ប្រែសម្រួល : កញ្ញាដាលីស ៖ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានវាយប្រហាររិះគន់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងចំពោះការសង្ស័យលើការអះអាងរបស់កូរ៉េខាងជើងដែលថាប្រទេសនេះគ្មានវីរុសកូរ៉ូណាមួយគ្រាប់សោះ ដោយព្រមានទៅរដ្ឋមន្ត្រីនោះថាអាចនឹងទទួលផលវិបាកចំពោះសម្តីបែបនេះ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា បាននិយាយកាលពីចុងសប្តាហ៍ថា វាពិបាកនឹងជឿចំពោះការអះអាងរបស់កូរ៉េខាងជើងថាមិនមានការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅលើដីរបស់ខ្លួន។
លោកស្រីបានបន្ថែមទៀតថាកូរ៉េខាងជើងមិនបានឆ្លើយតបនឹងការផ្តល់ជូនរបស់កូរ៉េខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺរាតត្បាតនោះទេ។
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នាងគីម យ៉ូជុង បានឆ្លើយតបវិញនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទូរទស្សន៍រដ្ឋ។
នាងគីម យ៉ូជុង
នាងនិយាយថា “គេអាចមើលឃើញពីសម្តីមិនសមហេតុសមផលដែលធ្វើឡើងដោយលោកស្រី ដោយមិនបានពិចារណាអំពីផលវិបាកនានារហូតដល់ថ្នាក់លោកស្រីចង់ធ្វើឱ្យទំនាក់ទំនងកាន់តែសោះកក្រោះថែមទៀតរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង”។
នាងបន្តថា “ចេតនាពិតរបស់លោកស្រីគឺឃើញច្បាស់នឹងភ្នែក។ យើងនឹងមិនភ្លេចពាក្យសម្តីរបស់លោកស្រីឡើយ ហើយលោកស្រីប្រហែលត្រូវបង់នូវតម្លៃដ៏ច្រើនសម្រាប់សម្តីនេះ”។
ការអត្ថាធិប្បាយរបស់នាងយ៉ូជុងបង្ហាញពីភាពរសើបរបស់កូរ៉េខាងជើងចំពោះអ្វីដែលខ្លួនចាត់ទុកថាជាការប៉ុនប៉ងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួននៅពេលដែលប្រទេសនេះកំពុងការពារប្រឆាំងនឹងជំងឺរាតត្បាតនិងការធ្លាក់ចុះសេដ្ឋកិច្ច។
ទោះបីជាមានការអះអាងពីករណីវីរុសកូរ៉ូណាសូន្យក៏ដោយក៏ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនៅតែនិយាយម្តងហើយម្តងទៀតថាមានយុទ្ធនាការប្រឆាំងនឹងការរីករាលដាលជំងឺក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត ដោយក្នុងនោះប្រទេសនេះបានបិទព្រំដែនអន្តរជាតិ ដោយបណ្តេញអ្នកការទូតនិងធ្វើចត្តាឡីស័កអ្នកស្រុកដែលមានរោគសញ្ញាសង្ស័យ។
ការបិទព្រំដែនភាគខាងជើងជាមួយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន កំពុងធ្វើឱ្យខូចសេដ្ឋកិច្ចដែលផុយស្រួយរបស់ខ្លួន។ កូរ៉េខាងជើងបានសារភាពថាខ្លួនកំពុងប្រឈមនឹងវិបត្តិជាច្រើនដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតជាសកល គ្រោះមហន្តរាយធម្មជាតិកាលពីរដូវក្តៅមុន និងការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាម៉េរិកជាប់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕