ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាចរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់នូវទស្សនៈ ៤ ចំណុចទៅកាន់មេដឹកនាំប្រទេសCLMV(កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម)ពាក់ព័ន្ធទៅនឹងការរៀបចំស្ដាសេដ្ឋកិច្ចប្រទេសឡើងវិញក្រោយពីវិបត្តិនៃជំងឺ កូវីដ១៩ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានសូមលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ានបន្តកិច្ចខិតខំស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែមទៀតដើម្បីគាំទ្រដល់គម្រោងទាំងនេះពិសេសពីប្រទេសជប៉ុនចិនសាធារណរដ្ឋកូរ៉េនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាដូចជាធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកជាដើម។
នៅក្នុងសុន្ទរកថាគន្លឹះថ្លែងទៅកាន់កិច្ចប្រជុំកំពូល CLMV លើកទី ១០នាព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានចែករំលែកទស្សនៈមួយចំនួនអំពីសកម្មភាពគន្លឹះសម្រាប់ប្រទេសទាំង៤ត្រូវធ្វើ៖
ទី១.ជាបឋមការប្រមូលផ្ដុំនូវកិច្ចខិតខំប្រឹងប្រែងនិងធនធានទាំងអស់រវាងប្រទេសទាំង ៤ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គមដែលកំពុងកើតមានឡើងដោយផ្តោតចម្បងទៅលើការលើកកម្ពស់សមាហរណកម្មក្នុងតំបន់តាមរយៈការជំរុញពាណិជ្ជកម្មនិងការវិនិយោគបន្ថែមនៅក្នុង និងរវាងតំបន់ CLMV របស់យើងដើម្បីសម្រេចបាននូវគោលបំណងនេះយើងត្រូវលើកកម្ពស់ការសម្របសម្រួលគោលនយោបាយរបស់យើងក្នុងការលុបបំបាត់ នូវរាល់ឧបសគ្គនៃការធ្វើពាណិជ្ជកម្មឆ្លងដែនតាមរយៈការសម្រួលឱ្យសាមញ្ញនូវកិច្ចដំណើរការនិងនីតិវិធីគយនៅតាមព្រំដែន។ទន្ទឹមនេះយើងក៏ត្រូវធានាថាប្រតិបត្តិការនៃបណ្ដាញខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងវាដំណើរការពេញលេងតាមរយៈការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូននិងភស្តុភារកម្មបន្ថែមលើនេះការសម្រួល បរិយាកាសធុរកិច្ចនៅក្នុងប្រទេសយើងទាំងអស់គ្នានិងផ្តល់នូវកំណើនលំហូរពាណិជ្ជនិងការវិនិយោគនៅក្នុងនឹងរវាងប្រទេសទាំងបួននៃយើង។
ទី ២.ការធ្វើសមាហរណកម្មតំបន់ប្រកបដោយប្រសិទ្ធភាពវាទាមទារលើសពីការតភ្ជាប់ផ្លូវថ្នល់និងការដឹកជញ្ជូន ។ប្រទេសយើងទាំងបួនចាំបាច់ត្រូវលើកិច្ចសហ ប្រតិបត្តិការបន្ថែមទៀតលើវិស័យថាមពលដូចជាការតភ្ជាប់បណ្ដាញអគ្គិសនីការធ្វើពាណិជ្ជកម្មថាមពលជាដើមការវិនិយោគនៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងទំហំធំទាំងនេះគឺពិតជាមានសារៈសំខាន់សម្រាប់រយៈពេលវែងក្នុងការជួយគាំទ្រដល់រលកថ្មីនៃនគររូបនីយកម្មនិងកំណើនប្រជាជន ។
៣.កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍គឺជាវិស័យអាទិភាពសម្រាប់ប្រទេស clmv របស់យើងប្រសិនបើយើងមានបំណងលើកកម្ពស់ ការតភ្ជាប់ ict និងសេវាកម្មឆ្លងដែនដើម្បីជំរុញបន្ថែមដល់ប្រទេសជិតខាងតាមប្រព័ន្ធអេឡិចត្រូនិចនិងសកម្មភាពសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធើណិតដទៃទៀត ។ តាមរយៈនេះយើងមិនត្រឹមតែអាចកាត់បន្ថយគម្លាតឌីជីថលនៅក្នុងតំបន់របស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចបង្កើនលទ្ធភាពក្នុងការទទួលបាននូវសេវាអ៊ីនធឺណិតក្នុងតម្លៃសមរម្យដែលជាកត្តាជួយលើកកម្ពស់ការប្រកួតប្រជែងក្នុងការធ្វើអាជីវកម្មសម្រាប់សហគ្រាសរបស់យើង។
៤.ការពង្រឹងធនធានមនុស្សតាមរយៈការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺជាការងារសំខាន់មួយដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនិងទាញយកឲ្យអស់សក្កានុពលពីបច្ចេកវិទ្យាដែលកើតចេញពីបដិវត្តឧស្សាហកម្ម 4.0 ។ យើងត្រូវតែខិតខំបន្ថែមដើម្បីលើកកម្ពស់គុណាភាពនិងផលិតភាពនៃកម្លាំងពលកម្មរបស់ យើងតាមរយៈការលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយតួអង្គសំខាន់ៗទាំងវិស័យឯកជននិងសាធារណៈ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថានៅពេលនេះអាស៊ានបានដាក់ចេញនូវផែនការសកម្មភាពលើកទី ៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមារណកម្ម អាស៊ានដើម្បីជួយឱ្យប្រទេស clmv សម្រេចបាននូវគោលដៅរួមរបស់អាស៊ាន ក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។ក្នុងន័យនេះយើងគួរតែខិតខំស្វែងរកធន ធានគាំទ្របន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្តគម្រោងសហប្រតិបត្តិការអាទិភាពនៅក្នុងតំបន់ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់តភ្ជាប់អនុតំបន់ clmv និងជាពិសេសការប្រើប្រាស់ឲ្យបានពេញលេញនូវសក្ដានុពលរបស់របៀងសេដ្ឋកិច្ចកើតលិច,ច្រករបៀងសេដ្ឋកិច្ចខាងត្បូងនិងច្រករបៀងសេដ្ឋកិច្ចជើង ត្បូង។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានសូមលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ានបន្តកិច្ចខិតខំស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែមទៀតដើម្បីគាំទ្រដល់គម្រោងទាំងនេះពិសេសពីប្រទេសជប៉ុនចិនសាធារណរដ្ឋកូរ៉េនិងស្ថាប័ នហិរញ្ញវត្ថុអន្តរជាតិនានាដូចជាធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកជាដើម។នៅចុងបញ្ចប់ខ្ញុំសូមបញ្ជាក់ពីជំនឿយ៉ាងមុតមាំថាកិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃនេះគឺពិតជាបានផ្ដល់នូវថាមពលបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការ CLMVដែលជា កត្តាដ៏មានសារៈសំខាន់ក្នុងការប្រែក្លាយតំបន់របស់យើងឲ្យទៅជាតំបន់មួយប្រកបដោយសន្តិភាពនិងវិបុលភាព ៕