Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលយកកាំបិត កាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួស

ដោយៈ សរិទ្ធ/កណ្ដាលៈ ជនសង្ស័យជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀនម្នាក់ បានផឹកស្រាស្រវឹង ស្រែកឡូឡា នៅក្នុងផ្ទះគេ ហើយពេលម្ចាស់ផ្ទះ ឃាត់និងដេញឲ្យចេញពីផ្ទះ ក៏យកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ជាម្ចាស់ផ្ទះ បណ្ដាលឲ្យរងរបួស យ៉ាងដំណំ។ ករណីនេះ បានកើតឡើង កាលពីម៉ោង ៦និង៤០នាទី ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកមុខកំពូល បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ សំអូន រ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំណែកជនរងគ្រោះ ឈ្មោះ ណូត នាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប។ ជនរងគ្រោះ និងជនសង្ស័យ មានទីលំនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

ប្រភពដដែល បានបន្តថាៈ កន្លងមក ជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ធ្វើសកម្មភាព បង្កការអុកឡុក ក្នុងមូលដ្ឋានជាច្រើន លើកច្រើនសា មកហើយ។ លុះមកដល់ថ្ងៃទី៩ ខែធ្នូ វេលាម៉ោង ១០ព្រឹក ជនសង្ស័យ បានផឹកស្រាថ្នាំ នៅផ្ទះរបស់ឈ្មោះ ថា ជាមួយឈ្មោះ រាក់ រហូតដល់ម៉ោង ៦ល្ងាច ក៏បែកផ្លូវគ្នា ដោយជនសង្ស័យ មានសភាពស្រវឹងស្រា បានដើរទៅមុខផ្ទះជនរងគ្រោះ។ ពេលនោះ ជនសង្ស័យ ក៏បានយកមួកសុវត្ថិភាព បោកនៅក្រោមផ្ទះ ជនរងគ្រោះ បែកខ្ទេច ។ ភ្លាមនោះ ជនរងគ្រោះ បានឃាត់ និងឲ្យជនសង្ស័យ ទៅផ្ទះវិញទៅ។ លុះបានមួយសន្ទុះក្រោយមក ជនរងគ្រោះ កំពុងអង្គុយហូបបាយ នៅក្រោមផ្ទះតែម្នាក់ឯង ស្រាប់តែជនសង្ស័យ កាន់កាំបិតខ្វែវ ដើរលបៗ មកពីក្រោយខ្នង ជនរងគ្រោះ ហើយបានកាប់ ជនរងគ្រោះ មួយកាំបិតចំ គន្លាក់ដៃខាងស្ដាំ បណ្ដាលឱ្យមានរបួសធ្ងន់ធ្ងរ ហូរឈាមយ៉ាងខ្លាំង រួចហើយជនសង្ស័យក៏គេចខ្លួនបាត់ទៅ ។ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារ ដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ បន្ទាប់មក ក្រុមគ្រួសាររបស់ជនរងគ្រោះ បានប្ដឹងសមត្ថកិច្ចនគរបាល ព្រែកអញ្ចាញ និងកម្លាំងនគរបាលស្រុក ដើម្បីឱ្យជួយស្រាវជ្រាវ រហូតចាប់ខ្លួនបាន នាំយកមកអធិការដ្ឋាននគរបាល ស្រុកមុខកំពូល ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular