្ចូលសកម្មភាពមួយចំនួន ដែលនឹងរៀបចំ តាមប្រព័ន្ធអនឡាញ មានដូចជា ការផ្សព្វផ្សាយសៀវភៅ និង វីឌីអូ របស់កវីអ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍ វិស័យសៀវភៅ និងអំណានគ្រឹះស្ថានអប់រំ និងលើគេហទំព័រ របស់ពិព័រណ៍សៀវភៅកម្ពុជា។ លើសពីនេះទៀត ក៏មានការជួបនិយាយ សំណេះសំណាល ជាមួយនឹងវាគ្មិនពិសេសៗ ដែលនឹងអញ្ជើញ ចូលរួម តាមរយៈកម្មវិធី Zoom ទៀតផង។ តាមរយៈកម្មវិធីនេះដែរ សំដៅធ្វើយ៉ាងណា ទាក់ទាញឱ្យអ្នកចូលចិត្តអានសៀវភៅ និងស្រឡាញ់ការអាន សៀវភៅនៅកម្ពុជា ក៏ដូចជា លើកស្ទួយវិស័យបោះពុម្ព នៅកម្ពុជា កាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត៕/V