ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ក្រុមហ៊ុនបណ្តាញសង្គមFacebookអាចត្រូវបង្ខំអោយលក់ចេញទ្រព្យសម្បត្តិដ៏មានតំលៃរបស់ខ្លួនគឺWhatsApp និង Instagramក្រោយពីគណៈកម្មាធិការពាណិជ្ជកម្មសហព័ន្ធនិងស្ទើរគ្រប់រដ្ឋអាម៉េរិកបានដាក់ពាក្យប្តឹងក្រុមហ៊ុនបណ្តាញសង្គមអាម៉េរិកនេះ ដោយថាវាប្រើយុទ្ធសាស្ត្រ« ទិញ ឬកប់ចោល(buy or bury)»ដើម្បីយកគូប្រជែងមកគ្រប់គ្រងភ្លាមៗ និងធ្វើអោយក្រុមហ៊ុនប្រកួតប្រជែងតូចៗកាន់តែចាញ់ប្រៀប។
ជាមួយនឹងបណ្តឹងឌុបនេះកាលពីថ្ងៃពុធ Facebookបានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំទី២ដែលប្រឈមនឹងឧបសគ្គផ្លូវច្បាប់ធំមួយនៅឆ្នាំនេះ ក្រោយពីក្រសួងយុត្តិធម៌អាម៉េរិក ប្តឹងGoogle កាលពីខែតុលា ដោយចោទប្រកាន់ក្រុមហ៊ុនអាម៉េរិកនេះថា ប្រើប្រាស់អំណាចទីផ្សារដើម្បីរារាំងគូប្រជែង។
បណ្តឹងកាលពីថ្ងៃពុធចោទប្រកាន់ Facebookថាទិញយកគូប្រជែង ដោយដំបូងផ្តោតលើកម្មវិធីចែកចាយរូបភាពដោយចំណាយ១ពាន់លានដុល្លារដើម្បីទិញយក Instagram នៅឆ្នាំ២០១២និងក្រោយមកកម្មវិធីបញ្ជូនសារWhatsApp ក្នុងតំលៃ១៩ពាន់លានដុល្លារនៅឆ្នាំ២០១៤។
អគ្គរដ្ឋអាជ្ញារដ្ឋញូវយ៉ក ដែលតំណាងអោយក្រុមរដ្ឋ៤៦ បាននិយាយថា« អស់ពេលជិត១ទសវត្សរ៍មកហើយ Facebookបានប្រើឧត្តមភាពរបស់ខ្លួននិងអំណាចផ្តាច់មុខដើម្បីកំទេចគូប្រជែងតូចៗជាងខ្លួន ហើយខ្ទប់ដង្ហើមការប្រកួតប្រជែងក្រោមការចំណាយរបស់អ្នកប្រើប្រាស់រាលថ្ងៃ»។
តែមេធាវីរបស់ Facebookលោកស្រីជេននីហ្វើ ញូវស្ទីតបានហៅបណ្តឹងនេះថា«ប្រវត្តិសាស្ត្រសើរើនិយម» និងថាមិនមានច្បាប់ប្រឆាំងភាពផ្តាច់មុខមកដាក់ទោស«ក្រុមហ៊ុនដែលជោគជ័យ»ទេ។
លោកស្រីថា WhatsApp និង Instagram បានទទួលជោគជ័យក្រោយ Facebook វិនិយោគប្រាក់រាប់ពាន់លានដើម្បីធ្វើអោយកម្មវិធី(app)ទាំងនេះប្រសើរឡើង៕
នាយកប្រតិបត្តិរបស់Facebookលោក ម៉ាក់ ហ្សាក់ឃឺប៊ឺក ធ្លាប់បានប្រាប់និយោជិតថា Facebook នឹងតស៊ូផ្លូវច្បាប់ប្រឆាំងនឹងការបំបែកក្រុមហ៊ុន