បង្គោលភ្លើង និងសំណង់ មិនរាបរយ លើមហាវិថី ៣០ ម៉ែត្រ មិនទាន់បានដោះស្រាយ

ដោយៈ ប.ខុន/ភ្នំពេញៈ ការសាងសង់មហាវិថីថ្មី ៣០ ម៉ែត្រ ភ្ជាប់ចរាចរពីផ្លូវលេខ១០០៣ ទៅមហាវិថីឈ្នះឈ្នះ ដែលសម្រេចលទ្ធផល បានប្រមាណជា ៤០ ភាគរយហើយ  នៅសល់បញ្ហា មិនទាន់បានដោះស្រាយ ដូចជា សំណង់មិនរាបរយ នៅលើទ្រូងផ្លូវ និងបង្គោលភ្លើងធំៗ មិនទាន់បានរំកិលចេញ ពីលើផ្លូវដែលត្រូវពង្រីក។

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថាៈ បញ្ហាដែលនឹងត្រូវដោះស្រាយបន្ត លើគម្រោងស្ថាបនា មហាវិថី៣០ម៉ែត្រ គឺសំណង់មិនរាបរយ មាននៅលើផ្លូវនេះ ដែលមិនទាន់ឱកាស ប្រជុំពិភាក្សា ដើម្បីរកដំណោះស្រាយបាន ដោយសារបញ្ហាកូវីដ និងបញ្ហាថវិកា។

ចំណែកឯបញ្ហាបង្គោលភ្លើងធំៗ មាននៅសងខាងមហាវិថី ដែលកំពុងសាងសង់នេះ លោកកើត ឆែ បានបញ្ជាក់ថាៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទៅខាង អង្គភាពពាក់ព័ន្ធ ឱ្យគេរំកិលចេញ ពីលើផ្លូវ ត្រូវពង្រីកនោះហើយ ។ ទោះបីការងារខាងលើ មិនទាន់បានដោះស្រាយ យ៉ាងណា ក៏ការសាងសង់ផ្លូវនេះ មិនមានការរាំងស្ទះដែរ គឺធ្វើនៅកន្លែង ដែលគ្មានផលប៉ះពាល់។

លោក ប្រាជ សីហា អភិបាលរងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១០ ខែធ្នូ នេះថាៈ សំណង់មិនរាបរយ នៅលើទ្រូងផ្លូវ ប្រឡាយ ដែលរដ្ឋបាលរាជភ្នំពេញ កំពុងដំណើរការសាងសង់ មហាវិថី ៣០ ម៉ែត្រនេះ រដ្ឋបាលខណ្ឌ បានស្រង់ស្ថិតិរួច ឃើញមានចំនួន ២១០ ខ្នងផ្ទះ (ផ្ទះតូចៗ) តែមិនទាន់មានគោលការណ៍ ត្រូវធ្វើយ៉ាងណា បន្តទៀតនៅឡើយទេ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង កាលពីពេលកន្លងទៅថ្មីនេះថាៈ ការសាងសង់ និងពង្រីកមហាវិថី ៣០ ម៉ែត្រ តភ្ជាប់ចរាចរណ៍ ពីរុក្ខវិថីអង្គរភ្នំពេញ (ពីផ្លូវ១០០៣) ទៅដល់មហាវិថីឈ្នះឈ្នះ  នៅខាងលិចរង្វង់មូល គល់ស្ពានព្រែកព្នៅ មកដល់ថ្ងៃនេះ (ខែធ្នូ) សម្រេចបានលទ្ធផល ប្រមាណជា ៤០ ភាគរយនៃគម្រោងហើយ ។ 

មហាវិថីថ្មីនេះ នឹងជួយដោះស្រាយបាននូវ បញ្ហាកកស្ទះចរាចរណ៍ នៅភាគខាងជើង រាជធានីភ្នំពេញ  ជាមហាវិថីភ្ជាប់ទៅដោយផ្លូវធំៗ នៃតំបន់លំនៅដ្ឋាន កំពុងមានការអភិវឌ្ឍ។ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងដោះស្រាយសំណង់ មិនរាបរយ មាននៅលើផ្លូវនេះ ដើម្បីពន្លឿនការសាងសង់ផ្លូវ ដែលមានសួនច្បារ នៅកណ្តាល និងភ្លើងបំភ្លឺផ្លូវ នៅចំកណ្តាលនេះ ឱ្យបានហើយរួចរាល់ តាមគម្រោងទុក។

គួររំលឹកឱ្យដឹងថា មហាវិថី ៣០ ម៉ែត្រនេះ បានបើកការដ្ឋាន សាងសង់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការគាំទ្រថវិកា ពីសប្បុរសជន ជាម្ចាស់បុរី នៅអមសងខាងមហាវិថីនេះ គឺចាប់ពីបុរីអង្គរភ្នំពេញ ទៅដល់មហាវិថីឈ្នះឈ្នះ។

មហាវិថី ៣០ ម៉ែត្រថ្មីនេះ  មានប្រវែង ៥.៨៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ នៅក្នុងគម្រោង ដែលកំពុងអនុវត្ត ត្រូវចាក់បេតុងឆ្អឹងដែក កម្រាស់ ០,២០ ម៉ែត្រ មានចិញ្ចើម ម្ខាង២ម៉ែត្រ មានលូនៅសងខាង ដោយម្ខាងទំហំ ០,៨០ ម៉ែត្រ មានសួនច្បារនៅកណ្តាល ២ ម៉ែត្រ បង្គោលភ្លើងបំភ្លឺផ្លូវ នៅចំកណ្តាល សាច់ផ្លូវម្ខាង ១២ ម៉ែត្រ  មានភ្លើងស្តុប ៤ កន្លែង និងទទួលខុសត្រូវ សាងសង់ ដោយក្រុមហ៊ុនជីបម៉ុង គ្រោងសាងសង់ឱ្យរួចរាល់ រយៈពេល ៦ខែ បន្ទាប់ពីថ្ងៃបើកការដ្ឋាន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular