ដោយៈ រ៉ាម៉ន / ភ្នំពេញៈ មហាសន្និបាត សមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង នៅឆ្នាំ២០២០ នេះ បានប្រារព្ធធ្វើឡើង នៅទីក្រុងទុយនីស ប្រទេសទុយនីស៊ី ហើយកិច្ចប្រជុំនេះ មានការចូលរួមប្រជុំ ដោយផ្ទាល់ និងការប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសំឡេង មកពីបណ្តាទីក្រុងចំនួន ១៣០ ស្មើនឹង ១៣០ ប្រទេស ដែលជាទីក្រុងប្រើប្រាស់ ភាសាបារាំង បើទោះបីលើពិភពលោក ប្រឈមនឹងជំងឺកូវីដ ១៩ ក៏ដោយ។
ដោយឡែក នៅល្ងាចថ្ងៃទី៩ ធ្នូនេះ សម្រាប់ទីក្រុងភ្នំពេញ បានបើកកិច្ចប្រជុំនេះ តាមរយៈការបញ្ជូនរូបភាព និងសំឡេង នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមពិភាក្សា ក្នុងកម្មវិធីមហាសន្និបាតនេះ។
កិច្ចប្រជុំត្រូវបានបែងចែកជា ៣ ផ្នែកធំៗ ៖ ទី១ សន្និសីទស្ដីពីទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីតាល់។ ទី២ កិច្ចប្រជុំការិយាល័យកន្ត្រៃ លើកទី៩២ របស់សមាគម AIMF ។ ទី៣ កម្មវិធីបើកមហាសន្និបាតលើកទី៤០ របស់សមាគម AIMF ដែលមាន ២ ផ្នែកសំខាន់ៗ ។ កិច្ចប្រជុំនេះ ធ្វើឡើង ក្រោមអធិបតីភាពរបស់លោកស្រី ANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF ។
ពាក់ព័ន្ធនឹងពិធីបើកមហាសន្និបាត ស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីតាល់នេះ គឺជាមហាសន្និបាត លើកទី៤០ របស់សមាគមAIMF ហើយ សមាគម AIMF តែងតែប្រារព្ធធ្វើ ជាមួយនឹងសន្និសីទបច្ចេកទេស ក្រោមប្រធានបទ ដាច់ដោយឡែក ពីឆ្នាំមួយ ទៅឆ្នាំមួយទៀត សម្រាប់ឆ្នាំ២០២០នេះ ។ សមាគម AIMF បានរៀបចំសន្និសីទមួយ ក្រោមប្រធានបទ ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីតាល់។
ទីក្រុងដែលបានចូលរួម ក្នុងកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈការបញ្ជូនតាមរូបភាព និងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើង ពីអត្ថប្រយោជន៍ ពីប្រព័ន្ធឌីជីថលនេះ មានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ច មានការអភិវឌ្ឍ រីកចំរើនយ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។
គួរបញ្ជាក់ថា នៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី៩ ខែធ្នូនេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ លើកទី៩២ របស់សមាគម AIMF និងធ្វើឡើងក្រោមអធិបតីភាព លោកស្រី ANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF ៕/V