ប្រែសម្រួល : កញ្ញាដាលីស/ហ្សឺណែវ ៖ ប្រមុខអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថា លោកស្រីរំពឹងថារដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកជាប់ឆ្នោតលោកចូ បៃដិន “នឹងប្រសើរជាងមុន” នៅពេលនិយាយដល់សិទ្ធិមនុស្ស និងបានព្រមានអំពីការរួមតូចនៃទំហំប្រជាធិបតេយ្យនៅហុងកុង ដោយនិយាយថា ការិយាល័យរបស់លោកស្រីនឹងឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅទីនោះ។
លោកស្រី មីសែល បាឆេឡេត បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងក្រុងហ្សឺណែវក្នុងសន្និសីទសារព័ត៌មានសង្ខេបឆ្នាំនេះនិងសម្លឹងមើលទៅឆ្នាំ ២០២១។ លោកស្រីបានលើកឡើងអំពីការព្រួយបារម្ភពីវិសមភាព ដែលកើតចេញពីជំងឺរាតត្បាតកូវីដ១៩និងការរើសអើងជាតិសាសន៍ជាប្រព័ន្ធដូចដែលបានបង្ហាញដោយចលនា Black Lives Matter ។
លោកស្រីបាឆេឡេតបានសាទរចំពោះ “ការសន្យាជាបន្តបន្ទាប់” ដោយលោកបៃដិនស្តីពីបញ្ហាដូចជាការបង្កើនចំនួនជនភៀសខ្លួនដែលមកតាំងទីលំនៅថ្មីនៅសហរដ្ឋអាម៉េរិក ការបញ្ឈប់ការសាងសង់ជញ្ជាំងនៅតាមព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក និង “ការផ្លាស់ប្តូរប្រព័ន្ធសិទ្ធិជ្រកកោន”។
លោកស្រីបាននិយាយថា លោកស្រីសង្ឃឹមថាសហរដ្ឋអាម៉េរិកនឹងវិលត្រឡប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សដែលគាំទ្រដោយអ.ស.ប ដែលរដ្ឋបាលត្រាំបានដកខ្លួនចេញនៅពេលមានការចោទប្រកាន់ពីភាពលំអៀងប្រឆាំងអ៊ីស្រាអែល និង ការទទួលស្គាល់ហួសប្រមាណនូវរដ្ឋាភិបាលដែលមានកំណត់ត្រាសិទ្ធិមនុស្សគួរឱ្យស្អប់ខ្ពើម។
លោកស្រីបាឆេឡេតនិយាយថា “សម្រាប់សិទ្ធិមនុស្ស ខ្ញុំគិតថា វា (រដ្ឋបាលរបស់បៃដិន) នឹងកាន់តែល្អប្រសើរខ្លាំងជាងមុន” ដោយកត់សម្គាល់ថា លោកស្រីស្គាល់លោកបៃដិនច្បាស់តាំងពីពេលគាត់នៅជាអនុប្រធានាធិបតីអាម៉េរិក ៕
លោកស្រី មីសែល បាឆេឡេត ប្រមុខអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ