ដោយ: ម៉េងឆៃ/ ភ្នំពេញ: ពិភពលោក ប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ដែលនៅឆ្នាំនេះ ផ្ដោតលើការធានាយ៉ាងណាឱ្យសិទ្ធិមនុស្ស ត្រូវបានចាត់ទុកថា ជាអាទិភាពស្នូលនៃរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីកសាងឡើងវិញឱ្យរឹតតែប្រសើរពីការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩។ចំណែកនៅកម្ពុជា អង្គការសហប្រជាជាតិ បានប្រកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ជាមួយនឹងការផ្ដោតការយកចិត្តទុកដាក់លើសិទ្ធិ ក្នុងការចូលរួមរបស់យុវជនកម្ពុជា។ ប្រធានបទនេះ ឆ្លើយតបចំពោះបំណងប្រាថ្នារបស់យុវជនកម្ពុជា ដែលចង់ចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីកសាងអនាគត ដែលពួកគេចង់បាន។
យ៉ាងណាក៏ដោយ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែត្រូវបានបកស្រាយផ្សេងគ្នារវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។ ក្រុមសកម្មជនខាងសិទ្ធិមនុស្សមួយចំនួន លើកឡើងថា សិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
ម្យ៉ាងទៀត សកម្មជនសង្គមស៊ីវិលមួយចំនួន ក៏លើកឡើងពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានជាអាទិការបំភិតបំភ័យនិងបង្ក្រាបលើក្រុមអ្នកការពារសិទិ្ធមនុស្សនិងសកម្មជនបរិស្ថានវ័យក្មេងជាដើម។
ក្រុមសកម្មជនសិទ្ធិមនុស្សនៅកម្ពុជាបានស្នើសុំឱ្យអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាធានានូវការគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទិ្ធរបស់អ្នកទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ ដែលអ្នកទាំងនោះ រស់នៅ។
ប៉ុន្តែរាជរដ្ឋាភិបាលវិញ យល់ឃើញផ្ទុយពីនេះ។ នោះគឺបើគ្មានសន្តិភាពទេ កុំនិយាយឲ្យសោះពីការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាល ចាត់ទុកថា ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិល និងអតីតគណបក្សប្រឆាំង មិនបង្ហាញពីស្ថានភាពពិតនៅកម្ពុជាឡើយ។
រាជរដ្ឋាភិបាល លើកឡើងថា សិទ្ធិមនុស្ស នៅកម្ពុជា ត្រូវបានការពារដោយច្បាប់ ហើយការដឹកនាំប្រទេស ក៏ពឹងផ្អែកលើច្បាប់ដែរ។ រដ្ឋាភិបាល ពុំបានយកច្បាប់ ទៅកាត់បន្ថយសិទ្ធិប្រជាពលរដ្ឋឡើយ។ ក្នុងនោះ ការចាប់ខ្លួនអ្នកតវ៉ាកន្លងមក ក៏ដោយសារតែអ្នកទាំងនោះ ធ្វើខុសច្បាប់ប៉ុណ្ណោះ។ ម្យ៉ាងការអនុវត្តច្បាប់នេះ ដើម្បីថែរក្សាស្ថិរភាព សន្តិសុខ និងសន្តិភាពសម្រាប់សង្គមកម្ពុជាទាំងមូលតែប៉ុណ្ណោះ។
រូបភាពអនុស្សាវរីយ៍កម្មវិធីសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ នាពេលកន្លងមក!ឆ្នាំនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនបានប្រារព្ធពិធីជួបជុំគ្នាដូចរាល់ឆ្នាំនោះទេ ដោយសារស្ថានភាពខូវីដ១៩(រូបថតផេកលោក ជិនម៉ាលីនរដ្ឋលេខាធិការក្រសួងយុត្តិធម៌)
យ៉ាងណាក៏ដោយ ថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ នៅឆ្នាំនេះ គឺត្រូវបានរាជរដ្ឋាភិបាល ដកចេញពីប្រតិទិនឈប់សម្រាកនៅកម្ពុជា។ នោះគឺមកពីថ្ងៃបុណ្យជាតិច្រើនថ្ងៃពេក នៅកម្ពុជា ដែលក្រុមហ៊ុនអ្នកវិនិយោគ ស្នើសុំរាជរដ្ឋាភិបាល កាត់បន្ថយ។ ក្រៅពីទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ រាជរដ្ឋាភិបាល ក៏បានលុបចោលថ្ងៃបុណ្យជាតិ ៥ថ្ងៃទៀត ដោយអនុវត្តពីឆ្នាំ២០២០នេះតទៅ។
ពិតណាស់ ការចូលរួមរបស់សង្គមស៊ីវិល ប្រៀបបីដូចជាឈាម ដែលទ្រទ្រង់ដល់ជីវិតនៃលទ្ធិប្រជាធិបតេយ្យ និងសង្គម ឱ្យមានភាពរឹងមាំ។ នៅពេលដែលច្រកសង្គមស៊ីវិល មានលំហូរដោយសេរី នោះមានន័យថា គេមានការជជែកវែកញែក ដែលរស់រវើក មានសេរីភាពខាងគំនិត និងមតិយោបល់ ព្រមទាំងមានការចូលរួមរបស់សាធារណជន នៅក្នុងការតាក់តែងគោលនយោបាយ។
ក៏ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល ឲ្យតែសកម្មភាពទាំងឡាយណារបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋ ធ្វើឡើងដោយស្របច្បាប់ នោះមិនមានការរារាំង និងចាប់ខ្លួនឡើយ។ បើសង្គមជាតិ បែកបាក់ មានសង្គ្រាមជាថ្មីនោះ តើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កើតមានតាមរបៀបណា? ដូច្នេះមុននឹងនិយាយដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺដាច់ខាត ត្រូវថែរក្សាសន្តិភាព ដែលធានាដល់សិទ្ធិរស់រានមានជីវិតដំបូងគេ សម្រាប់មនុស្សជាតិយើង៕សរន