ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជាកម្មករអូសរទេះ នៅផ្សារនាគមាសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុងផ្សារឃ្លាំងរំសេវ កាលពីម៉ោងប្រមាណ ២ និង៤០នាទី រសៀល ថ្ងៃទី៩ ខែធ្នូនេះ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរសរូបនេះ ត្រូវបានកម្មករដូចគ្នា អោយដឹងថា ឈ្មោះហៅក្រៅ តាខ្លា អាយុ៥៧ឆ្នាំ មានទីលំនៅខេត្តក្រចេះ ។
តាមព័ត៌មាន ឱ្យដឹងថា នៅរសៀលនោះ គេឃើញបុរសរូបនេះ បានទៅដេកនៅមុខតូបខាងលើ ហើយត្រូវបានគេប្រទះឃើញ ស្លាប់តែម្ដង ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះ ស្លាប់ដោយសារអ្វីឡើយ ។
ក្រុមកម្មករ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ បន្ទាប់ពីធ្វើការអស់កម្លាំង បុរសរូបនោះ រួមជាមួយកម្មករដូចគ្នា ចំនួន ៤ នាក់ទៀត បាននាំគ្នាអង្គុយផឹក នៅតាមផ្លូវលេខ ២៣០ ខាងត្បូងផ្សារឃ្លាំងរំសេវ លុះយប់ជ្រៅ ក៏បានទៅសម្រាក នៅក្នុងផ្សារឃ្លាំងរំសេវ និងឃើញដេកស្លាប់តែម្ដង ។
បន្ទាប់ពីភ្ញាក់ផ្អើល នគរបាល បានចុះទៅពិនិត្យសព ហើយបញ្ជាក់ថា បុរសរូបនោះ ដេកស្លាប់ ដោយសារគាំងបេះដូង ៕/V