Home ព័ត៌មានជាតិ សេដ្ឋកិច្ច គិតត្រឹមខែវិច...

គិតត្រឹមខែវិច្ឆិកាកំណាត់ផ្លូវជាតិលេខ៣ពីរង្វង់មូលចោមចៅទៅក្រុងកំពត សម្រេចបាន៨៣%​

ដោយៈសុផល/ ភ្នំពេញ៖គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពតដែល​មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រសម្រេចបាន៨៣%ហើយៗគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។

សូមជម្រាបថា៖កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ បានបើកការដ្ឋានស្ថាបនាសាងសង់នៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨កន្លងទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ។ដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅ មួយគន្លងមក)។
គម្រោងនេះចំណាយ ថវិកាប្រមាណជាង ២១៥លាន ដុល្លារអាម៉េរិកក្រោម ហិរញ្ញប្បទាន សម្បទាន ពីរដ្ឋាភិបាល ចិន រួម ជាមួយ ថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)មាន៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ៤គន្លង(២ទៅ២មក)សួនច្បារកណ្តាល ទទឹង២៤.៥ម និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង(១ទៅ១មក ទទឹង១២ម) ដោយក្រាលបេតុងកៅស៊ូ (AC 70mm)។

នៅពេលកែលម្អរួចរាល់ហើយ ផ្លូវនេះ នឹងចូលរួមចំណែកច្រើនដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល ពិសេសការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗនិងសម្រាប់វិស័យទេសចរណ៍ធ្វើដំណើរទៅកាន់ភូមិភាគទិសនារតីនៃតំបន់សមុទ្រកម្ពុជាផងដែរ។បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនឹងចំណេញ ពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅលេងកំពង់សោម ក៏អាចធ្វើ ដំណើររតាមផ្លូវជាតិនេះបានផងដែរ”។

ផ្លូវជាតិលេខបី (ពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស) គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ ផ្លូវនេះអមដោយឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។ តាមរយៈកំណើន សេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋនិងចក្ខុវិស័យរបស់ខ្លួនជៀសវាងផលវិបាកនានាដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular