Home ព័ត៌មានជាតិ នយោបាយ លទ្ធផល​នៃ​កិច...

លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អេក​ម៉ិ​ក​លើក​ទី​៩​កិច្ចប្រជុំ​កំពូល​ CLMV ​លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល ​CLV DTA លើក​ទី​១១

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ តាមអនឡាញ

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អេក​ម៉ិ​ក​លើក​ទី​៩ និង​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម​ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ (CLV DTA) លើក​ទី​១១ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដែល​កិច្ចប្រជុំ​កំពូល CLMV និង CLV ត្រូវបាន​ដឹកនាំ​ដោយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​កំពូល​ទាំង​៣ មាន​ដូចខាងក្រោម​៖
I- កិច្ចប្រជុំ​កំពូល​អេក​ម៉ិ​ក​លើក​ទី​៩
​ក្រោម​មូលបទ «​ភាពជា​ដៃគូ​ដើម្បី​ការតភ្ជាប់ និង​ភាពរឹងមាំ​» ថ្នាក់ដឹកនាំ​អេក​ម៉ិ​ក បាន​អះអាង សាជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ ដើម្បី​ទាញយក​ឱ្យបាន​ពេញលេញ​នូវ​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​ធំ​សម្បើម​របស់​អនុតំបន់ ព្រមទាំង​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​សម្រេចបាន​នូវ​សហគមន៍​អេក​ម៉ិ​ក​ដែល​កាន់តែ​ត​ភ្ជាប់ វៃឆ្លាត មាន​ចីរភាព និង​រឹងមាំ​ដោយ​ឈរលើ​ស្មារតី​ភាពជា​អ្នកជិតខាង​ល្អ និង​មិត្តភាព​ប្រពៃណី ក្នុងការ​សម្រេច​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​

​ថ្នាក់ដឹកនាំ​អេក​ម៉ិ​កបាន​កោត​ស​សើរ​កម្ពុជា​ដែលជា​ប្រធាន​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ ក្នុងការ​ជំរុញ​នូវ​គោលដៅ​រួម​របស់​ប្រទេស​សមាជិក​ដើម្បី​ស​ម្រ​ច​បាន​នូវ​វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាជន ស្ថិតក្នុង​កាលៈទេសៈ​ដ៏​ប្រឈម​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បញ្ហា​សន្តិសុខ​មិនមែន​ប្រពៃណី​នានា មកលើ​ជីវភាព​រស់នៅ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅក្នុង​អនុតំបន់​។​

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ តាមអនឡាញ

​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ថ្នាក់ដឹកនាំ​បាន​ឯកភាពគ្នា​បន្ត​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ជាមួយ​ដៃគូ​ក្រៅ​តំបន់ និង​អង្គការ​អន្តរជាតិ ជាពិសេស​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ធានា​ឱ្យបាន​នូវ​វ៉ាក់សាំង​ជា​ទំនិញ​សាធារណៈ និង​ការទទួលបាន​សេវាកម្ម​វេជ្ជសាស្ត្រ​ក្នុងតម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​។​

ពាក់ព័ន្ធ​នឹង​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ថ្នាក់ដឹកនាំ​បាន​ពិភាក្សា​ពី​មធ្យោបាយ​និង​គោលការណ៍​សហការ​ដែល​ប្រទេស​សមាជិក​អាច​ជំរុញ​ការតភ្ជាប់​ពហុ​វិស័យ​ប្រកបដោយ​សុវត្ថិភាព និង​សន្តិសុខ និង​ដោះស្រាយ​បញ្ហា​នានា​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ មកលើ​ការ​បំលាស់​ទី និង​ខ្សែចង្វាក់​តម្លៃ​សកល ព្រមទាំង​ធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​ការការពារ​សង្គម និង​ប្រជាជន​ដែល​រង​ផលប៉ះពាល់​។​

​ចំពោះ​ទិសដៅ​អនាគត ថ្នាក់ដឹកនាំ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ប្រសិទ្ធភាព និង​និរន្តរភាព​របស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​សមាជិក​និង​ដៃគូ​អភិវឌ្ឍន៍​អេក​ម៉ិ​ក ដែល​ក្នុងនោះ​ជប៉ុន​បានស្នើ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ពិសេស​អេក​ម៉ិ​ក​នៅក្នុង​ឆ្នាំ​២០២១ ស្របពេល​ជាមួយនឹង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១៣ និង​ទន្ទឹងរង់ចាំ​នូវ​ដំណើរការ​យន្តការ​នៃ​មូលនិធិ​អភិវឌ្ឍន៍ អេក​ម៉ិ​ក ក៏ដូចជា​ប្រតិបត្តិការ​ដែលមាន​ប្រសិទ្ធភាព​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​សសរ​ស្តម្ភ អេក​ម៉ិ​ក ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​អាទិភាព​គន្លឹះ​ដែល​អាច​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង ព្រមទាំង​បំពេញ​នូវ​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាជន​នៅក្នុង​អនុតំបន់​។​

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ តាមអនឡាញ

​នាឱកាស​នៃ​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចែករំលែក​ទស្សនៈ​ថា ប្រទេស​អេក​ម៉ិ​ក​ត្រូវ​បន្តធ្វើ​ការ​ដោយ​បុ​រេ​សកម្ម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​លើកកម្ពស់​ទស្សនៈ​វ៉ាក់សាំង​ពហុភាគី​និយម (Vaccine Multilateralism) ដើម្បី​ធានា​ការទទួលបាន​នូវ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​សមធម៌ និង​សុវត្ថិភាព​។​លើសពីនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំ​រុញឱ្យ​ប្រទេស​សមាជិក​ចូលរួម​ជាមួយ​កម្ពុជា​និង​ថៃ ដើម្បី​ផ្តល់​វិភាគទាន​ដោយ​ស្ម័គ្រចិត្ត​ទៅក្នុង​មូលនិធិ​អភិវឌ្ឍន៍​អេក​ម៉ិ​ក ដែល​កម្ពុជា​ក៏បាន​សន្យា​ផ្តល់​វិភាគទាន​ចំនួន ៧ លាន​ដុល្លារ​អាមេរិក​សំដៅ​ធានា​នូវ​ភាពរលូន​នៃ​ការអនុវត្ត​គម្រោង​អាទិភាព​នានា​។ ក្នុងន័យនេះ សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​ប្រទេស​សមាជិក​គាំទ្រ​ការបង្កើត​លេខាធិការដ្ឋាន​អេក​ម៉ិ​ក ព្រមទាំង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សេដ្ឋកិច្ច​ឌីជីថល​ដែលជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការបង្កើន​សក្តានុពល​ទីផ្សារ​ដែល​គ្មាន​ដែន​កំណត់ សម្រាប់​សហគ្រាស​ធុន​មីក្រូ​តូច និង​មធ្យម (MSMEs)​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន តាមរយៈ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សកម្មភាព​ផ្សេងទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ ឬ​បន្លាស់​ទីនោះ​ទេ​។​បណ្តា​ប្រទេស​អេក​ម៉ិ​ក គួរ​ស្វែងរក​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​ដើម្បី​លើកកម្ពស់​ការបំពេញបន្ថែម​លើ​ពាណិជ្ជកម្ម និង​ការវិនិយោគ ជាពិសេស​ទាក់ទង​នឹង​ឱកាស​ទីផ្សារ​ថ្មី​ក្រោម​កិច្ចព្រមព្រៀង​អា​សិប (RCEP) ដែល​ទើប​ត្រូវបាន​ចុះហត្ថលេខា​ថ្មីៗ​នេះ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​គូស​រំលេច​នូវ​ភាពចាំបាច់​ដើម្បី​ពង្រឹង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​តាមរយៈ​ការសហការ​ជិតស្និទ​ក្នុងការ​ធានា​នូវ​ការធ្វើដំណើរ​តាមបែប​ពពុះ (Travel Bubbles)​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អេក​ម៉ិ​ក ។​

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ តាមអនឡាញ

​ថ្នាក់ដឹកនាំ បានបញ្ចប់​កិច្ចប្រជុំ ដោយបាន​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល​អេក​ម៉ិ​ក​លើក​ទី​៩ ដែល​ក្នុងនោះ​មាន​ឯកសារ​ចំនួន​០៣ ជា​ឧបសម្ព័ន្ធ​៖(១) ឯកសារ​លក្ខខណ្ឌ​យោង​ស្តីពី​មូលនិធិ​អភិវឌ្ឍន៍​អេក​ម៉ិ​ក​(២) ឯកសារ​ទស្សនាទាន​ស្តីពី​យន្តការ​ការងារ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អេក​ម៉ិ​ក​នៃ​ផែនការមេ​អេក​ម៉ិ​ក​ឆ្នាំ​២០១៩-២០២៣ និង (៣) បញ្ជី​គម្រោង​អាទិភាព​របស់​ប្រទេស​អេក​ម៉ិ​ក​។​

II-​កិច្ចប្រជុំ​កំពូល​CLMV​លើក​ទី​១០
​ក្រោម​មូលបទ​«​លើកកម្ពស់​ការតភ្ជាប់​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​សមាហរណកម្ម​តំបន់​»​ថ្នាក់ដឹកនាំ CLMV បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការអនុវត្ត​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៩ និង​បានបញ្ជាក់​ជាថ្មី​នូវ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​យូរអង្វែង​ភាពជា​អ្នកជិតខាង​ល្អ​និង​ផលប្រយោជន៍​ទៅវិញទៅមក​ក្នុងចំណោម​ប្រទេស​សមាជិក​ទាំង​៤ ក៏ដូចជា​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​ទិសដៅ​នាពេល​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ CLMV ដែលជា​ផ្នែក​សំខាន់​មួយ​នៃ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​។

​ថ្នាក់ដឹកនាំ​បាន​រំលឹក​ឡើងវិញ​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ CLMV ក្នុងការ​បង្រួម​
​គម្លាត​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ាន​ការធានា​សន្តិភាព​ស្ថិរភាព​វិបុលភាព​និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ក៏ដូចជា​បង្កើតជា​ធាតុ​សំខាន់​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ពហុភាគី​ដើម្បី​ប្រយុទ្ធប្រឆាំង​និង​ការស្តារ​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។​

​ថ្នាក់ដឹកនាំ​បានកត់សម្គាល់​ពី​វឌ្ឍនភាព​ដែល​សម្រេចបាន​និង​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ក្នុងពេល​អនុវត្ត​ផែនការ​សកម្មភាព CLMV (២០១៩-២០២០) ដែល​បាន​ដើរតួនាទី​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជា​សមាជិក​ដើម្បី​ធ្វើ​សុខដុម​នីយកម្ម​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ជាតិ​និង​លើកកម្ពស់​សមាហរណកម្ម​តំបន់​។
​ថ្នាក់ដឹកនាំ​ក៏បាន​ទទួលស្គាល់​ផងដែរ​នូវ​ការដើរថយក្រោយ​បណ្តាលមកពី​ជំងឺ​រាតត្បាត​ក្នុង​ទិដ្ឋភាព​ជាច្រើន​និង​បាន​សង្កត់ធ្ងន់​បន្ថែមទៀត​ពី​តម្រូវការ​ក្នុងការ​សម្រប​ខ្លួន​ស្តារឡើងវិញ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ CLMV ឆ្ពោះទៅមុខ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ តាមអនឡាញ

​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​អនាគត​ថ្នាក់ដឹកនាំ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ផែនការ​សកម្មភាព CLMV (២០២១-២០២២) ដែល​បានអនុម័ត​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច CLMV កាលពី​ថ្ងៃទី​២៤ ខែសីហា​ឆ្នាំ​២០២០ ដោយបាន​បញ្ជាក់​នូវ​ទិសដៅ​ច្បាស់លាស់​ក្នុង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​វិនិយោគ​ការអភិវឌ្ឍ​ធនធានមនុស្ស​ការអនុវត្ត​ការប្តេជ្ញាចិត្ត​ក្នុង​តំបន់ ការស្តារ​ឡើងវិញ​ក្រោយ​កូ​វីដ​១៩ និង​ក្របខ័ណ្ឌ​សម្រាប់​ប្រែក្លាយ​តំបន់​នេះ​ទៅជា​មជ្ឈមណ្ឌល​ធុរកិច្ច​ជឿនលឿន​សកល​។​

​តាមរយៈ​គោលបំណង​ចម្បង​នៃ​យន្តការ​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​ព​ន្លឿ​ន​កិច្ចខិតខំ​
​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​អាស៊ាន ថ្នាក់ដឹកនាំ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន ២០២៥ ដែល​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថាប័ន​សេដ្ឋកិច្ច​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏ដូចជា​ផែនការ​សកម្មភាព​ទី​៤ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន (២០២១-២០២៥)​។​
​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ដើម្បី​ពង្រឹង​គោលនយោបាយ​សម្របសម្រួល​ក្នុងចំណោម​បណ្តា​ប្រទេស CLMV សំដៅ​លុបបំបាត់​នូវ​រាល់​ឧបសគ្គ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន តាមរយៈ​ការសម្រួល​ឱ្យ​សាមញ្ញ​នូវ​កិច្ចដំណើរការ និង​នីតិវិធី​គយ​នៅតាម​ព្រំដែន ដែល​អាច​ធានា​នូវ​ប្រតិបត្តិការ​នៃ​បណ្តាញ​ខ្សែចង្វាក់​ផ្គត់ផ្គង់ តាមរយៈ​ការលើកកម្ពស់​ការតភ្ជាប់​ផ្នែក​ដឹកជញ្ជូន និង​ភ័ស្តុភា​រកម្ម​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការកំណត់​សកម្មភាព​សហ​ប្រតិ​ប​តិ្ត​ការ CLMV ក្នុង​បរិបទ​នៃ​ផែនការ​សកម្មភាព​ទី​៤​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​និង​យន្តការ​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ប្រើប្រាស់​ធនធាន​និង​ការគាំទ្រ​ឱ្យមាន​ប្រសិទ្ធភាព​ទៅក្នុង​វិស័យ​អាទិភាព​ដូចជា​ថាមពល​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ធនធានមនុស្ស​និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​កិច្ចប្រជុំ​កំពូល​CLMV លើក​ទី​១០ បានអនុម័ត​ឯកសារ​ចំនួន​៣​ដែល​រួមមាន ៖ (១) សេចក្តីប្រកាស​រួម​ស្តីពី​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម លើក​ទី​១០ (២) ក្របខ័ណ្ឌ​ការងារ​សម្រាប់​ការអភិវឌ្ឍ CLMV និង (៣ )​បញ្ជី​គម្រោង​អាទិភាព CLMV ។​

III-​កិច្ចប្រជុំ​កំពូល CLV​លើក​ទី​១១
​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម​បានបង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម​(CLV DTA) ជាមួយនឹង​ទស្សនៈ​ក្នុងការ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច ការកាត់បន្ថយ​ភាពក្រីក្រ និង​វឌ្ឍនភាព​សង្គម​-​វប្បធម៌ ដោយ​ទាញយក​នូវ​សក្តានុពល កម្លាំង និង​ធនធាន​របស់​ប្រទេស​សមាជិក​នីមួយៗ​។​

​ថ្នាក់ដឹកនាំ​បានទទួល​ស្គាល់​ថា​ជំងឺ​កូ​វីដ​-១៩​បាន​នាំមក​នូវ​ការរំខាន​យ៉ាង​ធំធេង​ដល់​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​-​សង្គម ដូច្នេះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​សមាជិក​ទាំងបី​គឺមាន​សារៈសំខាន់​និង​ចាំបាច់​ដោយ​ផ្តោតលើ​ទំនាក់ទំនង​ប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍​រួម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ថ្នាក់ដឹកនាំ​ទាំងអស់​បានកត់សម្គាល់​ជា​វិជ្ជមាន​លើ​ការងារ​គណៈកម្មាធិការ​សម្របសម្រួល​ចំរុះ​កម្ពុជា​-​ឡាវ​-​វៀតណាម​ក្នុងការ​អនុវត្ត​ផែនការមេ​ដែល​បាន​កែសម្រួល​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៃ​ការអភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម​សម្រាប់​ឆ្នាំ​២០១០-២០២០​។​ថ្នាក់ដឹកនាំ​បន្ត​លើកទឹកចិត្ត​ក្នុងការ​សហការ​ដោយ​ជិតស្និទ​រវាង​ប្រទេស​សមាជិក​CLV ក្នុងការ​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍ​ជំនាញ ការការពារ ព្រមទាំង​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ថ្នាក់​នីតិប្បញ្ញត្តិ​ជាតិ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​។

​ក្នុងអំឡុងពេល​កិច្ចប្រជុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស CLV ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស និង​គ្រឿងញៀន បទល្មើស​ឆ្លងដែន បទល្មើស​ព្រៃឈើ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងទៀត ក៏ដូចជា​ការ​បោសសំអាត​មីន ព្រមទាំង​ការជួយ​សម្រួល​ដល់​ការឆ្លងកាត់​ព្រំដែន​របស់​អ្នកដំណើរ​។​

​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម​លើក​ទី​១១ បានអនុម័ត​លើ​ឯកសារ​៖ (១)​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល CLV លើក​ទី​១១ (២)​ផែនការអភិវឌ្ឍន៍​ស​ម្រា​ប់​វិស័យ​ទេសចរណ៍​នៅក្នុង CLV DTA និង​(៣)​ផែនការអភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម​កៅស៊ូ​ប្រកបដោយ​ចីរភាព​ក្នុង​CLV DTA៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular