ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អនុត្តរ
(—នុត-តៈរ៉ៈ)
គុណសព្ទ
( សំ. បា. < អន៑ “មិន, ពុំ, ឥត” + ឧត្តរ “លើសលុប, លើសលែង, ប្រសើរផុត” ) ដែលប្រសើរផុត, ឥតមានអ្វីស្មើ ។ ន. ព្រះនាមព្រះសព្វញ្ញុពុទ្ធ ។ អនុត្តរធម៌ លោកុត្តរធម៌ ។ អនុត្តរភាព ភាពនៃបុគ្គលដែលគ្មាននរណាមួយផ្ទឹមស្មើបាន, អានុភាពដ៏ខ្ពង់ខ្ពស់; ឧត្តមានុភាព ខាងនយោបាយនិងខាងកម្លាំងទ័ព ដែលប្រទេសមហាអំណាចណាមួយផ្សាយគ្របសង្កត់ទៅលើប្រទេសដទៃ : រំលោភលើគេដោយអាងអនុត្តរភាពរបស់ខ្លួន ។ អនុត្តរសម្ពោធិញ្ញាណ ឬ —សម្មាសម្ពោធិ ញាណឬប្រាជ្ញានៃព្រះសម្មាសម្ពុទ្ធ ។ ល ។
អបរាជិត
(អៈប៉ៈរ៉ា—)
គុណសព្ទ
( សំ. បា. ) ដែលឈ្នះ ។ ន. អ្នកដែលឈ្នះគេ : ទ័ពអបរាជិត ( បើស្ត្រីជា អបរាជិតា ) ។ អបរាជិតបល្ល័ង្ក បល្ល័ង្កមានជម្នះ, បល្ល័ង្កឈ្នះមារ គឺរតនបល្ល័ង្ក ដែលព្រះសព្វញ្ញុពុទ្ធទ្រង់គង់លើក្នុងរាត្រី ដែលព្រះអង្គបានត្រាស់អនុត្តរសម្មាសម្ពោធិញ្ញាណ ។ អបរាជិតសង្គ្រាម សង្គ្រាមឈ្នះបច្ចាមិត្ត ។ ល ។
អាទិ
(—ទិ)
នាមសព្ទ
(សំ. បា. អាទិ) ដើម, ខាងដើម; ដើមដំបូង; ការផ្ដួចផ្ដើមមុន
មានដូច្នេះជាអាទិ មានដូច្នេះជាដើម ។ ដើមអាទិ៍ ដើមដំបូង, ដើមចម ។ នាំអាទិ៍ នាំផ្ដើមមុន; ផ្ដួចផ្ដើមសេចក្ដីមុន; ផ្ដើមហេតុឬផ្ដើមដំណើរមុន (ប្រើជា អាទ្យ ក៏បាន, អ. ថ. អាត) ។
ខ្មែរប្រើពាក្យនេះជា កិ. ផងក៏មានខ្លះ “ផ្ដើម, ផ្ដួចផ្ដើម, តាំងផ្ដើមមុន; រៀបរបមុន”
កាលគេអាទិ៍ កាលគេផ្ដួចផ្ដើម, កាលគេរៀបរប : ធម្មតាអ្នកជាជាតិ កាលគេអាទិ៍ឲ្យគិតគូរ កុំខ្ជិលដេកទទូរ ដល់ថ្ងៃរះពេញពន្លឺ (សាស្ត្រាច្បាប់កេរ្តិ៍កាល) ។
អាទិកម្មិក ឬ —កម្មិកបុគ្គល បុគ្គលដើមបញ្ញត្តិ ។ អាទិករ អ្នកផ្ដើមធ្វើមុន ។ អ្នកសាងលោក គឺព្រហ្មឬវិស្ណុ (តាមលទ្ធិព្រាហ្មណ៍) ។ អាទិកល្យាណ (—កល់-យ៉ាន) លម្អឬពីរោះខាងដើម; ដែលមានលម្អឬពីរោះខាងដើម ។ អាទិការណ៍ ឬ —មូល ហេតុដើមឬដើមហេតុ, ហេតុដំបូង, មូលហេតុ, ប្រថមហេតុ ។ អាទិកាល កាលខាងដើម, កាលពីដើម ។ អាទិគរុ អក្សរគរុនៅខាងដើម; ដែលមានអក្សរគរុនៅខាងដើម (ព. វ. ) ។ អាទិគុរុ គ្រូដើម; សេនាបតីទី ១ ។ អាទិទេព ទេព្ដាខាងដើម, ទេព្ដាមុនបង្អស់ ។
ពាក្យសន្មតហៅអនុត្តរបុគ្គលដែលគេជឿសម្គាល់ទុកថាជាព្រះជាអ្នកបង្កើតទឹកដីនិងសត្វលោក, ជាអ្នករក្សាការពារនិងឲ្យសុខទុក្ខដល់មនុស្សលោក
ព្រះអាទិទេព; ព្រះពុទ្ធមិនមែនជាព្រះអាទិទេពទេ ព្រះអង្គគ្រាន់តែជាមនុស្សអស្ចារ្យ ។
អាទិបរិយោសាន (—ប៉ៈរ៉ិយ៉ោ—) ខាងដើមនិងខាងចុង ។ អាទិបុរស បុព្វបុរស; វិស្ណុ ។ អាទិប្រយោគ ប្រយោគដើម, ប្រយោគមុន ។ អាទិពុទ្ធ ព្រះពុទ្ធដើម គឺព្រះពុទ្ធដែលបង្កើតព្រះពុទ្ធនិងពោធិសត្វគ្រប់ព្រះអង្គ
ព្រះអាទិពុទ្ធ (តាមលទ្ធិពុទ្ធសាសនិកខាងមហាយាន ដែលធៀបគ្នានឹងលទ្ធិព្រាហ្មណ៏) ។
អាទិព្រហ្មចរិយធម៌ ព្រហ្មចរិយធម៌ដែលត្រូវសិក្សាមុនដំបូង; បាតិមោក្ខសំវរសីល ។ អាទិព្រហ្មចរិយសិក្ខា ការសិក្សាអាទិព្រហ្មចរិយធម៌; សិក្ខាបទក្នុងបាតិមោក្ខ ។ អាទិរាជ ព្រះរាជាដើមវង្សនៃក្សត្រិយ៍ក្នុងលោក, ប្រថមក្សត្រិយ៍ (ព្រះបាទមនុ) ។ អាទិមជ្ឈិម ឬ —មធ្យម ខាងដើមនិងកណ្ដាល ។ អាទិលុប ឬ— លោប (ព. វ. ) ការលុបអក្សរដើមនៃពាក្យមួយៗចេញ, ដូចជា ឧបាសក ជា បាសក, ឧបាសិកា ជា សិកា, ឧបាធ្យាយ ជា បាធ្យាយ ជាដើម (ក្នុងវេយ្យាករណ៍សំស្ក្រឹតនិងបាលីមានន័យប្លែកៗ ពីនេះទៅទៀត) ។ អាទិវាចា ឬ —វាទ សម្ដីដើម ។ អាទិសង្កេត អក្សរសង្ខេបដែលដកយកតែមួយតួៗខាងដើមពីក្នុងពាក្យមួយៗមកប្រើ, ដូចជា កិ. គឺកិរិយាសព្ទ; គុ. គឺគុណសព្ទ; ន. គឺនាមសព្ទ; ពុ. ស. ឬ ព. ស. គឺពុទ្ធសករាជ; ភ. ព. គឺភ្នំពេញ ជាដើម
អក្សរអាទិសង្កេត (ហៅ អក្សរសង្ខេប ក៏បាន) ។
អាទិសព្ទ សព្ទដែលជាដើម គឺសព្ទមានចំនួនច្រើន ប៉ុន្តែយកតែចំនួនប៉ុណ្ណោះៗមកប្រាប់ថា “មាននេះមួយៗ ជាដើម”, ដូចជា សង្ហារិមទ្រព្យមានចាន, ឆ្នាំង, កែវ, គោម ជាដើម (ចាន, ឆ្នាំង, កែវ, គោម ជាដើម ជាអាទិសព្ទ) ។ អាទិសម្ភាស ឬ— សម្ភាសន៍ ការនិយាយរាក់ទាក់ទៅរកមុនឬមករកមុន, សម្ដីរួសរាយរកមុន ។ ល ។