Home ព័ត៌មានជាតិ សុខាភិបាល ការធ្វើ​តេស្ត...

ការធ្វើ​តេស្ត​លើក​ទី​២ រក​ជំងឺ​កូ​វីដ​-១៩ លើ​ថ្នាក់ដឹកនាំ​រដ្ឋសភា តំណាងរាស្ត្រ និង​អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អវិជ្ជមាន​ទាំងអស់

ដោយៈ​សុផល​/​ភ្នំពេញៈ ការធ្វើ​តេស្ត​លើក​ទី​២ រក​កូ​វីដ​១៩ លើ​ថ្នាក់ដឹកនាំ​រដ្ឋសភា តំណាង រាស្ត្រ និង​អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា នៅ​គេហដ្ឋាន​របស់ សម្តេច​អគ្គ មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​នៅ​វិមាន​រដ្ឋសភា កាលពី​ម្សិលមិញ​នេះ បានទទួល​លទ្ធ​អវិជ្ជមាន​ទាំងអស់​។​

​យោងតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​អ្នកនាំពាក្យ​រដ្ឋសភា បានឱ្យដឹង នៅ​ថ្ងៃទី​៩ ខែធ្នូ​ថាៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, លោក ងួន ញិ​ល អនុប្រធាន​ទី​១ រដ្ឋសភា​, លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​, តំណាងរាស្ត្រ ក្នុងនោះ​មាន​ទាំង​ឧបនាយករដ្ឋមន្ត្រី ចំនួន ២ រូប​ផងដែរ គឺ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​សម្តេចចៅហ្វា​វាំង គង់ សំអុល ព្រមទាំង​មន្ត្រី​រដ្ឋសភា និង​ក្រុមគ្រួសារ ទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដូចជា​អង្គរក្ស គឺ​លទ្ធផល​អវិជ្ជមាន ទាំងអស់​។

​គួររម្លឹកថា ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ទៅលើ​ថ្នាក់ដឹកនាំ តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋសភា ព្រមទាំង​ក្រុមគ្រួសារ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​មាន​តំណាងរាស្ត្រ​ម្នាក់ គឺ​លោក ឡូយ សុផាត បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក ឆែម សាវុធ ដែល​ត្រូវបាន​រកឃើញ មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ។​

​របាយការណ៍​របស់ ក្រសួងសុខាភិបាល បាន​បង្ហាញថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​វត្ថុ​សំណាក ទទួលបាន​ពី​តាម​បណ្តា​ខេត្ត និង​រាជធានី សម្រាប់​ការធ្វើ​តេស្ត លើក​ទី​២ ចំពោះ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨ វិច្ឆិកា​» មាន​សរុប​ចំនួន ៣.៤៦៧ សំណាក ក្នុងនោះ ចំនួន ៤ នាក់ ត្រូវបាន​រកឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ។ ដោយឡែក នៅសល់​វត្ថុ​សំណាក ចំនួន ៤.៩៩៤ សំណាក​ផ្សេងទៀត ត្រូវ​វិភាគ​បន្ត នៅ​ថ្ងៃទី​៩ ខែធ្នូ​នេះ ។​

​ចំនួន​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បាន​កើនឡើង សរុប ៣៥៤ នាក់ ប៉ុន្តែ​ក្នុងនោះ បាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ ចំនួន ៣០៧ នាក់ និង​អ្នក​កំពុង​សម្រាក នៅ​មន្ទីរពេទ្យ មាន​ចំនួន ៤៧ នាក់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular