ប្រែសម្រួលៈវាសនា/តែល អាវីវ៖ អ៊ីស្រាអែលកាលពីថ្ងៃពុធបានទទួលវ៉ាក់សាំងកូវីដ១៩ ក្រុមដំបូងមកពីក្រុមហ៊ុនPfizer ដោយនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា «អវសាននៃជំងឺឆ្លងនេះកំពុងលេចឡើងលឹមៗ» ហើយលោកប្តេជ្ញាចាក់វាមុនគេ។
នៅលើផ្លូវយន្តហោះនៃអាកាសយានដ្ឋានមួយជិតក្រុងតែល អាវីវ ចំពេលរថយន្តកំពុងលើកទំនិញចេញពីទូរក្លាសេពណ៌ក្រហមលឿង លោកណេតាន់យ៉ាហ៊ូបាននិយាយថា« នេះជាការអបអរធំមួយសំរាប់អ៊ីស្រាអែល។ការបញ្ចប់នៃជំងឺនេះកំពុងលេចចេញជាពន្លឺហើយ។អ្វីដែលសំខាន់ចំពោះខ្ញុំគឺថា ពលរដ្ឋអ៊ីស្រាអែលនឹងទទួលបានវ៉ាក់សាំង តែខ្ញុំចង់ធ្វើជាគំរូ ដោយចាក់វាមុនគេនៅក្នុងរដ្ឋអ៊ីស្រាអែល»។
ទំនិញកាលពីថ្ងៃពុធជាផ្នែកមួយនៃវ៉ាក់សាំង៨លានដូសដែលអ៊ីស្រាអែលទិញពីក្រុមហ៊ុនអាម៉េរិក Pfizer BioNTech។
តាមពិតវ៉ាក់សាំងPfizerនៅមិនទាន់ទទួលបានការយល់ព្រមអោយប្រើពីនិយ័តករអ៊ីស្រាអែលនៅឡើយទេ តែលោកណេតាន់យ៉ាហ៊ូ បាននិយាយថាលោករំពឹងថានឹងបានការអនុញ្ញាតអោយប្រើនៅក្នុងពេលអនាគតដ៏ខ្លី។
អ៊ីស្រាអែលក៏បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ចំនួន៦លានដូសពីក្រុមហ៊ុនអាម៉េរិកModernaដែលទំនងជានឹងបញ្ជូនអោយអ៊ីស្រាអែលនៅឆ្នាំ២០២១។សរុបអ៊ីស្រាអែលទិញវ៉ាក់សាំង១៤លានដូស សំរាប់ប្រជាជន៩លាននាក់របស់ខ្លួន៕
នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ប្តេជ្ញាចាក់សាំងមុនគេដើម្បីជាគំរូ នៅពេលវ៉ាក់សាំងក្រុមដំបូងរបស់Pfizer BioNTech ត្រូវបានដឹកមកដល់អ៊ីស្រាអែលកាលពីថ្ងៃពុធ