Home ព័ត៌មានជាតិ សេដ្ឋកិច្ច ខេត្តព្រៃវែង​...

ខេត្តព្រៃវែង​បំបែក​កំណត់ត្រា​ក្លាយជា​ខេត្ត​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​នៅ​កម្ពុជា​

ខេត្តព្រៃវែង​បំបែក​កំណត់ត្រា​ក្លាយជា​ខេត្ត​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​នៅ​កម្ពុជា​

​ដោយៈ ជា សីហៈ / ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃនេះ បាន​អះអាងថា ខេត្ត ព្រៃវែង​ជា​ខេត្ត​មួយ​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ក្នុងចំណោម ២៥ រាជធានី​/​ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុងក្រោយ ។​

​លោក រដ្ឋមន្ត្រី​បាន​អះអាងថា ការងារ​ដាំ​ដុះ​ស្រូវ​រដូវវស្សា​នៅក្នុង​ឆ្នាំ ២០២០ នៅ​ខេត្តព្រៃវែង​អនុវត្តបាន​លើ​ផ្ទៃដី​ប្រមាណ ២៨០.៣៩៩ ហ​.​ត រីឯ​ការងារ​ប្រមូល​ផល​ស្រូវ​វិញ គិត​មកទល់​ថ្ងៃទី​៥ ខែធ្នូ ខេត្ត​សម្រេច​ប្រមូល​ផល​បាន​ចំនួន ២១៥.៣៩៩​ហ​.​ត ស្មើនឹង ៧៧% នៃ​ផ្ទៃដី​សរុប និង​ទទួលបាន​ទិន្នផល​ជា​មធ្យម​ប្រមាណ ៣,២៣ ត​/​ហ​.​ត ហើយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៦៩២.៣០២ តោន​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ក្រៅពី​ដំណាំ​ស្រូវ ការអនុវត្ត​ដំណាំ​ក​សិ​-​ឧស្សាហកម្ម សាកវប្បកម្ម (​ផលិតកម្ម​បន្លែ​) ផលិតកម្ម​វារីវប្បកម្ម និង​ផលិតកម្ម​សត្វ (​មាន់ គោ ជ្រូក​) នៅក្នុង​ខេត្ត​នេះ ក៏មាន​សក្តានុពល​ក្នុងការ​នាំចេញ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ។ ទន្ទឹមនឹង​ជា​ខេត្ត​នាំមុខគេ​ក្នុងការ​ផលិត​នូវ​ផលិតផល​កសិកម្ម ក៏​ជា​ខេត្ត ឈាន​មុន​សម្រាប់ធ្វើ​ការនាំ​ចេញទៅ​កាន់​ប្រទេសជិតខាង​តាមផ្លូវ​គោក និង​ផ្លូវទឹក​ផងដែរ ។

​យោងតាម​របាយ ការណ៍​របស់​មន្ទីរ​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃទី​៨ ខែធ្នូ​បាន​បង្ហាញថា គិត​ចាប់ តាំងពី​ថ្ងៃទី​២២ ខែឧសភា ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ បរិមាណ​ផល​ស្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​សរុប​មាន​ចំនួន ៧១៩.៦៩៣​តោន ដោយឡែក គ្រាន់​តែមួយ​សប្តាហ៍​កន្ល​ង​មក បរិមាណ​ស្រូវ​ចំនួន ៦៩ ៤៣៤​តោន​ត្រូវបាន​នាំ​ចេញពី​ខេត្តព្រៃវែង​ទៅកាន់​ប្រទេសជិតខាង​។
​របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា ជា​មធ្យម​ស្រូវ​មានតម្លៃ ១ ១៥០​រ​/kg (​អាច​ថ្លៃ​ជាង ឬ​ថោក​ជាង​អាស្រ័យ​លើ​ប្រភេទ​ស្រូវ​)​។​

​កន្លងមក​គេ​ដឹងថា ខេត្ត​ដែលជា​ជ​ម្រុ​កស្រូវ​អង្ករ​របស់​កម្ពុជា​គឺ​ខេត្តបាត់ដំបង ប៉ុន្តែ បើតាម​សេចក្តីរាយការណ៍​របស់​លោក​រដ្ឋមន្ត្រី នេះ​គឺជា​កំណត់ត្រា​ថ្មី​មួយ​នៅ​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular