ដោយៈ សរិទ្ធ/កណ្តាលៈ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថាៈ គិតត្រឹមវេលាម៉ោង ៣ រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ អាជ្ញាធរ បានរកឃើញ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ ១៩ ជិត ៧០ នាក់ ដែលត្រូវបានយកមក ធ្វើចត្តាឡីស័កនៅមណ្ឌល ចត្តាឡីស័ក ចំនួន ៣ ទីតាំង គឺមណ្ឌលចត្តាឡីស័ក ក្រុងតាខ្មៅ មណ្ឌលចត្តា ឡីស័ក ស្រុកកណ្តាលស្ទឹង និងមណ្ឌលចត្តាឡីស័ក ពេទ្យជ័យជំនះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអះអាងថាៈ ក្រោយរកឃើញមនុស្ស ២ នាក់ មកពីក្រុងតាខ្មៅ ខេត្តកណ្តាល មានវិជ្ជមានកូវីដ ១៩ អាជ្ញាធរបានសម្រេចបិទ ការលក់ដូរជាបណ្តោះអាសន្ន សម្រាប់អាជីវករ ដែលលក់ដូរ តាមសួនច្បារនៅបណ្តោយ ទន្លេបាសាក់ និងតាមបណ្តោយ ស្ទឹងព្រែកត្នោត ដែលនាំឲ្យមានទីតាំង យ៉ាងហោចណាស់ ៤ ទីតាំងផ្សេងគ្នា ក្នុងខេត្តកណ្តាល ត្រូវបានផ្អាកដំណើរការ លក់ដូរជាបណ្តោះអាសន្ន ក្រោយរកឃើញ អ្នកកើតកូវីដ ១៩ បានទៅដល់ទៅទីនោះ ។
លោក គង់ សោភ័ណ្ឌ បានបន្តថាៈ ដំបូង អាជ្ញាធរ បានផ្អាកដំណើរការ ទីតាំងចំនួនពីរ គឺផ្សារបឹងខ្យាង និង វត្តវិហារត្រាញ់ ដោយសារតែទីតាំង ទាំងពីរនេះ ស្ថិតនៅទីតាំង ស្រុកកណ្តាលស្ទឹង ជាកន្លែងដែលអ្នកស្រី អៀម ធីតា រស់នៅក្រុងភ្នំពេញ មានអ្នកជំងឺកូវីដ ១៩ ធ្លាប់បានមកលេងបងប្អូន និងដើរផ្សារ ។
បន្ទាប់មក នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមាន កូវីដ ១៩ នៃព្រឹត្តិការសហគមន៍ ២៨ វិច្ឆិកា ចំនួន ៤ នាក់ ដែលក្នុងនោះអ្នកជំងឺ ២ នាក់ គឺ ឈ្មោះ ឡុង សុខនី ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅសង្កាត់ព្រែកឫស្ស៊ី ក្រុងតាខ្មៅនិងបុរស ឈ្មោះ សន សាញ់បញ្ញារិទ្ធ អាយុ ២០ ឆ្នាំ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលអ្នកទាំងពីរ ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ) ។ ដូច្នេះដើម្បីសុវត្ថិភាព ក៏ដូចជា ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មិនមានឆ្លងជំងឺកូវីដ-១៩ ទើបអាជ្ញាធរសម្រេចផ្អាកដំណើរការ លក់ដូរតាមសួនច្បារ ទន្លេបាសាក់ និងអាជីវករតូចៗ លក់ដូរតាមបណ្តោយ ស្ទឹងព្រែកត្នោត ជាបណ្តោះអាសន្ន ៕PC