ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការឆ្លើយតប ទៅនឹងការស្នើសុំរបស់ លោក លាង សួគ៌ ប្រធានសាលាដំបូង ខេត្តកំពង់ធំ បញ្ជាក់អំពី វិសមិតភាព ក្នុងការរបស់លោកស្រី ស៊ឹម សុវណ្ណារិទ្ធ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងការបំពេញតួនាទី ជាមេធាវីការពារសិទ្ធិ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ លោកបានបញ្ជាក់ថាៈ ការបំពេញតួនាទីរបស់ លោកស្រី ស៊ឹម សុវណ្ណារិទ្ធ ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មិនមានបញ្ហាវិសមិតភាព ជាមួយនឹងការប្រកប វិជ្ជាជីវៈមេធាវីទេ។
ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាថាៈ គណៈមេធាវី ទើបតែទទួលបានលិខិតស្នើសុំ ការបញ្ជាក់ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នឹងកំពុងតែរៀបចំធ្វើការឆ្លើយតប ជាសាធារណៈ ដើម្បីបញ្ជាក់ អំពីបញ្ហានេះឲ្យបានច្បាស់។
ប្រធានគណៈមេធាវី បានបញ្ជាក់ថាៈ “ប៉ុន្តែអ្វីដែលអាចប្រាប់បាន គឺបើបកស្រាយ ទៅតាមអ្វីដែលមានចែង នៅក្នុងច្បាប់ គឺការងារ ជាសមាជិក ក្រុមប្រឹក្សាខេត្ត គឺមិនមានបញ្ហាវិសមិតភាព ជាមួយនឹងការប្រកបវិជ្ជាជីវៈមេធាវីទេ។ ដោយសារមាត្រា ៥៣ និងមាត្រា ៥៤ នៃច្បាប់លក្ខន្តិកៈមេធាវី គឺមិនមានចែងពាក់ព័ន្ធ ជាមួយនឹងបញ្ហាហ្នឹងទេ ក្នុងនោះគឺនិយាយពីវិសមិតភាព ជាមួយនឹងមុខងារសាធារណៈ ហើយនឹងមុខងារ ជាតំណាងរាស្ត្រ ប៉ុន្តែដល់ពេលក្រុមប្រឹក្សាខេត្ត ជាមន្ត្រីអាណត្តិ ហើយមិនមែនជាមន្ត្រី មុខងារសាធារណៈទេ ហើយជាគោលការណ៍ មិនមានបញ្ហានឹងទេ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ប្រធានសាលាដំបូង ខេត្តកំពង់ធំ លោក លាង សួគ៌ បានធ្វើលិខិតស្នើសុំ ប្រធាននគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់អំពីវិសមិតភាព ក្នុងការរបស់លោកស្រី ស៊ឹម សុវណ្ណារិទ្ធ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងការបំពេញតួនាទី ជាមេធាវីការពារសិទ្ធិ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។
លោក លាង សួគ៌ បានជម្រាបជូន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាថាៈ សាលាដំបូងខេត្តកំពង់ធំ បានទទួលជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌ លេខ ២០៣ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ដែលមានជនជាប់ចោទ ២នាក់ ម្នាក់នៅក្នុងឃុំ ហើយដែលជនជាប់ចោទ ទាំង២នាក់ នេះ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋ (បទឃាតកម្ម) ។ នៅពេលចាប់ផ្តើម ពិភាក្សាដេញដោល តំណាងអយ្យការ បានស្នើសុំអោយក្រុមប្រឹក្សាជំនុំជម្រះ ធ្វើការពិចារណា អំពីវិសមិភា ពក្នុងការបំពេញវិជ្ជាជីវៈជាមេធាវី ការពារសិទ្ធិ អោយជនជាប់ចោទ ដោយជនជាប់ចោទ ខាងលើ មានមេធាវីការពារសិទ្ធិ ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធិ អត្តលេខ៤៣៦ ដែលជាមេធាវី កំពុងប្រកបវិជ្ជាជីវៈ ហើយទន្ទឹមគ្នានេះ មេធាវីរូបនេះ ក៏កំពុងកាន់តំណែង ជាសមាជិកក្រុមប្រឹក្សា ខេត្តកំពង់ធំ លេងរៀងទី១០។ ក្រុមប្រឹក្សាជំនុំជម្រះ បានជួបបញ្ហា ដូចខាងលើ ពាក់ព័ន្ធនឹងសេចក្តីណែនាំលេខ ០២៧ សណន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលណែនាំអំពីវិសមិតភាព ក្នុងការបំពេញតួនាទី ជាមេធាវីការពារសិទ្ធិ អោយជនជាប់ចោទ ឬ មេធាវីតំណាង ដោយអាណត្តិ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី។
ប្រធានសាលាដំបូងខេត្តកំពង់ធំ សូមឲ្យប្រធានគណៈមេធាវី មេត្តាពិនិត្យ និងផ្តល់ការបញ្ជាក់ អំពីវិសមិភាព ក្នុងការបំពេញតួនាទី ជាសមាជិកក្រុមប្រឹក្សា ខេត្តកំពង់ធំ និង ការបំពេញតួនាទី ជាមេធាវីការពារសិទ្ធិ ឬ មេធាវីតំណាង ដោយអាណត្តិ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ និង សំណុំរឿងរដ្ឋប្បវេណី៕/V