ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា-ថៃ: យោធភូមិភាគទី៥ នគរបាលការពារព្រំថែនរបស់កម្ពុជាបានអះអាងថា ខ្លួនទុកពេលឲ្យភាគីថៃចំនួន២ថ្ងៃ ក្នុងការុះរើស្លាកសញ្ញាដោះមីនចេញពីតំបន់បង្គោលព្រំដែនលេខ ៣២-៣៣ នាភូមិសាមគ្គី (ខាងជើងច្រកតំបន់បឹងត្រកួន) ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខឃុំ/ស្រុកតាប្រាយ៉ាខេត្តស្រះកែវ។ នេះ បើយោងស្មារតីនៃខ្លឹមសារអង្គប្រជុំបន្ទាន់មួយ ដែលមានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ទទួលជានាយសេនាធិការយោធភូមិភាគទី៥ នៅស្នាក់ការក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនតំបន់បឹងត្រកួន កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០ ដែលបានដឹកនាំក្រុមការងារ ជួបជាមួយ ឧត្តមសេនីយ៍ទោ ព្រំ រឿន និងឧត្តមសេនីយ៍ទោ ទឹម ទុំ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក។
បើតាមសេចក្តីប្រកាសរបស់យោធភូមិភាគ៥ បានអោយថឹងថា អង្គប្រជុំបាន ពិភាក្សាគ្នាដោះស្រាយ អំពីសកម្មភាពដោះមីនរបស់ភាគីថៃ ចន្លោះបង្គោលសីមាលេខ ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើឱ្យក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីន ចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ ភាគីថៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំង (កម្ពុជា) ឈរជើងនៅទីនោះនឹងធ្វើការរុះរើ ។ ហើយរាល់សកម្មភាពផ្សេងៗតាមបណ្តោយព្រំដែន សូមឱ្យភាគីថៃជូនដំណឹងគ្នាទៅវិញទៅមក ។
ក្រោយពិភាក្សាគ្នាចប់ ក្រុមការងារបានចុះត្រួតពិនិត្យ គោលដៅថៃដោះមីនជាក់ស្តែង នៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕