ដោយៈ ពៅនិមល / ភ្នំពេញៈ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association (ASSA) កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំលើកទី៣៧ ដើម្បីពិភាក្សាគ្នា អំពីប្រធានបទ ស្តីពីការពង្រីកការគ្របដណ្តប់ របបសន្តិសុខសង្គម។ នេះគឺជាលើកទី១ ដែលកម្ពុជា បានរៀបចំជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គម អាស៊ានលើកទី៣៧ នេះឡើង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួម ពីតំណាងប្រធានសន្តិសុខសង្គមអាស៊ាន ទាំង ១០ ប្រទេស សរុបចំនួន ២១ ស្ថាប័ន ដែលប្រព្រឹត្តទៅ នៅសាលប្រជុំធំ នៃបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) រាជធានីភ្នំពេញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រោយចប់កិច្ចប្រជុំ លោក អ៊ុក សមវិទ្យា អគ្គនាយកបេឡាជាតិ របបសន្តិសុខសង្គម និងជាប្រធាននៃ កិច្ចប្រជុំ បានលើកឡើងថាៈ រយៈពេលជាង ៥៣ ឆ្នាំមកនេះ អាស៊ានសម្រេចបានសមិទ្ធផល ចម្បងជាច្រើន ជាពិសេសសមិទ្ធផលថ្មីៗ ក្នុងការកសាងសហគមន៍អាស៊ាន ទៅតាមសរសរស្តម្ភ ទាំងបី គឺសហគមន៍នយោបាយ-សន្តិសុខអាស៊ាន, សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម -វប្បធម៌អាស៊ាន។ ទន្ទឹមនឹងនេះ ក៏បានមើលឃើញ អំពីបញ្ហាប្រឈម និងកិច្ចការជាច្រើន នៅចំពោះមុខ ដែលតម្រូវឲ្យមានការរួបរួមគ្នា ពុះពារជំនះ និងដោះស្រាយ ក្នុងស្ថានភាព ដែលមានការវិវត្តប្រែប្រួល យ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ទាំងក្នុងកម្រិតសកល និងទាំងក្នុងកម្រិតតំបន់។
ប្រការនេះ តម្រូវឲ្យទាំងអស់គ្នា បង្កើនការខិតខំទ្វេដងថែមទៀត ក្នុងសម័យកាល នៃការរីករាលដាល ជំងឺកូវីដ១៩ ដែលនៅតែបន្តឆ្លង ក្នុងតំបន់ និងជាសកល ដែលជាកត្តានាំឲ្យយើងត្រូវខិតខំរួបរួមគ្នា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការចែករំលែកផ្លែផ្កា នៃកំណើននេះ ឲ្យបានកាន់តែប្រសើរឡើង ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន ពិសេសលើ ផ្នែករបបសន្តិសុខសង្គម។
ក្នុងឱកាសនោះ លោកអគ្គនាយក បានវាយតម្លៃខ្ពស់ ចំពោះអង្គភាពសន្តិសុខសង្គម ជាសមាជិកនៃ សមាគមសន្តិសុខសង្គមអាស៊ាន (ASSA)ទាំងអស់ និងអង្គការជាតិ-អន្តរជាតិ ដែលបានគាំទ្រ និងផ្តល់នូវកិច្ចសហការកន្លងមក លើវិស័យ សន្តិសុខសង្គម ក៏ដូចជាទៅអនាគត ក្នុងការចូលរួមចំណែក ចែករំលែកចំណេះដឹង និងបទពិសោធន៍ គ្នាទៅវិញទៅមក សម្រាប់ការអភិវឌ្ឍប្រទេស ក្រោមបាវចនា “ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ (One vision, One Identity, One Community)”។
តាមរយៈនៃកិច្ចប្រជុំនេះ លោក សំណូមពរដល់ សមាជិកទាំងមូល សូមចូលរួមចែករំលែក ផ្តល់នូវបទពិសោធន៍ ផ្នែកសន្តិសុខសង្គម ពីគ្នាទៅវិញទៅមក ក្នុងនាមជា សមាជិកអង្គភាពសន្តិសុខសង្គម នៃបណ្តាប្រទេសនីមួយៗ ក្នុងការអនុវត្តទទួល បានជោគជ័យ កន្លងមក ដើម្បីជាធាតុចូល សម្រាប់ការអភិវឌ្ឍបន្ថែម នូវវិស័យសន្តិសុខសង្គមរបស់ខ្លួន ឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត សម្រាប់ប្រទេស ដែលមានការអភិវឌ្ឍតិច ឲ្យមានការអភិវឌ្ឍ កាន់តែច្រើន។
សូមបញ្ជាក់ថា មុនបើកដំណើរការ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នាព្រឹកនេះ លោក Haji Omar bin Mohd. Dali ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងជានាយកនៃអង្គភាព ETF ប្រទេសព្រុយណេ ដារ៉ូហ្សាឡាម បានថ្លែង តាមរយៈប្រព័ន្ធវីដេអូ ដែលមានខ្លឹមសារថាៈ នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ និងជាលើកទី១ ដែលយើងមិនធ្លាប់ជួបប្រទះពីមុន ដែលបានបើកកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) តាមរយៈប្រព័ន្ធវីដេអូ។ លោកពិតជាសោកស្តាយខ្លាំងណាស់ ដែលមិនបានមកដល់ផ្ទាល់ នៃទឹកដីទីក្រុងអង្គរ ដ៏អច្ឆរិយមួយនេះ៕/V