Home ព័ត៌មានជាតិ សង្គម អគ្គនាយកដ្ឋាន...

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាទទួលអំណោយ​ម៉ាស់​ចំនួន​៥​ពាន់​បន្ទះ ពី​មជ្ឈមណ្ឌល​វប្បធម៌​ចិន​

ដោយ:​ដេប៉ូ​/​ភ្នំពេញ​: អគ្គនាយកដ្ឋាន ទូរ​ទស្ស​ន៌​ជាតិ​កម្ពុជា បានទទួល​អំណោយ​ម៉ាស​ចំនួន​៥​ពាន់​បន្ទះ និង​ថង់​ក្រអូប​មួយចំនួនទៀត ពី​មជ្ឈមណ្ឌល​វប្បធម៌​ចិន ប្រចាំ​កម្ពុជា​ដើម្បី​ចូលរួម ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​ពិធី​ប្រគល់​ម៉ាស​កាលពី​ថ្មីៗ​នេះ​លោក ឈាន យាន​កាង ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ចិន ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ការផ្តល់​ម៉ាស់ ចំនួន​៥​ពាន់​ម៉ាស់ នាពេលនេះ គឺជា​ការ រួមចំណែក ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង នៃ​ការរីក​រាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាល ដាល​ពាសពេញ សកលលោក ក៏ដូចជា នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក ឈាន យាន​កាង បានឱ្យដឹង​បន្ថែមទៀតថា ក្រោម​កិច្ចសហប្រតិបត្តិការ ទ្វេភាគី ប្រកបដោយ​ផ្លែផ្កា រវាង​កម្ពុជា​-​ចិន ដែល​ត្រូវបាន ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត រហូត​ឈានដល់​កម្រិត​ភាពជា ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ការគាំទ្រ និង ការផ្តល់​ជំនួយសម្ភារៈ​មកកាន់​កម្ពុជា គឺជា​ការយកចិត្តទុកដាក់​លើសពី​ក្របខណ្ឌ​នៃ​ចំណងមិត្តភាព តែ​ជា​ការរួម​បេះដូង​តែមួយ​រវាង​កម្ពុជា​-​ចិន​។​

​លោក ឃឹម វុទ្ធី អគ្គនាយក​ទូរ​ទស្ស​ន៌​ជាតិ​កម្ពុជា បាន​ថ្លែងអំណរគុណ ចំពោះ​មជ្ឈមណ្ឌល វប្បធម៌​ចិន ប្រចាំ​កម្ពុជា ដែល​បាន​នាំយក​ម៉ាស់ ចំនួន​៥​ពាន់​ម៉ាស់ និង ថង់​ក្រអូប​សម្រាប់ បន្ថយ​បាក់តេរី មេរោគ​មួយចំនួន ជូន​ដល់​អគ្គនាយកដ្ឋាន ទូរ​ទស្ស​ន៌​ជាតិ​កម្ពុជា ដើម្បី​ចូលរួម ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​បន្ទាប់ពី កើតមាន​ព្រឹ​ត្ត​ការណ៍ សហគមន៍ ២៨ វិច្ឆិកា ដែល​បាន​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ នាពេល​កន្លងមកនេះ​។

​លោក​អគ្គនាយក​ទូរ​ទស្ស​ន៌​ជាតិ​កម្ពុជា​បាន​បញ្ជាក់ថា អំណោយ​ដ៏​ថ្លៃថ្លា​នេះ នឹង​បែងចែក ជូន​ទៅដល់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ សម្រាប់​ប្រើប្រាស់ ក្នុងការ​បំពេញភារកិច្ច​ប្រចាំថ្ងៃ ដើម្បី​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល បន្ត​ក្នុង​សហគមន៍​។​

​គួរ​បញ្ជាក់ថា មជ្ឈមណ្ឌល​វប្បធម៌​ចិន ប្រចាំ​កម្ពុជា បាន​នាំយក ម៉ាស់​ចំនួន​៤​ម៉ឺន​ម៉ាស់ និង​ថង់​ក្រអូប សម្រាប់​បន្ថយ​បាក់តេរី​មេរោគ ទៅ​ប្រគល់ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងទេសចរណ៍ ដោយ​ក្នុង​ក្រសួង​នីមួយៗ ទទួលបាន​ម៉ាស់​ចំនួន​២​ម៉ឺន​ម៉ាស់ និង​សម្ភារៈ​មួយចំនួន​។ ដោយឡែក អគ្គនាយដ្ឋាន ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​អប្សរា ក៏​ទទួលបាន​ម៉ាស់​ចំនួន​៥​ពាន់​ម៉ាស់ និង​ថង់​ក្រអូប សម្រាប់​ការពារ​រោគ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular