ដោយៈ អង្គរតូច/សៀមរាបៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀល ថ្ងៃទី៨ ខែធ្នូនេះ បានសហការជាមួយ កម្លាំងនគរបាល មូលដ្ឋានចុះឆែកឆេរទីតាំងបញ្ចាំគ្មានច្បាប់ ចំនួន៣កន្លែង ដោយបានដកហូតម៉ូតូ មិនមានលិខិតសម្គាល់ចំនួន២០គ្រឿង។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត ស្រាលខេត្ត បានឲ្យដឹងថាៈ ការបង្ក្រាបនេះ គឺមានការសហការជាមួយ អធិការនគរបាល ក្រុង ប៉ុស្តិ៍នគរបាលសង្កាត់ទឹកវិល និងប៉ុស្តិ៍នគរបាល សង្កាត់គោកចក។ ក្នុងនោះ សង្កាត់ ទឹកវិល ចំនួនពីរ ទីតាំង ដែលគ្មានច្បាប់ និង អាជ្ញាប័ណ្ណទទួលបញ្ចាំ ។ ទីតាំងទីមួយ ម្ចាស់ឈ្មោះ ទែន សុភិន ភេទស្រី អាយុ៣៦ឆ្នាំ និងប្ដីឈ្មោះ ដួង ហេង អាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដកហូតម៉ូតូ បានចំនួន ៧ គ្រឿង ដែលខុសប្រក្រតី។ ទីតាំងទី២ ម្ចាស់ឈ្មោះ ស៊ីម ប៊ុនណាត ភេទស្រី អាយុ ៤៨ ឆ្នាំ មានទីតាំង នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន ៣ គ្រឿង ។ ឯទីតាំងទី៣ ម្ចាស់ឈ្មោះ ស៊ឹង នួម ភេទស្រី អាយុ ៥១ ឆ្នាំ នៅភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន ១០ គ្រឿង ។
លោកនាយការិយាល័យ បានបញ្ជាក់ថាៈ ចំពោះម្ចាស់ទីតាំង មកទល់រសៀល ថ្ងៃទី៩ ខែធ្នូនេះ សមត្ថកិច្ច កំពុងសាកសួរ និងស៊ើបអង្កេតនៅឡើយ។ ប្រសិនបើ ការស៊ើបអង្កេត ឃើញថា មិនមានជាប់ពាក់ព័ន្ធនឹងការទទួលផលចោរកម្មនោះ និងអប់រំធ្វើកិច្ចសន្យា។ ប៉ុន្តែបើមានពាក់ព័ន្ធនឹងការទទួលផលចោរកម្ម នោះនឹងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើល នៅអធិការដ្ឋាននគរបាល ក្រុងសៀមរាប ដោយភ្ជាប់ជាមួយ ឯកសារឲ្យបានត្រឹមត្រូវ៕PC