ដោយៈ ជាសីហៈ/ភ្នំពេញៈ ស្រុកស្អាងដែលជាស្រុកមួយ ស្ថិតនៅប៉ែកខាងត្បូងនៃទីរួមខេត្តកណ្តាល ដែលមាន ១១ ឃុំ និង ប្រជាជនសរុបចំនួន ២១៩ .៨៣០នាក់ ជាស្រុកមួយដែលកំពុងតែមានការអភិវឌ្ឈន៍ខ្សែច្រវ៉ាក់ផលិកម្មបន្លែនៅកម្ពុជា ដោយនៅក្នុងនោះប្រជាជន ៥៣,៤% ប្រកបរបរដាំដុះដំណាំសាកវប្បកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា ស្រុកស្អាងមានផ្ទៃដីកសិកម្មសរុបប្រមាណ ១៧.១៥០ ហិកតា ក្នុងនោះដំណាំស្រូវ ១០.៤៥០ ហិកតា, ដំណាំបន្លែ ៥.២០០ហិកតា និងដំណាំកសិកម្មផ្សេងៗទៀត ។
បច្ចុប្បន្ននេះដោយមានការគាំទ្រយ៉ាង ពេញទំហឹង ពីអភិបាលខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៏ នានា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ក្រោមយកចិត្តទុកដាក់ និង ចង្អុលបង្ហាញ ពី លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង តាមរយៈគម្រោងជំរុញផលិតកម្មស្បៀង (BFP) ពីឆ្នាំ២០១៧ ដល់ ២០១៩ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោងផ្សេងៗទៀត ដោយផ្តោតសំខាន់លើជំរុញកំណើនផលិតកម្មបន្លែនៅតំបន់ដែលមានសក្តានុពល ផ្សារភ្ជាប់ទៅនឹងទីផ្សារ ។
ប្រភពដដែលបានអះអាងថា ផលិតកម្មបន្លែនៅក្នុងស្រុកស្អាងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅក្នុងឆ្នាំ២០២០ នេះស្រុកស្អាង ការផលិតបន្លែ មាននិន្នាការកើនឡើង ៥. ១៦៩ ហិកតា ហើយទទួលបានបរិមាណផលចំនួនប្រមាណជា ៤២.១៧៦ តោន ក្នុងមួយឆ្នាំ ស្មើនឹង ១១៥,៥៥ តោន/ថ្ងៃ៕