ដោយៈ ជាសីហៈ/ភ្នំពេញៈ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអញ្ជើញចូលរួមជាអធិបតីភាពកម្មវិធីបើកឱ្យដំណើរការកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក ដែលត្រូវបានរៀបចំឡើងជាលក្ខណៈអនឡាញកាលពីថ្ងៃច័ន្ទកន្លងទៅ។
ពិធីនេះត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជាសហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រោមរូបភាពជា Partner City នៃពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី (Singapore FinTech Festival) លើកទី៥ ផ្តួចផ្តើមដោយ អាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលអនុញ្ញាតឱ្យអ្នកចូលរួមទាំងក្នុងប្រទេសកម្ពុជានិងពិភពលោកអាចចូលទស្សនាជាលក្ខណៈអនឡាញ។
នាឱកាសនោះ លោកស្រី ទេសាភិបាលរងបានលើកឡើងអំពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេស ក្នុងវិស័យធនាគារ តួនាទីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការលើក កម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងសេដ្ឋកិច្ចឌីជីថល បញ្ហាប្រឈម វឌ្ឍនភាពដែលធនាគារសម្រេចបានក្នុងការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងសារៈសំខាន់នៃការរៀបចំកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោកសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ក៏មានមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ស្ថានភាពសេដ្ឋកិច្ច – ដំណើរឆ្ពោះទៅរកការងើបឡើងវិញក្នុងឆ្នាំ២០២១”ដើម្បីចែករំលែកអំពីគោលនយោបាយដែលធនាគារជាតិនៃកម្ពុជាបានអនុវត្តសម្រាប់វិស័យធនាគារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ផងដែរ៕