ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រទេសអារ៉ាប់រួមអេមីរ៉ាតនៅថ្ងៃពុធទី០៩ធ្នូនេះបានចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំងការពារវីរុសកូរ៉ូណាផលិតដោយក្រុមហ៊ុនឱសថចិន Sinopharmដោយនិយាយថាវាមានប្រសិទ្ធភាព ៨៦ ភាគរយផ្អែកតាមការវិភាគនៃការសាកល្បងព្យាបាលដំណាក់កាលទីបី។
ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM បាននិយាយថា ក្រសួងសុខាភិបាលបានប្រកាសពីការចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំងនេះ តែមិនបានបញ្ជាក់ពីរបៀបដែលវ៉ាក់សាំងនឹងត្រូវប្រើប្រាស់យ៉ាងណានោះទេ។
វ៉ាក់សាំងនេះបានឆ្លងកាត់ការសាកល្បងដំណាក់កាលទីបីនៅក្នុងប្រទេសអារ៉ាប់រួមចាប់តាំងពីខែកក្កដាហើយវាត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់សម្រាប់បុគ្គលិកសុខាភិបាលកាលពីខែកញ្ញា។
WAM និយាយថា “ការប្រកាសនេះគឺជាការបោះឆ្នោតសម្តែងការជឿទុកចិត្តពីអាជ្ញាធរសុខាភិបាលរបស់អារ៉ាប់រួមអេមីរ៉ាតចំពោះសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ”។
ទីភ្នាក់ងារនេះនិយាយទៀតថា មន្ត្រីសុខាភិបាលរបស់អារ៉ាប់រួមបានពិនិត្យឡើងវិញនូវការវិភាគបណ្តោះអាសន្នរបស់ក្រុមហ៊ុន Sinopharm លើការសាកល្បងព្យាបាលដំណាក់កាលទីបីដែលបង្ហាញថាវាមានប្រសិទ្ធភាព ៨៦ ភាគរយប្រឆាំងនឹងវីរុសកូរ៉ូណា។
“ការវិភាគក៏បានបង្ហាញផងដែរថា វ៉ាក់សាំងនេះមានអត្រា ៩៩ ភាគរយនៃការបន្សាបអង្គបដិប្រាណនិងប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារប្រឆាំងនឹងករណីឈឺមធ្យមនិងធ្ងន់ធ្ងរ។លើសពីនេះទៀត ការវិភាគបង្ហាញថាមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរនោះទេ”។
បច្ចុប្បន្ន វ៉ាក់សាំងចំនួនពីរបានឆ្លងកាត់ការសាកល្បងដំណាក់កាលទីបីនៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និងវ៉ាក់សាំង Sputnik-V របស់រុស្ស៊ី៕
មេដឹកនាំក្រុងឌូបៃ សេក ម៉ូហាម៉េត ប៊ីន រ៉ាស៊ីដ អាល់ម៉ាកទុម ទទួលវ៉ាក់សាំងកូវីដពិសោធន៍កាលពីខែវិច្ឆិកា