ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជនជាតិចិន បីនាក់ ដែលជាប់ពាក់ព័ន្ធ ករណីកាន់កាប់អាវុធ ខុសច្បាប់ បានត្រូវសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០នេះ ដើម្បីចាត់ការបន្ដ តាមនីតិវិធី ។
បុរសជនជាតិចិន ៣ នាក់នេះ គឺជាអ្នកទេសចរ រួមមាន: ទី១-ឈ្មោះ វ័ង ចុងអ៊ី អាយុ៣៣ឆ្នាំ , ទី២-ឈ្មោះ ស៊ូ ភីង អាយុ៣១ឆ្នាំ ពីរនាក់នេះ ស្នាក់នៅសណ្ឋាគារ ប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងទី៣-ឈ្មោះ ជីង អ៊ី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
គួររំលឹកថា នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី កាលពីវេលាម៉ោង ១២និង ១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ៣ នាក់ ករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត នៅមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន រថយន្ត១គ្រឿងម៉ាក ឡុចស៊ីស ៥៧០ ( Lexus 570 ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6666 និងអាវុធខ្លី ១ដើម ម៉ាកឡុក ១៧ ពណ៌ខ្មៅ លេខ 0406 (បង់១ និងគ្រាប់ចំនួន ៨គ្រាប់)៕/V
បញ្ជូនបុរសជនជាតិចិន បីនាក់ ដែលកាន់កាប់អាវុធ ខុសច្បាប់ មកតុលាការ